ប្រទេសវេណេស៊ុយអេឡា ៖ ប្រធានាធិបតីវេណេស៊ុយអេឡា លោកនីកូឡាស់ម៉ាឌូរ៉ូកាលពីថ្ងៃទី៧មិថុនា បានចេញបញ្ជាឲ្យបើកព្រំដែនជាមួយកូឡុំប៊ី ក្នុងរដ្ឋTACHIRAភាគខាងលិចប្រទេសឡើងវិញ ដែលនៅតំបន់ព្រំដែននោះ សហគមន៍អន្តរជាតិបានប្រមូលផ្ដុំជំនួយមនុស្សធម៌ជាច្រើន ដែលក្រុងការ៉ាកាស់បដិសេធ។
តាមTWITTERប្រមុខរដ្ឋរូបនោះគូសបញ្ជាក់ថា យោងតាមការអនុវត្តពេញលេញអធិបតេយ្យភាពរបស់យើង ខ្ញុំចេញបញ្ជាឲ្យបើកច្រកព្រំដែនជាមួយកូឡុំប៊ីឡើងវិញក្នុងរដ្ឋTACHIRA ចាប់ពីថ្ងៃទី៨មិថុនាទៅ។ មេដឹកនាំរូបនោះពុំបានបញ្ជាក់ថា តើបណ្ដាស្ពាននៅព្រំដែន នឹងអនុញ្ញាតសម្រាប់ឲ្យមានការដឹកជញ្ជូនដែរឬយ៉ាងណាឡើយ ក្រោយពីហាមឃាត់ចាប់តាំងពីខែសីហាឆ្នាំ២០១៥ បន្ទាប់ពីទាហានវេណេស៊ុយអេឡា២នាក់រងរបួសដោយសារពួកមេខ្យល់មក។
លោកម៉ាឌូរ៉ូធ្លាប់បានចេញបញ្ជាឲ្យបិទទាំងស្រុង ព្រំដែនគោកជាមួយប្រេសីុលនិងកូឡុំំប៊ីព្រមទាំងព្រំដែនសមុទ្រនិងអាកាស ជាមួយប្រជុំកោះANTILLESហូឡង់កាលពីខែកុម្ភៈ ប៉ុន្មានថ្ងៃមុនការប្រកាសពីការបញ្ជូនជំនួយមនុស្សធម៌អាមេរិកពីទីនោះមក ដែលគ្រោងនាថ្ងៃទី២៣កុម្ភៈ។ កងទ័ពគាំទ្រលោកម៉ាឌូរ៉ូបានរាំងខ្ទប់ស្ពានព្រំដែនទាំងឡាយ ហើយរារាំងមិនឲ្យជំនួយដឹកចូល នាំឲ្យផ្ទុះបាតុកម្មរបស់ពួកប្រឆាំងបណ្ដាលឲ្យមនុស្សស្លាប់៧នាក់។
មេដឹកនាំប្រឆាំងប្រទេសនេះ លោកJUAN GUAIDO ដែលប្រកាសខ្លួនឯងជាប្រមុខរដ្ឋស្ដីទី លោកJUAN GUAIDO ចង់ឲ្យជំនួយស្បៀងនិងថ្នាំពេទ្យត្រូវបានបញ្ជូនមកក្នុងប្រទេស ដែលធ្លាក់ក្នុងវិបត្តិសេដ្ឋកិច្ចនិងសង្គមធ្ងន់ធ្ងរ។ ចំណែកលោកម៉ាឌូរ៉ូដែលនិយាយថា វេណេស៊ុយអេឡារងគ្រោះដោយសារសង្គ្រាមសេដ្ឋកិច្ចពីសំណាក់សហរដ្ឋអាមេរិកយល់ថា ជំនួយនោះគ្រាន់ជាការបិទបាំង សម្រាប់ការលុកលុយរបស់បរទេសតែប៉ុណ្ណោះ។
នាថ្ងៃទី១០ឧសភារដ្ឋាភិបាលវេណេស៊ុយអេឡា បានសម្រេចរួចហើយបើកព្រំដែនគោកជាមួយប្រេស៊ីលនិងផ្លូវសមុទ្រជាមួយប្រទេសអារូបាប៉ុន្តែពុំមែន ជាមួយប្រជុំកោះះANTILLES របស់ហូឡង់ កោះBONAIREនិងCURACAOឡើយ។ ទំនាក់ទំនងរវាងវេណេស៊ុយអេឡានិងកូឡុំប៊ី ដែលមានព្រំដែនជាប់គ្នាប្រវែងដល់ទៅ២.២១៩គីឡូម៉ែត្រ ត្រូវកាត់ផ្ដាច់កាលពីថ្ងៃទី២៣កុម្ភៈ បន្ទាប់ពីប្រធានាធិបតីកូឡុំប៊ី លោកIVAN DUQUEផ្ដល់ការគាំទ្រចំពោះលោកJUAN GUAIDO។
ពលរដ្ឋវេណេស៊ុយអេឡាជាច្រើនបានលើកគ្នាឆ្លងកាត់ព្រំដែនចូលកូឡុំប៊ី ដោយខុសច្បាប់រៀងរាល់ថ្ងៃ ដើម្បីមករករបស់របរចាំបាច់នានា ព្រោះតែការខ្វះខាតខ្លាំងក្នុងប្រទេស៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ