ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«​ភ្លយ​»​ នឹង​បន្លឺ​ឡើង​នៅ​ស្ទឹង​អា​រ៉ែ​ង​ពី​ពន្លក​ថ្មី

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ តាម​រយៈ​កម្ម​វិ​ធី «​តន្ត្រី​ផ្ទះ​ខ្ញុំ​» នៃ​រថយន្ត​តន្ត្រី​ទិព្វ​ខ្មែរ ឧបករណ៍​ភ្លេង «​ភ្លយ​» នឹង​ផ្សព្វ​ផ្សាយ​ជា​លើក​ដំបូង​នៅ​តំបន់​ស្ទឹង​អា​រ៉ែ​ង ក្នុងភូមិ​ស្វាយ ឃុំ​ថ្ម​ដូន​ពៅ ស្រុក​ថ្ម​បាំង…

រាជធានី​ភ្នំពេញ​៖ តាម​រយៈ​កម្ម​វិ​ធី «​តន្ត្រី​ផ្ទះ​ខ្ញុំ​» នៃ​រថយន្ត​តន្ត្រី​ទិព្វ​ខ្មែរ ឧបករណ៍​ភ្លេង «​ភ្លយ​» នឹង​ផ្សព្វ​ផ្សាយ​ជា​លើក​ដំបូង​នៅ​តំបន់​ស្ទឹង​អា​រ៉ែ​ង ក្នុងភូមិ​ស្វាយ ឃុំ​ថ្ម​ដូន​ពៅ ស្រុក​ថ្ម​បាំង ខេត្តកោះកុង​នា​ថ្ងៃ​ទី​៧ ខែមិថុនា ២០១៩​។

បើ​យោង​តាម​សេចក្តី​ប្រកាស​ពី​រថយន្ត​តន្ត្រី​ទិព្វ​នៃ​អង្គការ​សិល្បៈ​ខ្មែរ​អម​តះៈ «​តន្ត្រី​ផ្ទះ​ខ្ញុំ​» គឺជា​កម្មវិធី​មួយ​ដែល​មាន​ធ្វើ​បទ​បង្ហាញ​នូវ​ឧបករណ៍​ភ្លេង​«​ភ្លយ​» ពី​ថ្នាក់រៀន​ឧបករណ៍​ភ្លយ ហើយ​ក៏​ជា​លើក​ទី​មួយ​ដែល​កម្មវិធី​នេះ​ធ្វើ​ឡើង​នៅ​តំបន់​ស្ទឹង​អា​រ៉ែ​ង ដោយ​មានការ​ចូលរួម​សហការ​ជាមួយ Steung Areng Community-Based Ecotourism សហគមន៍​អេកូ​ទេសចរណ៍​តំបន់​ស្ទឹង​អា​រ៉ែ​ង ។ កម្មវិធី​នេះ​គឺ​រៀបចំ​ឡើយ​ដើម្បី​ផ្តល់​ជា​កម្លាំងចិត្ត និង​ផ្តល់​ឱកាស​ឲ្យ​ពួក​គាត់​បង្ហាញ​សមត្ថភាព​ដែល​បាន​ខិតខំ​ប្រឹងប្រែង​កន្លង​មក ជា​ពិសេស​គឺ​ដើម្បី​ផ្សព្វផ្សាយ​ឧបករណ៍​ភ្លេង​«​ភ្លយ​»​ដែល​ជា​របស់​ជនជាតិ​ជង​តំបន់​ស្ទឹង​អា​រ៉ែ​ង​ពួក​គាត់​កុំ​ឲ្យ​បាត់បង​។

ជា​លើក​ទី​១​ហើយ​ដែល​ឧបករណ៍​ភ្លេង «​ភ្លយ​» មាន​វត្ត​មាននៅ​លើ​រថយន្ត​តន្ត្រី​ទិព្វ​ខ្មែរ ដែល​បន្ទាប់​ពី​មានដំណើរ​ការ​ថ្នាក់រៀន​មួយ​នៅ​តំបន់​ស្ទឹង​អា​រ៉ែ​ង ខណៈ​ពេល​ឧបករណ៍​តន្ត្រី​ដ៏​កម្រ​មួយ​នេះ​ត្រូវ​បាន​ចេញ​ទៅ​ផ្សព្វផ្សាយ​នៅ​ទី​តំបន់​នានា​ជា​បន្តបន្ទាប់​ក្នុង​ប្រទេស​កម្ពុជា​។

ឧបករណ៍​ភ្លេង​ភ្លយ​គឺជា​ប្រភេទ​ឧបករណ៍​មួយ​ដែល​កម្រ​នឹង​មាន​អ្នកចេះ​ផ្លុំ និង​ធ្វើ​ណាស់​។ ដោយសារ​តែ​ការ​ស្រលាញ់​ឧបករណ៍​មួយ​នេះ លោកតា​ដួង ញ៉ឹ​ក កំពុង​តែ​បន្ត​ថែរក្សា និង​បង្ហាត់បង្រៀន​កូនសិស្ស​របស់​គាត់​ដើម្បី​បន្ត​ឧបករណ៍​ភ្លេង​មួយ​នេះ ជា​ពិសេស​ឲ្យ​ពួក​គាត់​បន្ត​ចំណេះដឹង​នេះ​ទៅ​អ្នក​ជំនាន់​ក្រោយ​បន្ត​ទៅ​ខាង​ថ្ងៃ​មុខ​ទៀត ។

ភ្លយ​គឺជា​ឧបករណ៍​ភ្លេង​របស់​ជនជាតិភាគតិច​អម្បូរ «​ជង​» ដែល​កំពុង​តែ​មាន​វត្តមាន នៅ​ក្នុង​ប្រទេស​កម្ពុជា ខណៈ​ពេល​សព្វថ្ងៃ​វា​ស្ទើរតែ​បាត់ឈ្មោះ និង​លែង​មានការ​ពេញ​និយម ពី​អ្នកស្រុក​ភូមិ​ទៅ​ហើយ ព្រោះថា​ឧបករណ៍​ភ្លេង​មួយ​នេះ​ប្រគំ​សម្រាប់​ផ្លុំ​ថ្វាយ និង​បន់ស្រន់ ដល់​អ្នកតា​ម្ចាស់​ស្រុក​តាម​ជំនឿ​នៃ​ជនជាតិ​ខ្លួន​ប៉ុណ្ណោះ ។

ភ្លេង​ភ្លយ​មាន​លក្ខណៈ​ស្រ​ដៀង​គ្នា​ទៅ​នឹង​សំឡេង​របស់​សត្វ​កន្លង់ ដោយ​គេ​យក​បំពង់​ឫស្សី​៣​ដើម ប៉ុន​ៗ​គ្នា​មក​រៀប​ជា​ដំណាក់ មាន​ចន្លោះ​ដូច​ជា​ឧបករណ៍​ខ្លុយ​ខ្មែរ តែ​គេ​ភ្ជាប់​ផ្លែ​ឃ្លោក និង​បិទ​យ៉ាង​ជិត ទុក​ចំហ មាត់​ឃ្លោក រួច​គេ​អាច​ផ្លុំ​បញ្ចេញ​សំឡេង​តាម​មាត់​ឃ្លោក នោះ​តែ​ម្តង ដែល​មើល​វាស្រ​ដៀង​គ្នា​ទៅ​នឹង​ការ​ផ្លុំ​ឧបករណ៍​ភ្លេង​គែន​ដែរ ។

អ្នក​នាង​ថន សី​ម៉ា ប្រធាន​គ្រប់គ្រង​ផលិតកម្ម​វិធី និង​ជា​សហ​ស្ថាបនិក​នៃ​ក្រុម​រថយន្ត​តន្ត្រី​ទិព្វ​ខ្មែរ ថ្លែង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា​៖ «​យើង​បាន​ជួយ​រៀបចំ​ឲ្យ​មានការ​បង្រៀន​ឧបករណ៍​នេះ​បាន​ចំនួន​១​ឆ្នាំ​ហើយ ក៏​ដោយសារ​តែ​មានការ​យល់ព្រម​បង្រៀន​បន្ត​ពី​លោកតា​ដួង ញឹក ដែល​ជា​ជនជាតិ​ជង ម្ចាស់​ឧបករណ៍​ភ្លេង​ភ្លយ​នោះ​។

ព្រោះតែ​នេះ​ជា​បើក​វគ្គ​ដំបូង ហើយ​មិនសូវ​មាន​អ្នក​ចាប់អារម្មណ៍​ពី​ក្មេង​ជំនាន់​ក្រោយ​នោះ ទើប​ការ​បង្រៀន​វគ្គ​ដំបូង​ទទួល​បាន​សិស្ស​តែ​៣ នាក់​ប៉ុណ្ណោះ ដែល​ពួក​គាត់​សុទ្ធតែ​ជា​សិស្ស​រស់នៅ ឆ្ងាយ​ៗ​ពី​ផ្ទះ​របស់​លោកតា​ទៀត គឺ​ផ្ទះ​របស់​សិស្ស​ទាំងនោះ​មាននៅ​ចម្ងាយ​ប្រមាណ​៣០​គីឡូម៉ែត្រ និង​ចម្ងាយ​៤០ គីឡូម៉ែត្រ​ឯណោះ​។ ការ​បង្រៀន​នេះ​គឺ ១​ស​ប្តា​ហ៍​មាន​ចំនួន ២​ថ្ងៃ​គឺ​ថ្ងៃ​សៅរ៍ និង​អាទិត្យ ខណៈ​មួយ​ថ្ងៃ​រៀន​តែ​ចំនួន​២ ម៉ោង​»៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ