ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជម្លោះអា​មេ​រិ​ក​-Huawei ធ្វើ​ឱ្យ Nokia វិលមក​សមរភូមិ​វិញ​ដោយ​សម្រុកចូល​ប្រទេស​១​នេះ

4 ឆ្នាំ មុន

ប្រទេស​ថៃ​៖ យោង​តាម​ភ្នាក់ងារ​សារព័ត៌មាន Bangkok Post ដែល​បាន​រាយការណ៍​កាលពី​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​កន្លង​មក​បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន HMD Global ដែល​ជា​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ Nokia…

ប្រទេស​ថៃ​៖ យោង​តាម​ភ្នាក់ងារ​សារព័ត៌មាន Bangkok Post ដែល​បាន​រាយការណ៍​កាលពី​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​កន្លង​មក​បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន HMD Global ដែល​ជា​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ Nokia បាន​និយាយ​ថា ពួក​គេ​មាន​គម្រោង​ត្រលប់​មក​កាន់​ទីផ្សារ​វិញ​តាម​រយៈ​ការ​ប្រើប្រាស់​ប្រព័ន្ធ​ដំណើរការ OS បែប Android សុទ្ធសាធ ។

លោក Tanadet Chuangkeavisedd ដែល​ជា​ប្រធាន​ផ្នែក​ទីផ្សារ​នៅ HMD Global Thailand បាន​និយាយ​ថា យុទ្ធសាស្ត្រ​នេះ​មាន​គោលដៅ​បង្កើន​ការ​គ្រប់គ្រង​ទីផ្សារ​ពី​១% មក​ស្មើ ១៥% នៅ​ឆ្នាំ ២០២៤ ។ ក្នុង​ឆ្នាំ ២០១៨ Nokia គ្រប់គ្រង​ទីផ្សារ​ស្មា​ត​ហ្វូ​ន​ថៃ​តែ​១%​ប៉ុណ្ណោះ ។ ប៉ុន្តែ​ក្រុមហ៊ុន​នេះ​ចង់​ទាញ​អត្ថប្រយោជន៍​ពី​ភាព​មិន​ប្រាកដប្រជា​ដែល​កំពុង​តែ​កើត​មាន​ឡើង​ទាក់ទិន​នឹង​យីហោ​ទូរស័ព្ទ​របស់​ប្រទេស​ចិន​ដែល​បង្ក​ឡើង​ពី​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក និង​ប្រទេស​ចិន​។

លោក Tanadet បាន​បន្ត​ថា ក្រុមហ៊ុន​មាន​គម្រោង​បង្កើន​ថវិកា​ផ្សព្វផ្សាយ​ក្នុងឆ្នាំនេះ​។ លោក​បាន​បន្ថែម​ថា HMD Global បាន​ចេញ​លក់​ស្មា​ត​ហ្វូ​ន Nokia ចំនួន ១៥ ម៉ូ​ដ​ក្នុង​ប្រទេស​ថៃ​តាំងពី​ឆ្នាំ ២០១៧ មក និង​ទទួល​បានការ​ឆ្លើយ​តប​ល្អ​ពី​អតិថិជន​ផង​ដែរ​បើ​យោង​តាម​ការ​ស្ទង់​មតិ​កាលពី​ឆ្នាំ​មុន ។

លោក Tanadet បាន​និយាយ​ថា «​យុទ្ធសាស្ត្រ​របស់​ពួក​យើង​សម្រាប់​ទូរស័ព្ទ Nokia គឺ​ការ​ចេញ​ស្មា​ត​ហ្វូ​ន​ដែល​អាច​ប្រកួតប្រជែង​ជាមួយ​ទូរស័ព្ទ​ដទៃ​បាន​ក្នុង​ផ្នែក Spec របស់​កម្មវិធី Software មិនមែន​តម្លៃ និង Spec របស់ Hardware ដូច​ដៃគូ​ប្រកួតប្រជែង​យើង​ទេ​»​។

លោក​បាន​បន្ត​ថា កត្តា​សំខាន់​នៃ Nokia ក្រោម HMD គឺ​ការ​ប្រើប្រាស់ Android សុទ្ធសាធ ជា​ពិសេស Android One ដែល​ជា​ប្រព័ន្ធ​ដំណើរការ Android ថ្មី​ជាងគេ ។ អត្ថប្រយោជន៍​ធំ​ជាងគេ​នៃ​ការ​ប្រើ​ប្រព័ន្ធ​នេះ​គឺ​ទូរស័ព្ទ​ទទួល​បានការ Update លឿន​ឬ​មុនគេ ។

លោក​បាន​បន្ថែម​ថា អតិថិជន​ថៃ​ប្តូរ​ស្មា​ត​ហ្វូ​ន​ក្នុង​រយៈពេល​ជា​មធ្យម​ជា​រៀង​រាល់​៦​ទៅ​៨​ខែ​ម្តង ប៉ុន្តែ​ការ​ស្ទង់​មតិ​កាលពី​ឆ្នាំ​មុន​បាន​ប្រទះ​ឃើញ​ថា​រយៈពេល​នេះ​បាន​កើន​ដល់ ១៨​ទៅ​២២​ខែ​វិញ​។ លោក​បាន​បន្ត​ថា «​ខ្ញុំ​គិត​ថា​អ្នក​ប្រើប្រាស់​ស្មា​ត​ហ្វូ​ន​ក្នុង​ប្រទេស​នេះ​គួរតែ​ប្រើ​ទូរស័ព្ទ​យូរ​ជាង​នេះ​បន្តិចទៀត​មុន​នឹង​ទិញ​ទូរស័ព្ទ​ថ្មី​ព្រោះ​បច្ចុប្បន្ន​មិន​ទាន់​មានការ​បង្កើត​ថ្មី​ច្រើន​ទេ​» ។

គួរ​បញ្ជាក់​ដែរ​ថា Nokia ធ្លាប់​គ្រប់គ្រង​ទីផ្សារ​ទូរស័ព្ទ​ដៃ​ពិភពលោក​ប្រមាណ​៥០%​កាលពី​ឆ្នាំ​២០០៧ ពេល​ដែល Apple ចេញ​លក់ iPhone ដំបូង​គេ​បង្អស់ ប៉ុន្តែ​តាំងពី​ពេល​នោះ​មក​ក្រុមហ៊ុន​នេះ​បាន​បរាជ័យ​ក្នុង​ការ​សម្រប​ខ្លួន​ទៅ​តាម​ទីផ្សារ​ស្មា​ត​ហ្វូ​ន ហើយ​ចំណែក​ទីផ្សារ​ដែល​ពួក​គេ​គ្រប់គ្រង​បាន​បន្ត​ធ្លាក់​ចុះ​រហូត​មក ៕

ប្រភព ៖ Bangkok Post , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ