ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមុខ​ពួក​ប្រជាធិបតេយ្យ​ចង់​ឃើញ​លោក​ត្រាំ​ជាប់គុក

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ វេ​ប​សាយ​ POLITICO​ អា​មេ​រិ​ក​រៀបរាប់​កាលពី​ថ្ងៃ​ទី​៦ ​មិថុនា​ថា ប្រមុខ​ពួក​អ្នក​ប្រជា​ធិប​តេយ្យ​ក្នុង​សភា​អា​មេ​រិ​ក លោកស្រី​NANCY PELOSI​អះអាង​ថា លោកស្រី​ចង់​ឃើញ​លោក​ដូ​ណា​ល់​ត្រាំ​ជាប់គុក…

សហរដ្ឋអាមេរិក ៖ វេ​ប​សាយ​ POLITICO​ អា​មេ​រិ​ក​រៀបរាប់​កាលពី​ថ្ងៃ​ទី​៦ ​មិថុនា​ថា ប្រមុខ​ពួក​អ្នក​ប្រជា​ធិប​តេយ្យ​ក្នុង​សភា​អា​មេ​រិ​ក លោកស្រី​NANCY PELOSI​អះអាង​ថា លោកស្រី​ចង់​ឃើញ​លោក​ដូ​ណា​ល់​ត្រាំ​ជាប់គុក ក្រោយ​ពេល​លោក​ត្រូវ​ចាញ់ឆ្នោត​ប្រធានាធិបតី​នា​ឆ្នាំ​២០២០ ជា​ជាង​ត្រូវ​ទម្លាក់​តាម​នីតិវិធី​។

ក្នុង​កិច្ចប្រជុំ​មួយ​កាលពី​ថ្ងៃ​ទី​៤​មិថុនា ជាមួយ​អ្នក​ទទួលខុសត្រូវ​នៃ​ក្រុម​សមាជិក​សភា​គណបក្ស​ប្រជា​ធិបតេយ្យ​ជា​ច្រើន​រូប លោកស្រី​ប្រធាន​សភា​រូប​នោះ​អះអាង​ថា ខ្ញុំ​ពុំ​ចង់​ឃើញ​លោក​ត្រាំ​ត្រូវ​ទម្លាក់​ឡើយ តែ​ខ្ញុំ​ចង់​ឃើញ​លោក​ជាប់គុក​។

លោកស្រី​ប្រធាន​សភា​និយាយ​ថា​លោកស្រី​យល់​ពី​ជំហរ​របស់​ពួក​អ្នក ចង់​ទម្លាក់​លោក​ត្រាំ តែ​នៅ​មាន​ចំនួន​មិន​គ្រប់គ្រាន់​នៅឡើយ​។ លោកស្រី​បន្ត​ថា ពេល​នេះ​វា​មិន​អំណោយផល​ឡើយ ដែល​ត្រូវ​ប្រើ​នីតិ​វិធិ​នោះ ដែល​អ​ប្រជាប្រិយ​បំផុត​ក្នុង​ការ​ស្ទាបស្ទង់​មតិ​នានា​របស់​សាធារណជន ហើយ​សម្រាប់​ពេល​នេះ​បើ​ធ្វើ​ត្រូវ​បរាជ័យ ដោយ​ពុំ​មានការ​គាំទ្រ​គ្រប់គ្រាន់​ពី​ខាង​ពួក​អ្នក​សាធារណរដ្ឋ​។

លោកស្រី​NANCY​និង​ប្រធាន​គណៈកម្មការ​ជា​ច្រើន​ជា​អ្នក ប្រជាធិបតេយ្យ​បាន​ព្រមព្រៀង​គ្នា រក្សា​ទុក​រាល់​ការ​ជ្រើសរើស​នៅ​លើ​តុ​។ ពួក​អ្នក​ប្រជាធិបតេយ្យ​បាន​ជជែក​ពិភាក្សា​គ្នា​ពី​ជំហាន​ដែល​ត្រូវ​ដើរ ចាប់​តាំងពី​ការ​ចេញផ្សាយ​របាយការណ៍ របស់​រដ្ឋ​អាជ្ញា​ពិសេស​លោក​ROBERT MUELLER ស្ដី​ពី​ការ​ជ្រៀត​ជ្រែក​របស់​រុ​ស្ស៊ី ​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​អា​មេ​រិ​ក​ឆ្នាំ​២០១៦​។ ក្រោយ​ការ​សើ​ុ​ប​អង្កេត​អស់​ពេល​ដ៏​យូរ​លោក​បាន​សន្និដ្ឋាន​ថា ពុំ​មានការ​ព្រមព្រៀង​គ្នា​រវាង​ក្រុម​អ្នក​ឃោសនា​របស់​លោក​ត្រាំ​និង​ក្រុង​មូ​ស្គូ​ឡើយ តែ​ផ្ទុយ​ទៅ​វិញ​លោក​ពុំ​ជំ​រះ​មន្ទិល​លើ​ការ​រារាំង​តុលាការ​ឡើយ​។

លោក​ MUELLER ពុំ​បាន​ស្នើ​ឲ្យ​មានការ​ចោទប្រកាន់​លោក​ត្រាំ ដែល​ការពារ​ដោយ​អភ័យឯកសិទ្ធិ​ប្រធានាធិបតី​។ ដោយ​មាន​សំឡេង​ភាគច្រើន​ក្នុង​សភា ដែល​មាន​អំណាច​ធ្វើការ​ស្រាវជ្រាវ​ស៊ើ​ប​អង្កេត ពួក​អ្នក​ប្រជាធិបតេយ្យ​បាន​លើក​ពី​ការ​ស៊ើ​ប​អង្កេត​នានា​ប្រឆាំង​ប្រធានាធិបតី​។ ដោយ​ខ្លាច​នីតិ​វិធីដក​តំណែង នាំ​ឲ្យ​មានការ​បែកបាក់​គ្នា​កាន់តែ​ខ្លាំង​នៅ​សហរដ្ឋអាមេរិក ដែល​ពេល​នេះ​កំពុង​ចាប់ផ្ដើម​យុទ្ធនា​ការ​ឃោសនាបោះឆ្នោត ប្រធានាធិបតី​ឆ្នាំ​២០២០ លោកស្រី​NANCY PELOSI បាន​ចោទប្រកាន់​លោក​​ត្រាំ​ថា បាន​ធ្វើ​ប្រតិបត្តិការ​បិទ​បាំង​នានា​តែ​លោកស្រី​យល់​ថា ជាបឋម​គេ​ត្រូវ​រៀបចំ​សំណុំរឿង​ដែល​រឹង​មាំ​មួយ​សិន ដើម្បី​អាច​បញ្ចុះបញ្ចូល​បាន​អ្នកគាំទ្រ​កាន់តែ​ច្រើន​។

មេដឹកនាំ​អា​មេ​រិ​ក​សំខាន់​ទាំង​២​រូប​ប្រៀប​ដូច​ក្របី​នឹង​ដើម​ចេក ម្នាក់​ៗ​នា​ពេល​ថ្មី​ៗ​នេះ​រហូត​ដល់​ចោទ​គ្នា​ទៅ​វិញ​ទៅ​មក​ថា​ឡប់សតិ​ទៀត​ផង​។ ក្រោយ​ពី​ហៅ​លោកស្រី​NANCY​ថា​ឆ្កួត លោក​ត្រាំ​នៅ​ហៅ​លោក​ស្រី​ថា មនុស្ស​សរសៃប្រសាទ ពេល​លោក​សន្ទនា​ជាមួយ​ទូរទស្សន៍​FOX NEWS​កាលពី​ថ្ងៃ​ទី​៦​មិថុនា​។ លោក​បន្ត​ថា​លោកស្រី​NANCY​ជា​គ្រោះ​មហន្តរាយ​មួយ ហើយ​ពួក​អ្នក​ប្រជាធិបតេយ្យ​ជួប​បញ្ហា​ធំ​មួយ​។

ពេល​សួរ​ពី​ឆន្ទៈ​របស់​លោកស្រី​NANCY​ចង់​ឃើញ​លោក​ត្រាំ​ជាប់គុក មនុស្ស​សំខាន់​ម្នាក់​នៃ​សេត​វិមាន លោកស្រី​MERCEDES SCHLAPP​ថ្លែង​តាម​FOX NEWS​ថា ពិតជា​គួរ​ឲ្យ​អស់សំណើច​៕ (កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ