រាជធានីភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រីប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ជូនប្រតិភូនៃស្នងការពាណិជ្ជកម្មសហភាពអឺរ៉ុបថា «រាជរដ្ឋាភិបាលកម្ពុជាបានខិតខំធ្វើយ៉ាងណា ដើម្បីផ្តល់ប្រាក់ខែជូនកម្មករ និងអ្នកដែលទទួលផលពីបញ្ហាEBAនេះ ។ ទោះបីជាបែបណា កម្ពុជាមិនអាចដើរហួសបន្ទាត់ក្រហម គឺយកឯករាជ្យភាព អធិបតេយ្យភាពរបស់ខ្លួនទៅដូរនឹងEBA
នោះទេ» ។
ការថ្លែងរបស់លោកឧបនាយករដ្ឋមន្ត្រីប្រាក់ សុខុន ធ្វើឡើងនៅទីស្តីការក្រសួងការបរទេសនៅព្រឹក
ថ្ងៃទី៦ មិថុនា ពេលដែលលោកឧបនាយក រដ្ឋមន្ត្រីទទួលជួបប្រជុំជាមួយលោក Jean-Christophe Belliard អគ្គលេខាធិការរងនៃមន្ទីរការបរទេសសហភាពអឺរ៉ុប និងសហការីនៃស្នងការពាណិជ្ជកម្មអឺរ៉ុប ដែលអមដំណើរដោយលោកឯកអគ្គរដ្ឋទូតអឺរ៉ុបប្រចាំនៅកម្ពុជា ។
យោងតាមអ្នកនាំពាក្យក្រសួងការ បរទេសលោកកេត សោផាន់ ថ្លែងប្រាប់អ្នកសារព័ត៌មានថា លោកឧបនាយករដ្ឋមន្ត្រីប្រាក់ សុខុន បានថ្លែងប្រាប់លោក Jean-Christophe Belliard ថា ក្រសួងការ បរទេសបានខិតខំជាមួយក្រសួង មន្ទីរ ស្ថាប័ន សង្គមស៊ីវិល និងវិស័យឯកជនដើម្បីរៀបចំឲ្យបានជោគ ជ័យកិច្ចប្រជុំកំពូលអាស៊ាន-អឺរ៉ុបនៅឆ្នាំក្រោយ(២០២០) ។
ទន្ទឹមនេះលោកឧបនាយករដ្ឋមន្ត្រីប្រាក់ សុខុន បានស្វាគមន៍ចំពោះប្រតិភូដែលមកបំពេញទស្សនកិច្ចនៅកម្ពុជា ដោយសង្ឃឹមថាលោកអគ្គលេខាធិការនឹងកត់សម្គាល់ឃើញនូវអ្វីជាក់ស្តែងខុសពីអ្វីដែលជាព័ត៌មានមិនពិតបានផ្សាយតាមសារព័ត៌មានមួយចំនួន ។លោកJean-Christophe Belliard អគ្គលេខាធិការរងនៃមន្ទីរការបរទេសសហភាពអឺរ៉ុប និងជាសហការីនៃស្នងការពាណិជ្ជកម្មអឺរ៉ុបបានថ្លែងថា លោកគោរពវប្បធម៌ និងអរិយធម៌កម្ពុជា និងបានរំលឹកពីទំនាក់ទំនងជាមួយព្រះបរមរតនកោដ្ឋ សម្តេចព្រះនរោត្តម សីហនុ ។
លោកបញ្ជាក់ថា «វត្តមានរបស់លោកនៅកម្ពុជាមិនមែនមកដើម្បីតែបញ្ហាEBAនោះឡើយ ។ នេះជាទស្ស នកិច្ចលើកទី២របស់ប្រតិភូEUមកកម្ពុជា បន្ទាប់ពីEUប្រកាសនីតិវិធីព្យួរ EBAពីកម្ពុជា ហើយលោក Jean-Christophe Belliard បន្តថាវត្តមានរបស់លោកនៅកម្ពុជាក៏ជាការឆ្លើយតបនឹងស្ថានទូតបារាំងនៅកម្ពុជាដែលបានអញ្ជើញលោកមកចូលកិច្ចប្រជុំកំពូលរវាងអាស៊ាន-អឺរ៉ុប ។
លោកកេត សោផាន់ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានថ្លែងថា សម្រាប់កម្ពុជា EBA បានផ្ដល់ការងារឲ្យកម្មករកម្មការិនីខ្មែរប្រមាណ៧០ម៉ឺននាក់ ខណៈអ្នកទទួលបានផលប្រយោជន៍ពីEBA មានចំនួនប្រមាណជាជិត២លាននាក់ ដូច្នេះហើយទើបកម្ពុជានៅតែបេ្ដជ្ញាស្វែងរកដំណោះស្រាយ ដោយមានការឯកភាពពីគណៈប្រតិភូអឺរ៉ុបផងនោះ រួមគ្នាស្វែងរកដំណោះស្រាយរក្សា EBA ក្នុងស្មារតីនៃការគោរពគ្នា ។
នេះគឺជាដំណើរទស្សនកិច្ចស្វែងរកការពិតលើកទីពីររបស់សហគមន៍អឺរ៉ុបនៅកម្ពុជា ។
តាមវិទ្យុបារាំងផ្សាយថ្ងៃទី៦ មិថុនាថា ដំណាលគ្នានឹងដំណើរស្វែងរកការពិតពីគណៈប្រតិភូរបស់សហភាពអឺរ៉ុប ការិយាល័យឧបការីតំណាងពាណិជ្ជកម្មអាមេរិក ក៏បានជួបជាមួយក្រសួងពាណិជ្ជកម្មកម្ពុជា កាលពីថ្ងៃទី៥ មិថុនា ដែលជំនួបនោះផ្ដោតលើកម្មវិធីអនុគ្រោះពន្ធ (GSP) របស់សហរដ្ឋអាមេរិក ។ បញ្ហា GSP ក៏ត្រូវបានសមាជិកព្រឹទ្ធសភាអាមេរិកមួយចំនួនប្រកាសចូលរួមជាមួយអឺរ៉ុបដែរ ដើម្បីឈានទៅកាត់ផ្ដាច់ប្រព័ន្ធនេះ ។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកប៉ាន សូរស័ក្ដិ ទទួលស្គាល់នៅចំពោះមុខភាគីអាមេរិកថា GSP ធ្វើឲ្យការនាំចេញផលិតផលកម្ពុជាទៅអាមេរិកកើនឡើងជាលំដាប់ ។ ជាក់ស្ដែងក្នុងឆ្នាំ២០១៨ ផលិតផលកាបូបធ្វើដំណើរបាននាំទៅអាមេរិក ក្នុងទំហំទឹកប្រាក់ជិត៥០០លានដុល្លារអាមេរិក ។ លើសពីនេះទៀតការផ្ដល់ការអនុគ្រោះពន្ធគយនេះ ក៏បានទាក់ទាញវិនិយោគិនអាមេរិកដែរ ។ ជាក់ស្ដែងក្រុមហ៊ុនផលិតកាបូបប្រណីតម៉ាក Tumi ។
ចំណែកភាគីអាមេរិកបានសង្កត់ធ្ងន់ថា កម្ពុជាជាប្រទេសទី៨ ដែលទទួលបានប្រយោជន៍ដ៏ធំពីកម្មវិធី GSP ក្នុងវិស័យកាត់ដេរ ស្បែកជើង និងកាបូបនៅកម្ពុជា ។ ប្រព័ន្ធអនុគ្រោះពន្ធរបស់អាមេរិកសម្រាប់កម្ពុជា មានសុពលភាពចាប់ពីថ្ងៃទី១មករា ឆ្នាំ២០១៨ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ៕
ចែករំលែកព័តមាននេះ