រាជធានីភ្នំពេញ ៖ ក្រសួងការពារជាតិកម្ពុជាបានសម្តែងប្រតិកម្មយ៉ាងខ្លាំងទៅលើកការលើកឡើងរបស់នាយករដ្ឋមន្ត្រីសិង្ហបុរី ថា វៀតណាមឈ្លានពានទឹកដីកម្ពុជា ។ នេះបើតាមលោក ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ ។
លោកឈុំ សុជាត បានសរសេរលើបណ្តាញសង្គមយ៉ាងដូច្នេះថា« ខ្ញុំពិតជាមានការសោកស្តាយជាខ្លាំងដែលឯកឧត្តម លី ស៊ានឡុង នាយករដ្ឋមន្ត្រីសិង្ហបុរី ភាន់ច្រឡំចំពោះប្រវត្តិសាស្ត្រ រហូតដល់និយាយថា «វៀតណាមបានឈ្លានពានកម្ពុជា» គ្រាដែលវៀតណាមបានធ្វើពលិកម្ម រួមកម្លាំងជាមួយកងទ័ពប្រជាជនកម្ពុជារំដោះប្រជាពលរដ្ឋខ្មែរចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលពិភពលោកស្អប់ខ្ពើម» ។
លោកបានបន្តថា ការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រីសិង្ហបុរីបានស្តែងឱ្យឃើញថា សិង្ហបុរីពេលនោះបានគាំទ្ររបបប្រល័យពូជសាសន៍ដែលបានកាប់សម្លាប់ប្រជាជនកម្ពុជារាប់លាននាក់ និងចង់ឲ្យរបបប្រល័យពូជសាសន៍វិលត្រឡប់មកវិញដែរ ។ លោកបានហៅការលើកឡើងរបស់នាយករដ្ឋមន្ត្រីសិង្ហបូរីយ៉ាងដូច្នេះថា៖«ការលើកឡើងនេះក៏ជាការប្រមាថដល់ពលិកម្មសាច់ស្រស់ ឈាមស្រស់ របស់កងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានជួយរំដោះកម្ពុជា ឱ្យរួចផុតពីរបបប្រល័យពូជសាសន៍នោះ» ។ ជាមួយគ្នានោះដែរអ្នកនាំពាក្យក្រសួងការជាតិរូបនេះក៏បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាយុទ្ធជនកម្ពុជា និងពលរដ្ឋកម្ពុជាចេះទទួលស្គាល់ការពិតនៃការធ្វើពលិកម្មរបស់កងទ័ពស្ម័គ្រចិត្តវៀតណាម ។
បើគ្មានការចូលរួមពីកងទ័ពវៀតណាមក្នុងការវាយផ្តួលរំលំរបបប៉ុលពតទេ ម្ល៉េះពេលនោះ ប្រជាជនកម្ពុជាត្រូវពួកប៉ុល ពត សម្លាប់យ៉ាងអយុត្តិធម៌ ហើយគ្មានបរទេសណាជួយរកយុត្តិធម៌ឱ្យទេ ។ លោកបញ្ជាក់ថា« ខ្ញុំធ្លាប់ជាប់ក្នុងគុករបស់ប៉ុល ពត ដោយរង់ចាំតែថ្ងៃស្លាប់ទេ ពេលនោះ គឺរស់បានមួយថ្ងៃសម្រាប់តែមួយថ្ងៃ ។ រាល់ដង្ហើមចេញចូលបានបន់ស្រន់អស់ហើយឱ្យតែមានអ្នកណាមកសង្គ្រោះជីវិត ។ ប្រជាជនកម្ពុជាក្នុងរបប ប៉ុល ពត មិនអាចបំភ្លេចគុណកងទ័ពស្ម័គ្រចិត្តវៀតណាម និងកងទ័ពរណសិរ្យសាមគ្គីសង្រោះជាតិបានទេ» ។ លោកបានបន្ថែមថា៖« ខ្ញុំសូមគាំទ្រជានិច្ចចំពោះជំហររាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចពិជ័យសេនា ទៀ បាញ់ រួមទាំងក្រសួងការបរទេស និងសហប្រតិបត្តិការកម្ពុជាដែលប្រតិកម្មចំពោះការភាន់ច្រឡំប្រវត្តិសាស្ត្ររបស់ឯកឧត្តម នាយករដ្ឋមន្ត្រីសិង្ហបុរី» ។ លោកបន្តថា លោកនាយករដ្ឋមន្ត្រីសិង្ហបុរីមិនមែនជាប្រជាពលរដ្ឋខ្មែរដែលធ្លាប់រស់នៅក្នុងសម័យប៉ុលពត និងរងឥទ្ធិពលដោយរបបឃោរឃៅនេះ គឺពិតជាមិនបានដឹងអំពីទុក្ខវេទនារបស់ប្រជាជនកម្ពុជា ដែលត្រូវការអ្នកជួយសង្គ្រោះជីវិតក្នុងពេលដែលខ្លួនកំពុងតែរងគ្រោះដោយរបបយង់ឃ្នងពេលនោះឡើយ ។
លោកគូសបញ្ជាក់ថា រឿងនេះលោកនាយករដ្ឋមន្ត្រីសិង្ហបុរី គួរតែកែតម្រូវចំពោះការលើកឡើងដោយភាន់ច្រឡំប្រវត្តិសាស្ត្រ ខ្វះសច្ចភាពដែលអាចបង្កឱ្យមានការយល់ច្រឡំចំពោះ កិច្ចសហប្រតិបត្តិការរវាងកងទ័ពស្ម័គ្រចិត្តវៀតណាមជាមួយកងទ័ពរណសិរ្យសាមគ្គីសង្គ្រោះជាតិ ក្នុងការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ៕ កែសម្រួលដោយ ៖សុឃាក់
ចែករំលែកព័តមាននេះ