ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ទូទាត់​តាម​ឌី​ជី​ថ​ល​មធ្យោបាយ​ថ្មី​មួយ​សម្រាប់​កម្ពុជា​មាន​កំណើន​ប្រមាណ​ជាង​៤០​ភាគរយ​ក្នុង​មួយ​ឆ្នាំ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​ការ​សិក្សា​មួយ​ដែល​ចេញផ្សាយ​កាលពី​ពេល​ថ្មី​ៗ​នេះ​បាន​ឲ្យ​ដឹង​ថា កំណើន​នៃ​ការ​ចាប់អារម្មណ៍​ការ​ទូទាត់​ប្រាក់​តាម​រយៈ​បច្ចេកវិទ្យា​ឌី​ជី​ថ​ល (Visa Cards) នៅ​កម្ពុ​ជានា​ពេល​បច្ចុប្បន្ន​នេះ​ត្រូវ​បាន​សន្មត់​ថា​មាន​កំនើន​ប្រមាណ ៤៣​ភាគរយ​ក្នុង​មួយ​ឆ្នាំ ដែល​នឹង​ធ្វើ​អោយ​ការ​ទូទាត់​នេះ​ក្លាយជា​មធ្យោបាយ​ថ្មី​មួយ​សម្រាប់​ប្រជាជន​កម្ពុជា ។…

រាជធានី​ភ្នំពេញ ៖ យោង​តាម​ការ​សិក្សា​មួយ​ដែល​ចេញផ្សាយ​កាលពី​ពេល​ថ្មី​ៗ​នេះ​បាន​ឲ្យ​ដឹង​ថា កំណើន​នៃ​ការ​ចាប់អារម្មណ៍​ការ​ទូទាត់​ប្រាក់​តាម​រយៈ​បច្ចេកវិទ្យា​ឌី​ជី​ថ​ល (Visa Cards) នៅ​កម្ពុ​ជានា​ពេល​បច្ចុប្បន្ន​នេះ​ត្រូវ​បាន​សន្មត់​ថា​មាន​កំនើន​ប្រមាណ ៤៣​ភាគរយ​ក្នុង​មួយ​ឆ្នាំ ដែល​នឹង​ធ្វើ​អោយ​ការ​ទូទាត់​នេះ​ក្លាយជា​មធ្យោបាយ​ថ្មី​មួយ​សម្រាប់​ប្រជាជន​កម្ពុជា ។

តាម​រយៈ​ការ​សិក្សា​នេះ បាន​រក​ឃើញ​ថា ប្រជាពលរដ្ឋ​កម្ពុជា​ប្រហែល​១/៣ រំពឹង​ថា​ការ​ទូទាត់​ប្រាក់​តាម​រយៈ​ប្រព័ន្ធ​ឌី​ជី​ថ​ល​នឹង​មាន​ប្រជាប្រិយភាព ដោយសារ​តែ​វា​មាន​ភាព​ងាយស្រួល​និង​សុវត្ថិភាព បើ​ប្រៀបធៀប​ជាមួយនឹង​ការ​ប្រើ​សាច់ប្រាក់​សុទ្ធ ហើយ​ទន្ទឹម​នឹង​នោះ​ដែរ ប្រជាជន​កម្ពុជា​ប្រមាណ​៥៤​ភាគរយ ជឿជាក់​ថា​សេដ្ឋកិច្ច​នឹង​រីក​ចម្រើន​វិ​វត្ត​ទៅ​ដោយ​មិន​ចាំបាច់​ប្រើ​សាច់ប្រាក់​សុទ្ធ​នៅ​ក្នុង​រយៈពេល​៧​ឆ្នាំ​ខាង​មុខ​នេះ ។

យ៉ាងណាមិញ​ការ​សិក្សា​ដោយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ទូទាត់​សាច់ប្រាក់ តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច មួយ​នៅ​កម្ពុជា​ឈ្មោះ​ថា វី​សា ដែល​ចេញផ្សាយ​ការ​សិក្សា​របស់​ខ្លួន​កាលពី​ថ្ងៃ​ទី​៦ ខែមិថុនា នេះ​មិន​បាន​បញ្ជាក់​ជូន​នូវ​ចំនួន​ប៉ាន់​គម្រូ​ថា​មាន​អ្នក​មនុស្ស​ប៉ុន្មាន​នាក់​ត្រូវ​បាន​សាកសួរ​សម្រាប់​ការ​សិក្សា​នេះ​ទេ តែ​ការ​សិក្សា​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​ឆ្នាំ ២០១៨ កន្លង​ទៅ​។ យ៉ាងណាមិញ ទិន្នន័យ​នេះ បាន​មក​ពី​ការ​ប្រៀបធៀប​លើ​ការ​ចំណាយ​រវាង​ឆ្នាំ​២០១៧ ដល់​ឆ្នាំ​២០១៨ យោង​លើ​ការ​សិក្សា​ស្រាវជ្រាវ អំពី​ឥរិយា​បទ​ក្នុង​ការ​បង់ប្រាក់ របស់​អតិថិជន​ប្រើប្រាស់​វី​សា​កាត ក្នុង​ឆ្នាំ​២០១៨​។

អ្នកស្រី ជុំ ម៉ូ​នី​កា នាយិកា​គ្រប់គ្រង​ក្រុមហ៊ុន​វី​សា​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ប្រជាជន​កម្ពុជា​មាន​សុ​ទិ​ដ្ឋ​និយម​ចំពោះ​វិស័យសេដ្ឋកិច្ច ដោយ​យោង​ទៅ​លើ​ការ​ព្យាករណ៍​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី ថា​មាន​កំណើន​៧​ភាគរយ ក្នុង​ឆ្នាំ ២០១៩​នេះ និង​មានការ​ថយ​ចុះ​ក្រោម​៧​ភាគរយ​បន្តិច​នៅ​ឆ្នាំ ២០២០ ។ អ្នកស្រី​បន្ត​ថា ដោយសារ​តែ​ជំហរ​នៃ​កំណើន​ដ៏​រឹង​មាំ​នេះ បាន​ធ្វើ​អោយ​យើង​មានការ​រំពឹង​ទុក​ថា​ប្រព័ន្ធ​នៃ​ការ​ទូទាត់​ប្រាក់​របស់​ប្រទេស​កម្ពុជា នឹង​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​។ ប្រជាជន​កម្ពុជា​ក៏​កំពុង​បង្ហាញ អំពី​សន្ទុះ​នៃ​ការ​ទទួលយក​បច្ចេកវិទ្យា​ទូទាត់​ប្រាក់​បែប​ថ្មី​នេះ​ផង​ដែរ​។ តាម​រយៈ​ការ​ស្រាវជ្រាវ បាន​បង្ហាញ​ថា ២៤​ភាគរយ នៃ​អ្នក​ដែល​ត្រូវ​បាន​ស្ទង់​មតិ ចាប់អារម្មណ៍​ទៅ​លើ​ការ​ទូទាត់​តាម​រយៈ​ទូរស័ព្ទ​ដៃ ដោយ​ក្នុង​នោះ ១/៣ មាន​ចំណាប់អារម្មណ៍ ចំពោះ​ការ​បង់ប្រាក់​ដែល​មិន​ចាំបាច់​ប្រើ​ក្រដាស់ប្រាក់សុទ្ធ ។

អ្នកស្រី​បន្ថែម​ថា មួយ​ភាគ​បី​នៃ​ប្រជាជន​កម្ពុជា ក៏​បាន​បង្ហាញ​អំពី​ការ​ចាប់អារម្មណ៍ ក្នុង​ការ​ទូទាត់​ប្រាក់​តាម​រយៈ​ការ​ស្កែ​ន QR Code ដែរ​ជា​សេវាកម្ម​បច្ចេកវិទ្យា​ថ្មី​បំផុត បាន​បើក​ដំណើរការ​ក្នុង​ភាព ជា​ដៃគូរ​ជាមួយ​ធនាគារ​ជា​ច្រើន​ដោយ​ក្រុមហ៊ុន​វី​សា នៅ​កម្ពុជា កាលពី​ចុងឆ្នាំ​មុន ។ មក​ដល់​ពេល​នេះ ការ​ទូទាត់​ប្រាក់​រយៈ QR ត្រូវ​បាន​គេ​ទទួលស្គាល់​នៅ​ក្នុង​ហាង​ទំនិញ​ចំនួន​១៣២៦​កន្លែង ដែល​ចំនួន​នេះ កើនឡើង​ទ្វេរ​ដង​បើ​ប្រៀបធៀប​ជាមួយនឹង​ចំនួន​ហាង​ទំនិញ​នៅ​ពេល​ដែល​បច្ចេកវិទ្យា​នេះ ទើប​ដាក់​ដំណើរការ ។
បើ​តាម​លោក​បណ្ឌិត​អ៊ិ​ន ចាន់​នី ប្រធាន​សមាគម​ធនាគារ​កម្ពុជា និង​ជា​ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ អេ​ស៊ី​លី​ដា​ភី​អិ​ល​ស៊ី ក៏​បាន​មាន​ប្រសាសន៍​ផង​ដែរ​ថា ការ​ទូទាត់​តាម​បច្ចេកវិទ្យា គឺ​ពិតជា​ជួយ​ព​ន្លឿ​ន​ការងារ​ជា​ច្រើន​ដល់​អ្នក​ប្រើប្រាស់​ជាក់ស្ដែង អ្នក​ប្រើប្រាស់​អាច​ទូទាត់ ឬ​ផ្ញើ​ប្រាក់​ទៅ​វិញ​ទៅ​មក​ដោយ​មិន​ចាំបាច់​ជួប​គ្នា​ឡើយ គ្រាន់តែ​មាន​ស្មា​ត​ហ្វូ​ន​មួយ​ក្នុង​ដៃ​ប៉ុណ្ណោះ ។ ការ​ទូទាត់​ដោយ​មិន​ប្រើ​សាច់ប្រាក់​សុទ្ធ ក៏​អាច​រក្សា​ភាព​ថ្មី​នៃ​ប្រាក់​របស់​យើង​បាន​យូរ​ផង​ដែរ ហើយ​ធនាគារជាតិ​ក៏​មិន​ចាំបាច់​បោះពុម្ព​ប្រាក់​បន្ថែម​ទៀត​ដែរ ។

គួរ​បញ្ជាក់​ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​កំណត់​យក​ការ​អភិវឌ្ឍន៍​វិស័យ​ឌី​ជី​ថ​ល​សម្រាប់​ដំណើរការ​សេដ្ឋកិច្ច ដែល​ត្រូវ​ថា​សេដ្ឋកិច្ច​ឌី​ជីថ​ល ហើយ​រដ្ឋាភិបាល​ក៏​បាន​ជំរុញ​អោយ​វិស័យ​ឯកជន និង​សាធារណៈ ដើម្បី​ពង្រឹង​និង​ពង្រីក​វិស័យ​បច្ចេកវិទ្យា​អោយ​កាន់តែ​ទូលំទូលាយ​។ នៅ​ពេល​បច្ចុប្បន្ន​នេះ ដែរ​គេ​សង្កេត​ឃើញ​ថា រាល់​បណ្ដា​ក្រុមហ៊ុន​ហិរញ្ញវត្ថុ ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​នានា បាន​ពង្រឹង​នូវ​សេវាកម្ម​ឌី​ជី​ថ​ល​របស់​ខ្លួន ដើម្បី​ផ្ដល់​ជូន​អតិថិជន​ប្រើប្រាស់ និង​ងាក​មក​ប្រើប្រាស់​បច្ចេកវិទ្យា​កាន់តែ​ច្រើន​ផង​ដែរ ៕កែសម្រួលដោយ ៖សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ