រាជធានីភ្នំពេញ ៖ កម្លាំងអាជ្ញាធរខណ្ឌពោធិ៍សែនជ័យបានចុះធ្វើការកាត់ទម្លាក់ស្លាកយីហោ តាមបណ្ដាហាងលក់ដូរ និងភោជនីយដ្ឋាននានាដែលល្មើសទៅនឹងគោលការរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៃព្រះរាជណាចក្រកម្ពុជា ។ ដោយស្លាកយីហោហាងទាំងនោះមួយចំនួនបានសរសេរតែអក្សរចិន ឬអក្សរអង់គ្លេសសុទ្ធ គ្មានអក្សរខ្មែរ ឬមានអក្សរខ្មែរដែរប៉ុន្តែនៅពីក្រោមអក្សរបរទេសជាដើម ។
ជាពិសេសការលើកតម្លើងដាំបង្គោលស្លាកយីហោរំលោភលើចិញ្ចើមផ្លូវសាធារណៈបែបអនាធិបតេយ្យគ្មានសណ្ដាប់ធ្នាប់តែម្ដង ។ ប្រតិបត្តិការនេះបានធ្វើឡើង ជាបន្តបន្ទាប់ច្រើនថ្ងៃកន្លងមកហើយ ដោយឡែកនៅវេលាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ កម្លាំងខាងលើបានចុះកាត់នៅតាមផ្លូវបេតុង ស្ថិតនៅក្នុងបុរីព្រីលោកប៉ាង លីដា អភិបាលរង ខណ្ឌពោធិសែនជ័យ បានឲ្យដឹងថា ពលរដ្ឋម្ចាស់ទីតាំងត្រូវមានស្មារតី ដើម្បីចូលរួមសហការសណ្តាប់ធ្នាប់ បរិស្ថាន ដើម្បីសោភ័ណ្ឌភាពក្នុងមូលដ្ឋាន ជៀសវាងយកស្លាក់យ៊ីហោ មកដាក់រំលោភលើចំណីផ្លូវ ស្លាកសរសេរខុសប្រក្រតី មានតែអក្សរចិន អក្សរខ្មែរ មិនមានខុសពីគោលការណ៍របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ។
អាជ្ញាធរខណ្ឌពោធិ៍សែនជ័យបានឲ្យដឹងថា នេះ គឺជាការរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវសាធារណៈគ្រប់ផ្លូវទាំងអស់នៅទូទាំងខណ្ឌ ជាពិសេសតម្រូវឲ្យម្ចាស់ហាងលក់ដូរ និងភោជនីយដ្ឋានទាំងអស់ដែលបានចូលមកស្នាក់នៅរកស៊ីនៅក្នុងខណ្ឌពោធិ៍សែនជ័យ ។ ត្រូវតែគោរពច្បាប់ព្រះរាជាណាចក្រកម្ពុជាក៏ដូចជា គោលការណ៍របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈដែលមិនអនុញ្ញាតឲ្យមានការលើកស្លាកយីហោដែលមានសរសេរអក្សរខុស ឬសរសេរអក្សរបរទេសគ្មានអក្សរខ្មែរ និងមានអក្សរខ្មែរដែរតែនៅពីក្រោមអក្សរបរទេសនោះឡើយ ។ ប្រភពដដែលបានបន្តទៀតថា ក្នុងពេលកន្លងមកនេះបានរកឃើញស្លាកយីហោហាងជាច្រើន ស្ថិតនៅតាមបណ្ដាផ្លូវនានាទូទាំងខណ្ឌដែលល្មើស គឺសរសេរអក្សរបរទេសអត់មានអក្សរខ្មែរសូម្បី១តួឡើយ ។
ជាពិសេសភាគច្រើនមានតែអក្សរចិនតែម្ដង ព្រមទាំងលើកដាំរំលោភលើចិញ្ចើមផ្លូវរឹងទទឹងទៅ និងការណែនាំរបស់អាជ្ញាធរថែមទៀតផង ។ ដូច្នេះទើបរយៈពេលប៉ុន្មានថ្ងៃនេះត្រូវបានកម្លាំងចុះកាត់ទម្លាក់ចេញជាបន្តបន្ទាប់ ក្នុងនោះដែរអាជ្ញាធរបានធ្វើការណែនាំឲ្យម្ចាស់ហាងទាំងនោះត្រូវតែគោរពច្បាប់ ។ ការលើកស្លាកត្រូវតែសរសេរអក្សរឲ្យបានត្រឹមត្រូវតាមអក្ខរាវិរុទ្ធរបស់ខ្មែរមិនត្រូវតម្លើងស្លាកយីហោខុសបន្តទៀតឡើយ ។ ម្យ៉ាងទៀតមុន និងតម្លើងស្លាកយីហោត្រូវតែសុំច្បាប់ឲ្យបានត្រឹមត្រូវសិន ហើយក្នុងករណីមិនព្រមស្ដាប់នៅតែបន្តល្មើសទៀត និងត្រូវប្រឈមមុខចំពោះផ្លូវច្បាប់ ឬបិទហាងឈប់ឲ្យដំណើរការតែម្ដង ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ