ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​VOAនៅ​កម្ពុជា ត្រូវ​គោរព​រដ្ឋធម្មនុញ្ញ ច្បាប់​របប​សារព័ត៌មាន​និង​ក្រមសីលធម៌

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ព័ត៌មាន​បាន​សម្រេច​ឲ្យ​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក (VOA) បើក​ការិយាល័យ​តំណាង​ស្របច្បាប់​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ ក្រសួង​ព័ត៌មាន កាលពី​ថ្ងៃ​ទី​៥ ខែមិថុនា បានចេញ​លិខិត…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ព័ត៌មាន​បាន​សម្រេច​ឲ្យ​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក (VOA) បើក​ការិយាល័យ​តំណាង​ស្របច្បាប់​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ ក្រសួង​ព័ត៌មាន កាលពី​ថ្ងៃ​ទី​៥ ខែមិថុនា បានចេញ​លិខិត ផ្លូវការ​សម្រេច​ឱ្យ​វិទ្យុ​សំឡេង​សហ រដ្ឋ​អា​មេ​រិ​កមួយ​នេះ បើក​ការិយាល័យ​តំណាង​តាម​ផ្លូវច្បាប់ ហើយ​ត្រូវ​បាន​ចេញផ្សាយ​ជា​សាធារ​ណៈ​នៅ​ថ្ងៃ​ទី​៧ ខែមិថុនា ។

តាម​សេចក្តីសម្រេច ការិយាល័យ​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក​(VOA)​ប្រចាំ​នៅ​ព្រះរាជា​ណាចក្រ​កម្ពុជា មាន​ទីតាំង​ស្ថិត​នៅផ្ទះ​លេខ​៣២០មហាវិថី​ព្រះ​មុនី​វង្ស សង្កាត់​ចតុមុខ ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ ដែល​មាន​លោក Christopher Service Dechard ជនជាតិ​អា​មេ​រិ​កកាន់​លិខិតឆ្លងដែន​លេខ P៨២២១០​២៧៨៩ ជា​តំណាង​ស្របច្បាប់ ។

ក្រសួង​ព័ត៌មាន បាន​សម្រេច​ឲ្យ​ការិយាល័យវិទ្យុ​សំឡេង​សហរដ្ឋអាមេរិក​(VOA) និង​តំណាងស្របច្បាប់ ត្រូវ​គោរព​តាម​រដ្ឋធម្មនុញ្ញ​និង​ច្បាប់ស្តី​ពី​របប​សារព័ត៌មាន ក្រមសីលធម៌​អ្នក​សារព័ត៌មាន បទបញ្ជា កិច្ចសន្យា និង​សេចក្តី​ណែនាំ​នានា​ពាក់ព័ន្ធ​វិស័យ​ព័ត៌មាន និង​សោត​ទស្សន៍នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ ករណី​ប្រព្រឹត្ត​ល្មើស ត្រូវ​ទទួលទោស​តាម​ច្បាប់​ជា​ធរមាន ។

មិនតែប៉ុណ្ណោះ​ក្រសួង​ក៏​បាន​តម្រូវ​ឱ្យ​ការិយាល័យវិទ្យុ​សំឡេង​សហរដ្ឋអាមេរិក​រាល់​ការ​ផ្លាស់​ប្តូរ​ព័​ត៌មាន​អំពី​ទីតាំង​ការិយាល័យ និង​/​ឬ​តំណាង​ស្របច្បាប់ ត្រូវ​ជូនដំណឹង​មក​ក្រសួង​ព័ត៌មាន​៥​ថ្ងៃមុន ។ វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក​(VOA) ជាបណ្តាញ​ផ្សាយ​ពហុ​ព័ត៌មាន​អន្តរជាតិ​ធំ​បង្អស់​របស់​សហរដ្ឋអាមេរិក ដែល​ផ្តល់​ព័ត៌មាន​ជា​ច្រើន​ភាសា ។

VOA ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​១៩៤២ ជាមួយនឹង​ការ​ប្តេជ្ញា​រាយការណ៍​ព័ត៌​មាន​ឯករាជ្យ និង​ទូលំ​ទូលាយ ហើយ​នាំ​យក​ការ​ពិត​ជូន​ដល់​អ្នក​ស្តាប់ និង​ទស្សនិកជន ។ VOA ត្រូវបាន​​ឧបត្ថម្ភ​ថវិកា​ដោយ​ពលរដ្ឋ​អា​មេ​រិ​ក ដែលបង់ពន្ធ ហើយ​VOA​ជា​ផ្នែក​មួយ​នៃ​ទីភ្នាក់ងារសហរដ្ឋអាមេ​រិក​​សម្រាប់​បណ្តាញ​ផ្សាយ​ព័ត៌មាន​សាកល ។ នេះ​បើ​តាម​ការ​ប្រកាស​របស់ VOA​។

នា​ពេល​កន្លង​ទៅ រាជរដ្ឋាភិបាល​កម្ពុជា​រងការ​ចោទប្រកាន់​ថា បាន​បិទ​សារព័ត៌មាន​បរទេស​ដូច​ជា អាស៊ី​សេរី និង​The Cambodia Daily ដែល​មាន​វត្ត​មាននៅ​ក្នុង​ប្រទេស​កម្ពុជា ។ ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក្តី តាម​សេចក្តីថ្លែងការណ៍ កាលពី​ថ្ងៃ​ទី​៣ ខែធ្នូ ឆ្នាំ​២០១៨ រាជរដ្ឋាភិបាល​កម្ពុជា បាន​បង្ហាញ​នូវ​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​មោះមុត ក្នុង​ការ​លើកតម្កើង​នូវ​សិទ្ធិ​សេរីភាព​សារព័ត៌មាន សេរីភាព​នៃ​ការ​បញ្ចេញមតិ ស្រប​តាម​រដ្ឋ​ធម្មនុ​ញ្ញ និង​ច្បាប់​ដែល​មាន​ជា​ធរមាន ។

រាជរដ្ឋាភិបាល​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា វិទ្យុអាស៊ី​សេរី និង​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក បាន​ផ្តួចផ្តើម​គំនិត​បិទ​ការិយាល័យ​តំណាង​របស់​ខ្លួន​ដោយ​ខ្លួនឯង ។ ដូច្នេះ​វិទ្យុ​ទាំង​ពីរ​នេះ ក៏​មាន​សេរីភាព​បើក​ការិ​យា​ល័យ​តំណាង​របស់​ខ្លួន​នៅ​កម្ពុជាឡើង​វិញ​បាន​ដែរ ។ ដោយឡែក កាសែត The Cambodia Daily បាន​បិទ​ការិយាល័យ​ដោយសារ​តែ​មិន​មាន​លទ្ធភាព​បង់ពន្ធ​ជូន​រដ្ឋ ។

សូម​ជម្រាប​ថា ការ​សម្រេច​អនុញ្ញាត​ឲ្យ​វិទ្យុ VOA បើក​ការិយាល័យ​នៅ​កម្ពុជា​នេះ ក្រោយ​ពីមាន​ជំនួប​​ពិភាក្សា​ការងារ​រវាង​លោក ខៀវ កា​ញារី​ទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ជាមួយ​លោក Christopher Service Dechard ជនជាតិ​អា​មេ​រិ​ក ជា​តំណាងស្របច្បាប់​របស់​វិទ្យុ​នេះ ៕​

អត្ថបទសរសេរ ដោយ