រាជធានីភ្នំពេញ ៖ ស្ថិតក្នុងបរិបទការប្រើប្រាស់បច្ចេកវិទ្យាមានការរីកចម្រើននៅក្នុងវិស័យមូលបត្រទាំងនៅកម្រិតថ្នាក់តំបន់ និងសកលលោកនោះ បច្ចុប្បន្នប្រទេសកម្ពុជាបាននឹងកំពុងតែបោះជំហ៊ាន ឬរៀបចំបទបញ្ញាត្តិធ្វើការគ្រប់គ្រងការជួញដូរទ្រព្យឌីជីថលនាពេលខាងមុខ ខណៈដែលប្រទេសជិតខាង ឬក្នុងតំបន់មួយចំនួនបានរៀបចំបទប្បញ្ញតិ្តគ្រប់គ្រងការជួញដូរទ្រព្យឌីជីថលរួចរាល់ ។
លោក សុខ ដារ៉ា អគ្គនាយករងគណៈកម្មការមូលបត្រកម្ពុជាមានប្រសាសន៍ថា
«បច្ចុប្បន្ននេះយើងកំពុងស្ថិតនៅក្នុងការប្រមូលធាតុចូលបន្ត ព្រោះនៅពេលយើងរៀបចំថ្ងៃមុន ជាកិច្ចពិគ្រោះយល់ជាសាធារណៈទៅលើសេចក្តីព្រាងប្រកាសស្តីពីការគ្រប់គ្រង ផ្តល់អាជ្ញាបណ្ណ ការជួញដូរទ្រព្យឌីជីថលពីភាគីពាក់ព័ន្ធ»។ លោកបានបន្តថា រាល់ធាតុចូលទាំងអស់ដែលនឹងកំពុងទទួលបានបន្ថែមនេះស្ថិតក្នុងដំណាក់កាលត្រួតពិនិត្យមើលទៅលើចំណុចមួយចំនួនត្រូវកែលម្អបែបណា មុនដាក់ជូនគណៈកម្មការមូលបត្រកម្ពុជាពិនិត្យសម្រេច ថាតើគួរឱ្យដាក់ឱ្យអនុវត្តសេចក្តីប្រកាសនេះ ឬក៏ធ្វើការកែសម្រួលចំណុចណាខ្លះ ។
លោកសុខ ដារ៉ា បានបញ្ជាក់ថា «យើងមាននីតិវិធី និងដំណាក់កាលរបស់យើង។ នៅពេលយើងបូកសរុប ឬដាក់បញ្ជូលធាតុចូលរួចហើយយើងនឹងដាក់ចូលកិច្ចប្រជុំគណៈកម្មការមូលបត្រកម្ពុជាធ្វើកាពិនិត្យមើលបន្ថែម មុនដាក់ឱ្យអនុវត្តសេចក្តីប្រកាសនេះនៅតាមក្រោយ»។ លោកបានលើកឡើងថា ថ្នាក់ដឹកនាំគណៈកម្មការមូលបត្រកម្ពុជាគូសបញ្ជាក់ពីមុនមកហើយថា នេះជានិន្នាការនៅក្នុងតំបន់ និងពិភពលោកស្ថិតក្នុងដំណាក់កាលមួយនៃការប្រើប្រាស់បច្ចេកវិទ្យាក្នុងទីផ្សារមូលបត្រ ។ កាលពីកិច្ចប្រជុំមួយទៅទីក្រុងបាកកប្រទេសថៃ នាខែមេសាកន្លងទៅនេះកិច្ចប្រជុំបានលើកឡើងទៅដល់អាជ្ញាធរ ឬនិយ័តករពាក់ព័ន្ធនៅក្នុងវិស័យមូលបត្រនេះត្រូវការមានកិច្ចសហការគ្នា ឬផ្តោតការយកចិត្តទុកដាក់ទៅលើការគ្រប់គ្រង អភិវឌ្ឍទៅផ្នែកទ្រព្យឌីជីថលនេះ ។
ស្ថិតក្នុងនិន្នាការតំបន់នេះគណៈកម្មការមូលបត្រកម្ពុជាបានសិក្សាប្រមូលធាតុចូល រៀបចំបទប្បញ្ញត្តិគ្រប់គ្រង និងផ្តល់អាជ្ញាបណ្ណអាជីវកម្មជួញដូរទ្រព្យឌីជីថលនេះ ។
បើតាមលោកអគ្គនាយករង ការរៀបចំប្រមូលធាតុចូលនេះសម្រាប់កម្ពុជាមិនមែនជាប្រទេសថ្មីនៅក្នុងក្របខណ្ឌអាស៊ាននោះទេ ព្រោះប្រទេសសមាជិកអាស៊ានមួយចំនួនបានគេបានសិក្សាហើយប្រទេសថៃគេថែមទាំងបានចេញជាច្បាប់សម្រាប់គ្រប់គ្រងទៅលើការជួញដូរទ្រព្យឌីជីថលនេះ ។ ទន្ទឹមនឹងគណៈកម្មការមូលបត្រ និងភាគីពាក់ព័ន្ធប្រមូលធាតុចូលរៀបចំបទប្បញ្ញត្តិគ្រប់គ្រង់ការជួញដូរទ្រព្យឌីជីថលនេះ លោកអគ្គនាយករងមានប្រសាសន៍ថា «ក្នុងជំហ៊ានដំបូងនៅលើទីផ្សារយើង គឺធ្វើការជួញដូររវាងទ្រព្យឌីជីថល និងទ្រព្យឌីជីថល ។ ចំណុចនេះគឺជាការវិវដ្ដថ្មីមួយទៀតនៃទីផ្សារផង និងការជួញដូរឧបករណ៍ថ្មីៗក្នុងវិស័យមូលបត្រ»។
យោងតាមសេចក្តីប្រកាសព្រាងស្តីពីការផ្តល់អាជ្ញាបណ្ណ និងការគ្រប់គ្រងអាជីវកម្មទ្រព្យឌីជីថល បង្ហាញថា ប្រកាសនេះមានគោលបំណងគ្រប់គ្រង រាល់ប្រតិបត្តិការអាជីវកម្មទ្រព្យឌីជីថល ក្រុមហ៊ុន និងភ្នាក់ងារដែលទទួលបានអាជ្ញាបណ្ណ ការអនុញ្ញាតធ្វើអាជីវកម្មទ្រព្យឌីជីថល ព្រមទាំងបុគ្គលពាក់ព័ន្ធប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងភាពជឿទុកចិត្តបាន ។ សេចក្តីប្រកាសព្រាង ដែលមាន៩ ជំពូក៦៦ប្រការ និងមាន២៦ទំព័របានកំណត់ថា ទ្រព្យឌីជីថល (Digital Asset) សំដៅដល់ឯកតាទិន្នន័យអេឡិចត្រូនិកដែលត្រូវបានបង្កើតឡើងក្នុងប្រព័ន្ធ ឬបណ្តាញអេឡិចត្រូនិក ដែលភ្ជាប់នូវកិច្ចសន្យាឆ្លាតវៃ ឬកិច្ចសន្យាក្នុងទម្រង់ផ្សេងទៀតរវាងអ្នកកាន់កាប់ទ្រព្យឌីជីថល និងសមភាគី ។ ទ្រព្យឌីជីថលទាំងនេះគឺជាឧបករណ៍ហិរញ្ញវត្ថុដែលជាប្រភេទនៃមូលបត្រ ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ