សហរដ្ឋអាមេរិក៖ ភ្នាក់ងារសារព័ត៌មាន Reuters បាននិយាយក្នុងសេចក្តីរាយការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បត្តិ៍ កន្លងមកថា មន្ត្រីម៉ិកស៊ិកបានជួបជាមួយនឹងភាគីអាមេរិកដើម្បីចរចាគ្នានៅរដ្ឋធានីវ៉ាស៊ីនតោនកាលពីថ្ងៃពុធ ក្នុងគោលដៅសម្រេចបានកិច្ចព្រមព្រៀងមួយទាក់ទិននឹងការកាត់បន្ថយពន្ធអាមេរិកលើផលិតផលម៉ិកស៊ិកនៅសប្តាហ៍ក្រោយ ។
កាលពីសប្តាហ៍មុន លោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រាប់ដល់ម៉ិកស៊ិកឲ្យចេញសកម្មភាពបន្ថែមដើម្បីកាត់បន្ថយការធ្វើអន្តោរប្រវេសន៍ខុសច្បាប់ ឬបង់ពន្ធ ៥% លើផលិតផលនាំចេញទាំងអស់ទៅកាន់សហរដ្ឋអាមេរិកចាប់ពីថ្ងៃចន្ទ ទៅនិងអាចកើនដល់ ២៥% ផងដែរក្នុងឆ្នាំនេះ ។
ប្រសិនបើពន្ធត្រូវបានអនុម័ត សហរដ្ឋអាមេរិក នឹងត្រូវធ្លាក់ចូលក្នុងជម្លោះយ៉ាងធ្ងន់ធ្ងរជាមួយនឹងដៃគូពាណិជ្ជកម្មដ៏ធំរបស់ខ្លួនចំនួនពីរហើយ ។ ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងប្រទេសចិនកាន់តែអន់ថយក្នុងកំឡុងពេលមួយខែកន្លងមកនេះ ខណៈដែលភាគីទាំងសងខាងបានដាក់ពន្ធបន្ថែមលើការនាំចេញ ។
ប្រទេសម៉ិកស៊ិកចង់បញ្ឈប់សង្គ្រាមពាណិជ្ជកម្ម ហើយលោកប្រធានាធិបតី Andres Manuel Lopez Obrador បាននិយាយថា លោកសុទិដ្ឋិនិយមថា ការចរចានៅវ៉ាស៊ីនតោនអាចសម្រេចបានកិច្ចព្រមព្រៀងមួយបាន ប៉ុន្តែរដ្ឋាភិបាលរបស់លោកក៏បានត្រៀមខ្លួនសម្រាប់ករណីដែលមិនអាចសម្រេចបានកិច្ចព្រមព្រៀងមួយដែរ ។
មន្ត្រីម៉ិកស៊ិកម្នាក់បានឲ្យដឹងថា លោក Lopez Obrador មានបញ្ជីផ្លូវការមួយដែលចែងពីផលិតផលអាមេរិកដែលអាចនឹងជាប់ពន្ធប្រសិនបើត្រូវបានអនុម័ត ។ ប្រភពមួយទៀតបានឲ្យដឹងថា បញ្ជីនេះភាគច្រើនមានរៀបរាប់ពីផលិតផលដែលមកពីរដ្ឋពឹងផ្អែកលើកសិកម្ម និងឧស្សាហកម្មដែលជាមូលដ្ឋានអ្នកគាំទ្ររបស់លោក ត្រាំ ។
គួរបញ្ជាក់ដែរថា មន្ត្រីគ្រប់គ្រងព្រំដែនអាមេរិកបានចាប់ខ្លួនមនុស្សប្រមាណ១៣២,០០០នាក់ដែលឆ្លងព្រំប្រទល់ពីប្រទេសម៉ិកស៊ិកកាលពីខែឧសភា ដែលជាចំនួនប្រចាំខែខ្ពស់ជាងគេក្នុងរយៈពេលជាង១០ឆ្នាំមកនេះ ។ ភាគច្រើននៃអ្នកទាំងនោះគឺជាគ្រួសារដែលសុំសិទ្ធិជ្រកកោន ។
វានៅមិនទាន់ច្បាស់នៅឡើយថា ម៉ិកស៊ិកនឹងឈានមុខដើម្បីដោះស្រាយជម្លោះនេះឬទេ ។ ប្រភពមួយបាននិយាយថា ជម្រើសដែលកំពុងស្ថិតក្រោមការពិចារណារួមមានការរឹតបន្តឹងការគ្រប់គ្រងតាមព្រំប្រទល់ និងការហ្វឹកហាត់សន្តិសុខរួមជាដើម ៕
ប្រភព ៖ Reuters , កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ