រាជធានីភ្នំពេញ ៖ កំណើនផ្សារទំនើបថ្មីៗ ជាពិសេសផ្សារទំនើបអន្តរជាតិ ដូចជាផ្សារទំនើប អ៊ីអន ផ្សារទំនើបម៉ាក្រូជាដើម កំពុងវាយប្រហារផ្សារទំនើបចាស់ៗ និងផ្សារប្រពៃណីដូចជាផ្សារទួលទំពូង ផ្សារអូរឫស្សី ផ្សារអូរឡាំពិក ផ្សារសូរិយា និងផ្សារសុវណ្ណាជាដើម ដែលធ្វើឱ្យផ្សារនេះបានបាត់បង់ភ្ញៀវបន្តិចម្ដងៗ ។
យោងតាមការចុះផ្សាយរបស់បណ្ដាញសារព័ត៌មានក្នុងស្រុកមួយបានឱ្យដឹងថា ផ្សារទំនើបសុវណ្ណា ដែលជាផ្សារទំនើបធំមួយនៅក្នុងរាជធានីភ្នំពេញ និងល្បីឈ្មោះកាលពីជាង១០ឆ្នាំមុននោះនឹងឈានទៅដល់ការផ្អាកដំណើរការ ឬបិទទាំងស្រុងនៅពេលឆាប់ៗនេះ ខណៈផ្សារទំនើបសូរិយា ដែលជាផ្សារទំនើបដំបូងគេនៅកម្ពុជា ក៏បានផ្អាកដំណើរការម្ដងរួចមកហើយ និងបានដំណើរការវិញកាលពីឆ្នាំមុននេះ ។
បើតាមអ្នកឧកញ៉ា ពុង ឃាវសែ ជាវិនិយោគិនផ្សារទំនើបដំបូងគេរួមមានផ្សារទំនើបសូរិយា ផ្សារទំនើបសុវណ្ណា និងផ្សារទំនើបរតនាផ្លាហ្សារ នោះបានឱ្យដឹងថា កំណើនផ្សារទំនើបអន្តរជាតិចូលមកថ្មីៗបាននិងកំពុងធ្វើឱ្យផ្សារទំនើបប្រពៃណី ក៏ដូចជាផ្សារទំនើបក្នុងស្រុកបាត់បង់ភ្ញៀវបន្តិចម្ដងៗ ដូច្នេះត្រូវការកែលម្អជាបន្ទាន់ ដើម្បីទាក់ទាញភ្ញៀវទេសចរបរទេសក៏ដូចជាភ្ញៀវក្នុងស្រុកឡើងវិញ បើពុំនោះទេ ផ្សារទំនើបក្នុងស្រុកក៏ដូចជាផ្សារប្រពៃណីក្នុងស្រុក អាចនឹងប្រឈមបញ្ហា ហើយឈានទៅដល់ការបិទតូបបណ្ដើរៗផងដែរ ។
អ្នកឧកញ៉ាបន្តថា ផ្សារទំនើបអន្តរជាតិដែលចូលមកក្នុងប្រទេសកម្ពុជា គេបានច្នៃប្រឌិតមានកន្លែងកម្សាន្តប្លែកៗ និងការតុបតែងលម្អកាន់តែទាក់ទាញ រួមទាំងមានចំណតធំទូលាយ ចំណែកផ្សារប្រពៃណី ហាក់មិនទាន់មានសណ្ដាប់ធ្នាប់ត្រឹមត្រូវ ហើយតម្លៃក៏នៅមិនទាន់មានស្ដង់ដារមួយច្បាស់លាស់ដែរ ដូច្នេះបងប្អូនអាជីករនៅតាមផ្សារប្រពៃណីនានា ក្នុងរាជធានីភ្នំពេញគួរតែគិតគូរពីចំណុចនេះ ដើម្បីឱ្យអ្នកទេសចរងាកមករកផ្សាររបស់ពួកយើងវិញ ។ អ្នកឧកញ៉ាបន្តថា កាលពីមុន បើភ្ញៀវចង់ទិញសម្លៀកបំពាក់ គេគិតដល់ផ្សារបឹងកេងកងមុនគេ ហើយបើគេចង់ទិញបន្លែផ្លែឈើ គេគិតដល់ផ្សារដើមគរ និងផ្សារនាគមាស សម្រាបផ្សារទួលទំពូងជាដើម ជាផ្សារសម្រាប់ទទួលភ្ញៀវទេសចរក្នុងស្រុក និងបរទេស ។ ចំណែកបច្ចុប្បន្នវិញមិនអ៊ីចឹងទេ ភ្ញៀវគេចង់ចូលតែផ្សារទំនើបៗ និងមានម៉ាស៊ីនត្រជាក់ ព្រមទាំងអាចមានទំនិញចម្រុះសម្រាប់ពួកគេផងដែរ ។
បើតាមអាជីវករមួយរូបនៅផ្សារច្បារអំពៅ បានឱ្យដឹងថា ជាការពិតកំណើនផ្សារទំនើបពិតជាបានធ្វើឱ្យប៉ះពាល់ដល់ផ្សារប្រពៃណីមែន ពីព្រោះពលរដ្ឋមានជីវភាពប្រសើរឡើងកាន់តែច្រើន ដូច្នេះពួកគាត់ទៅរកផ្សារទំនើបដែលអាចឱ្យពួកគាត់សម្រាក និងទទួលអាហារនៅក្នុងផ្សារទំនើបទាំងនោះ ព្រមទាំងអាចនាំកូនចៅទៅកម្សាន្តដូចតំបន់ទេសចរណ៍មួយអ៊ីចឹងដែរ ដូច្នេះផ្សារប្រពៃណីភាគច្រើនមានតែភ្ញៀវកម្រិតមធ្យម និងភ្ញៀវចាស់ៗ ដោយឡែកសម្រាប់យុវវ័យមិនសូវចូលផ្សារប្រពៃណីនេះទេ ។
ចំណែកលោក ស្រូយ ឌីណា អាជីវករមួយរូបនៅផ្សារដើមគរ ក៏បានឱ្យដឹងស្រដៀងគ្នានេះដែរថា ភ្ញៀវមកផ្សារដើមគរ បច្ចុប្បន្ននេះបានធ្លាក់ចុះច្រើន ខុសប្លែកពីមុនពេលដែលមានផ្សារទំនើបច្រើន គឺភ្ញៀវមកផ្សារដើមគរច្រើនណាស់ ហើយអាជីវករមួយចំនួនមមាញឹកនឹងការលក់ដូររបស់ពួកគាត់ ចំណែកពេលនេះវិញ អាជីវករភាគច្រើនអត់សូវរវល់ទេ ព្រោះអត់សូវមានភ្ញៀវចូលច្រើនដូចកាលមុន ។
គួររំឭកថា ក្រៅពីផ្សារទំនើបបរទេសដែលចូលមកក្នុងប្រទេសកម្ពុជាហើយនោះ ក៏មានផ្សារទំនើបជាច្រើនទៀតកំពុងសាងសង់ និងវិនិយោគដោយវិនិយោគិនខ្មែរ ដូចជាផ្សារទំនើបជីបម៉ុង ផ្សារទំនើបប៉េងហួត ជាដើម និងមានផ្សារទំនើបជាច្រើនទៀតបាននិងកំពុងលេចវត្តមានជាបណ្ដើរៗនៅកម្ពុជាផងដែរ ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ