ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភូមិសាស្ត្រ​តំបន់​មុំ​៣​នៃ​ប្រទេស​ទាំង​៣​មិនសូវ​មាន​អ្នក​ស្គាល់

4 ឆ្នាំ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ៖ មុំ​បី​ជា​តំបន់​ច្រមុះ​ព្រំប្រទល់​នៃ​ប្រទេស​កម្ពុជា ថៃ និង​ឡាវ មាន​ទីតាំង​ស្ថិត​នៅ​លើ​ដងភ្នំ​រែក មាន​ខេត្តព្រះវិហារ​(​កម្ពុជា​) ខេត្ត​អ៊ូ​ប៊ុ​ន​(​ថៃ​) និង​ខេត្ត​ចំប៉ា​សាក់ (​ឡាវ​)…

ខេត្តព្រះវិហារ ៖ មុំ​បី​ជា​តំបន់​ច្រមុះ​ព្រំប្រទល់​នៃ​ប្រទេស​កម្ពុជា ថៃ និង​ឡាវ មាន​ទីតាំង​ស្ថិត​នៅ​លើ​ដងភ្នំ​រែក មាន​ខេត្តព្រះវិហារ​(​កម្ពុជា​) ខេត្ត​អ៊ូ​ប៊ុ​ន​(​ថៃ​) និង​ខេត្ត​ចំប៉ា​សាក់ (​ឡាវ​) ហើយ​ក៏​ជា​ខេត្ត​ដែល​មានទឹក​ទន្លេមេគង្គ​ឆ្លងកាត់​ខេត្ត​ទាំងនេះ​ផង​ដែរ​បន្ត​ធ្លាក់​ទៅ​ខេត្តស្ទឹងត្រែង​បន្ត​ទៀត ។

នៅ​លើ​ខ្នងភ្នំ​នៃ​ចំណុច​នោះ​តំណាង​ប្រទេស​ទាំង​បី​បាន​រួមចិត្ត រួមគំនិត​គ្នា​កសាង​សាលា​មួយ​ដោយ​ដាក់​ឈ្មោះ​ថា «​សាលា​រួមចិត្ត​» ដែល​មាន​ជណ្តើរ​ឡើង​សាលា និង​ដំបូល​មាន​ហោរ​ជាង​៣​ទិស និង​រូប​បដិមាករ​តំណាង​នៃ​ប្រទេស​នីមួយ​ៗ តែ​ដោយ​គ្មាន​ការ​ថែទាំ​ទាំងអស់​គ្នា ទើប​មានការ​បែកបាក់​ពិ​តាន​ និង​ស្មៅ​ដុះ​តាម​កាំជណ្តើរ​ដូច​ៗ​គ្នា រីឯ​ស្លាក​សញ្ញា​សំគាល់​តំណាង​ប្រទេស​នីមួយ​ៗ​ត្រូវ​រលុប​អស់ ព្រោះតែ​ស្ថានភាព​ភូមិសាស្ត្រ​នៃ​តំបន់​នៅ​លំបាក​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​ដល់​ដូច​ៗ​គ្នា ។

ចំពោះ​លក្ខណៈ​ភូមិសាស្ត្រ​ខាង​ទឹកដី​កម្ពុជា យើង​អាច​ធ្វើ​ដំណើ​ចេញពី​ខេត្តព្រះវិហារ ឬ​ពី​អន្លង់​វែង ខេត្តឧត្តរមានជ័យ ឬ​ពី​ខេត្តសៀមរាប ទៅ​ស្រុក​ជាំ​ក្សាន្ត ហើយ​អាច​មើលឃើញ​តួ​ភ្នំ​ដងរែក​កំពុង​លាតសន្ធឹង​នៅ​ចំ​ពីមុខ ហើយ​ធ្វើ​ដំណើរ​ចេញពី​ស្រុក​ជាំ​ក្សាន្ត​ទៅ​មាន​ចម្ងាយ​ប្រមាណ​ជាង​៥០​គីឡូម៉ែត្រ​តែ​ប៉ុណ្ណោះ​ត្រូវ​ទៅ​ដល់ទី​នោះ​ដោយ​មាន​ផ្លូវ​កៅស៊ូ​រហូត​ដល់​ជើងភ្នំ និង​ផ្លូវ​បេតុង​ឡើង​បន្ត​ទៅ​លើ​ភ្នំ​បន្ថែម​ទៀត​ទើប​ទៅ​ដល់ទី​បញ្ជាការ​នគរបាល​វរ​សេនា​តូច​ការពារ​ព្រំដែន​លេខ​១០៥ របស់​ខេត្តព្រះវិហារ​ដែល​កំពុង​ឈរជើង​នៅ​ទីនោះ ។

យើង​អាច​ធ្វើ​ដំណើរ​តាម​ផ្លូវ​មួយទៀត​តាម​បណ្តោយ​ទន្លេមេគង្គ​ដោយ​ចេញពី​ស្រុក​ឆែប​ខេត្តព្រះវិហារ​ព្រំប្រទល់​ជាមួយ​ខេត្តស្ទឹងត្រែង បាន​មក​ដល់ទី​នេះ​បាន​ដូច​គ្នា​ដែល​មាន​ចម្ងាយ​ផ្លូវ​ជិត​ជាង​ស្រុក​ជាំ​ក្សាន្ត តែ​ជា​ផ្លូវ​ក្រាល​គ្រួ​ស​ក្រហម មក​ជួប​គ្នា​នៅ​ក្បែរ​ជើងភ្នំ​ហើយ​រួម​ផ្លូវ​គ្នា​ឡើង​ទៅ​ចំណុច​សាលា​រួម​មិត្ត​បាន​ដូច​គ្នា ។

កងកម្លាំង​នគរបាល​ដែល​ឈរជើង​នៅ​ទីនោះ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​បញ្ជាក់​ថា ជា​រៀងរាល់ថ្ងៃ​កម្រ​ឃើញ​មាន​មនុស្ស​បាន​មក​ដល់ទី​នេះ​ណាស់ ពីព្រោះ​តែ​លក្ខណៈ​ភូមិសាស្ត្រ​ជា​តំបន់​ព្រៃ​ភ្នំ ហើយ​មិនសូវ​មាន​គេ​ស្គាល់​ឬ​ដឹង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយនោះទេ​ ហើយពី​អតីតកាល​មក​មិន​​មាន​ផ្លូវ​ល្អ​បាន​មក​ដល់​តំបន់​នេះ​ឡើយ ទើបតែ​ពេល​នេះ​មាន​ផ្លូវ​ក្រាល​កៅស៊ូ​រហូត​ផ្តល់​ភាព​ងាយស្រួល​ហើយ​អាច​សង្ឃឹមថា ឲ្យ​បងប្អូន​ខ្មែរ​យើង​បាន​មក​ស្គាល់​ទី​នេះ​កាន់តែ​ច្រើន​ឡើង​ៗ​នា​ពេល​ខាង​មុខ ។

ចំពោះ​សាលា​រួមចិត្ត គឺជា​ឈ្មោះ​សាលា​ដែល​តំណាង​បី​ប្រទេស​ដាក់​រួម​គ្នា ក្នុង​កិច្ចការ​សហការ​រួម​គ្នា​ថែរក្សា​សុខ​សន្តិភាព​ព្រំប្រទល់​បន្សល់​ទុក​ពី​សំណៅ​ដើម ដោយ​មិន​រំលោភ​បំពាន​គ្នា​ទៅ​វិញ​ទៅ​មក​ឡើយ ហើយ​ក៏​ជា​កន្លែង​ប្រមូល​ជួបជុំ​របស់​ប្រជាជន​ទាំង​បី​នៅ​ជិតខាង​គ្នា​មក​សប្បាយ​រួម​គ្នា​នៅ​ពេល​មានបុណ្យ​ទាន​ម្តង​ៗ តែ​ក្រៅពី​ថ្ងៃ​មានបុណ្យ​ទាន​និង​ណាត់គ្នា​ជា​មុន មិនសូវ​មាន​មនុស្ស​ចេញចូល​ឡើយ ពីព្រោះ​តែ​លំបាក​ក្នុង​ការ​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​ដូច​គ្នា និង​ត្រូវ​ឡើង​ភ្នំ​ដោយ​ខាង​កម្ពុជា​ត្រូវ​ដើរ​ឡើង​ប្រមាណ​៣០០​ម៉ែត្រ​ពី​ទីកន្លែង​ការពារ​ព្រំដែន​នៅ​ទីនោះ ។

ចំពោះ​នៅ​ក្នុង​សាលា​រួមចិត្ត មាន​ដាក់​តាំង​រូប​ព្រះ​តំណាង​ប្រ​ទស​នី​មួយ​ៗ ខុស​តែ​ខាង​ប្រទេស​ឡាវ​ដាក់​រូប​ផ្កាឈូក​ទៅ​វិញ តែ​គ្រប់​អ្វី​ៗ​សុទ្ធតែ​ពាក់ព័ន្ធ​នឹង​វិស័យ​ការ​គោរព​ព្រះពុទ្ធ​សាសនា​ដូច​ៗ​គ្នា ហើយ​ខាង​កម្ពុជា​បាន​ដាក់​បន្ថែម​រូប​អ​ប្សា​រា​នៅ​ពីមុខ​មួយទៀត តំណាង​ដោយ​មាននៅ​សល់​ប្រាសាទ​ជា​ច្រើន​ទៀត​កំពុង​មាន​ស្ថិត​កប់​នៅ​ក្នុង​ព្រៃ​នៅឡើយ​ដែល​អាជ្ញាធរ​កំពុង​រុករក​បន្ត ជំរុញ​លើ​វិស័យ​ថែរក្សា​វប្ប​ធ​ម៌​ និង​អូស​ទាញ​វិស័យ​ទេសចរណ៍​បែប​ធម្មជាតិ​ចូល​មក​បន្ថែម​ទៀត ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ