ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដូច​ដឹង​មុន​ លោក​ប្រា​យុទ្ធ​រក្សា​តំណែង​នាយក​រដ្ឋមន្ត្រី​ថៃ

4 ឆ្នាំ មុន

ប្រទេស​ថៃ ៖ លោក​ប្រា​យុទ្ធ​ចាន់​អូ​ចា​ប្រមុខ​របប​យោធា​ថៃ ដែល​កាន់​អំណាច​ចាប់តាំងពី​រដ្ឋប្រហារ​ឆ្នាំ​២០១៤​មក កាលពី​យប់​ថៃ្ង​ទី​៥​មិថុនា​ត្រូវ​បាន​សភា​ថៃ​អនុម័ត ឲ្យ​កាន់​តំណែង​នាយក​រដ្ឋមន្ត្រី​បន្ត​ទៀត ដែល​លើក​នេះ​សម្រាប់​រដ្ឋាភិបាល​ស៊ី​វិល​មួយ​។ ឧត្ដមសេនីយ​អាយុ​៦៥​ឆ្នាំ​រូប​នោះ​ទទួល​បានការ​គាំទ្រ​ដល់​៥០០​សំឡេង ទល់​នឹង​២៤៤​សំឡេង​សម្រាប់​គូប្រជែង​តែ​ម្នាក់​គត់ មហាសេដ្ឋី​វ័យក្មេង​ប្រមុខ​ក្រុមចម្រុះ​ប្រឆាំង…

ប្រទេស​ថៃ ៖ លោក​ប្រា​យុទ្ធ​ចាន់​អូ​ចា​ប្រមុខ​របប​យោធា​ថៃ ដែល​កាន់​អំណាច​ចាប់តាំងពី​រដ្ឋប្រហារ​ឆ្នាំ​២០១៤​មក កាលពី​យប់​ថៃ្ង​ទី​៥​មិថុនា​ត្រូវ​បាន​សភា​ថៃ​អនុម័ត ឲ្យ​កាន់​តំណែង​នាយក​រដ្ឋមន្ត្រី​បន្ត​ទៀត ដែល​លើក​នេះ​សម្រាប់​រដ្ឋាភិបាល​ស៊ី​វិល​មួយ​។

ឧត្ដមសេនីយ​អាយុ​៦៥​ឆ្នាំ​រូប​នោះ​ទទួល​បានការ​គាំទ្រ​ដល់​៥០០​សំឡេង ទល់​នឹង​២៤៤​សំឡេង​សម្រាប់​គូប្រជែង​តែ​ម្នាក់​គត់ មហាសេដ្ឋី​វ័យក្មេង​ប្រមុខ​ក្រុមចម្រុះ​ប្រឆាំង ក្នុង​ការ​បោះ​ឆ្នោត​របស់​សភា​ទាំង​២​។ នេះ​ជា​លទ្ធផល​ដែល​ចេញផ្សាយ​តាម​ទូរទស្សន៍​។

ជ័យជម្នះ​របស់​លោក​ប្រា​យុទ្ធ​ចាន់​អូ​ចា​ពិតជា​ទទួល​បាន ព្រោះ​រដ្ឋធម្មនុញ្ញ​ថ្មី​ថៃ​ដែល​អនុម័ត​កាលពី​ឆ្នាំ​២០១៧ ឲ្យ​កងទ័ព​ជ្រើសតាំង​ព្រឹទ្ធ​សមាជិក​ទាំង​២៥០​រូប​។ ដូច្នេះ​លោក​ត្រូវការ​សំឡេង​តែ​១២៦​ទៀត​ប៉ុណ្ណោះ ក្នុង​ចំណោម​សមាជិក​សភា​ទាំង​៥០០​រូប ដើម្បី​រក្សា​តំណែង​នាយក​រដ្ឋមន្ត្រី​។ ចំនួន​នេះ​លោក​ទទួល​បាន​ដោយ​ស្រួល​កាលពី​យប់​ថ្ងៃ​ទី​៥​មិថុនា ក្រោយ​រយៈពេល​២​ខែ​នៃ​ការ​លៃលក​របស់​គណបក្ស PALANG PRACHARAT​របស់​លោក ដែល​ប្រមូល​បាន​គណបក្ស​អ្នក​អភិរក្សនិយម​ជា​ច្រើន​ចូលរួម​ធ្វើ​សម្ព័ន្ធភាព ពិសេស​គណបក្ស​ចាស់​ជាងគេ​បំផុត​គឺ​គណបក្ស​ប្រជាធិបតេយ្យ​។

ប្រឈម​មុខ​នឹង​លោក​ប្រា​យុទ្ធ មហាសេដ្ឋី​វ័យក្មេង​លោក​THANATHORN JUANGROONGRUANGKIT ស្ថាបនិក​គណបក្សប្រឆាំង​ថ្មី​FUTURE FORWARD ពុំ​អាច​ប្រៀបផ្ទឹម​ជាមួយ​លោក​ប្រា​យុទ្ធ​បាន​ឡើយ​។ ក្រោយ​ប្រកាស​ពី​បរាជ័យ​របស់​លោក ប្រមុខ​គណ​បក្សប្រឆាំង​ថ្មី​រូប​នោះ​ថ្លែង​ថា ពេល​នេះ​ពុំ​មែន​កំណត់​ពី​ការ​បញ្ចប់​មួយ​ឡើយ តែ​ជា​ការ​ចាប់ផ្ដើម​មួយ​។ យើង​នឹង​ធ្វើការ​កាន់តែ​សកម្ម​ថែម​ទៀត​សម្រាប់​អនាគត​កូនចៅ​យើង​។

ព្រះមហាក្សត្រ​ថ្មី​ថៃ មហា​វ៉ា​ជី​រ៉ា​ឡុ​ង​កន​កាលពីដើម​ខែឧសភា ពេល​ព្រះ​អង្គ​ឡើង​គ្រងរាជ្យ​ជា​ផ្លូវការ ទ្រង់​លើក​ពី​ភាព​ចាំបាច់​នៃ​ឯកភាព​របស់​ប្រទេស​ព្រះ​អង្គ​។ មុន​ការ​បោះ​ឆ្នោត​សភា ព្រះមហាក្សត្រ​ថៃ​ទ្រង់​ស្នើ​ឲ្យ​គាំទ្រ​បណ្ដា​មនុស្ស​ល្អ​ៗ ដើម្បី​រារាំង​កុំ​ឲ្យ​មាន​ភាព​ចលាចល​ក្នុង​ប្រទេស ដែល​នោះ​ជា​សេច​ក្ដី​ថ្លែងការណ៍​មួយ​ដែល​ត្រូវ​គេ​មើលឃើញ​ថា ជា​ការ​គាំទ្រ​ចំពោះ​ពួក​យោធា​បាត់​ទៅ​ហើយ​។

ចំណែក​អតីត​អភិបាល​ធនាគារ​ថៃ​លោក​CHATUMONGOL SONAKUL ដែល​ជាប់​ឆ្នោត​ចូល​ក្នុង​សភា ហើយ​ចូល​ខាង​គណបក្ស​របស់​កង​យោធា​ថ្លែង​ថា ទីបំផុត​នាយក​រដ្ឋមន្ត្រី​ថ្មី​នឹង​មានការ​ងារ​ជា​ច្រើន​ដែល​ត្រូវធ្វើ ដើម្បី​ធ្វើ​ឲ្យ​ប្រទេស​កាន់តែ​ទំនើប​ហើយ​កាត់​បន្ថយ​វិសមភាព​ដែល​មាន​ខ្ពស់​ក្នុង​ផ្ទៃ​ប្រជាជន​។
លោក​ប្រា​យុទ្ធ​ត្រូវ​បាន​ពួក​អ្នកគាំទ្រ​លោក មើលឃើញ​ថា ជា​មនុស្ស​ដែល​អាច​រក្សា​ស្ថេ​រ​ភាព និង​រារាំង​មិន​ឲ្យ​ថៃ​ធ្លាក់​ក្នុង​វិបត្តិ​នយោបាយ ដែល​ប្រទេស​ជួប​ប្រទះ​ជា​ញឹកញាប់​។ ប៉ុន្តែ​ពួក​អ្នកប្រឆាំង​គូសបញ្ជាក់​ថា ចាប់តាំងពី​ឆ្នាំ​២០១៤​មក លោក​ប្រា​យុទ្ធ​បរាជ័យ ក្នុង​ការ​កែទម្រង់​ប្រទេស និង​ក្នុង​ការ​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ប្រទេស​មាន​ភាព​ទំនើប ព្រមទាំង​មិន​អាច​កាត់​បន្ថយ​វិសមភាព​សង្គម​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ