ប្រទេសវៀតណាម ៖ ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាមបានប្រាប់ដល់សារពត៌មាន Viet Nam News កាលពីថ្ងៃអង្គារ៍កន្លងមកថា ប្រទេសវៀតណាមនាំចេញជ័រកៅស៊ូបាន៦៦២លានដុល្លារកាលពី៥ខែដំបូងនាឆ្នាំនេះ ឬកើនឡើងបាន២.៤% បើធៀបនឹងឆ្នាំមុន ។ ពួកគេបានបន្តថាប្រទេសចិន ឥណ្ឌា និងកូរ៉េខាងត្បូង គឺជាអតិថិជនធំជាងគេ ។
ការនាំចេញទៅកាន់ទីផ្សារទាំងបីបានកើនឡើងយ៉ាងខ្លាំងកាលពី៤ខែដំបូងដោយមានការនាំចេញទៅប្រទេសឥណ្ឌាកើនបានខ្ពស់ជាងគេ ឬកើនបានប្រមាណ២៩% ។ ការនាំចេញសរុបក្នុងរយៈពេល៤ខែដំបូងបានកើនឡើង ១៣.៧% មកស្មើ៥៥៦.៩លានដុល្លារ ប៉ុន្តែវាបានធ្លាក់ចុះនៅខែឧសភាមកស្មើតែ១០៥លានដុល្លារប៉ុណ្ណោះ ។
ប្រទេសចិន គឺជាប្រទេសនាំចូលជ័រកៅស៊ូធម្មជាតិពីវៀតណាមច្រើនជាងគេ ដែលស្មើ ៦០% នៃការនាំចេញជ័រកៅស៊ូសរុបរបស់វៀតណាមដើម្បីផលិតកង់យាន្តជំនិះ ។ អ្នកវិភាគបាននិយាយថា ដោយហេតុដូចនេះ ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកក្នុងការបង្កើនពន្ធលើគ្រឿងយានយន្តដែលនាំចូលពីប្រទេសចិនបានប៉ះពាល់ដល់ការនាំចេញជ័រកៅស៊ូទៅកាន់ប្រទេសចិនផងដែរ ។
ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាមបានជំរុញដល់ក្រុមហ៊ុនផលិត និងនាំចេញកៅស៊ូឲ្យព្យាយាមផ្តល់ភាពចម្រុះដល់ផលិតផល និងស្វែងរកទីផ្សារនាំចេញដទៃដើម្បីកាត់បន្ថយការពឹងផ្អែកលើប្រទេសចិន ។
ពួកគេបានបន្ថែមថា ក្រុមហ៊ុនផលិត និងនាំចេញគួរតែផ្តោតសំខាន់លើទីផ្សារឥណ្ឌាដែលមានវិស័យកង់យាន្តយន្តកំពុងលូតលាស់យ៉ាងខ្លាំងប៉ុន្តែខ្វះខាតការផ្គត់ផ្គង់ក្នុងស្រុក ។ លោក Tran Ngoc Thuan ដែលជាប្រធាន Viet Nam Rubber Group JSC បានស្នើឲ្យរដ្ឋាភិបាលចេញគោលនយោបាយល្អៗសម្រាប់អាជីវកម្មក្នុងវិស័យកសិកម្ម និងកៅស៊ូ ។
គួរបញ្ជាក់ដែរថា ប្រទេសវៀតណាមមានការដាំដុះកៅស៊ូប្រមាណ១លានហិចតា។ វៀតណាម គឺជាប្រទេសនាំចេញជ័រកៅស៊ូធម្មជាតិធំជាងគេលេខ៣ ដែលនាំចេញបាន១.៥លានតោនជាងរៀងរាល់ឆ្នាំទៅកាន់ប្រទេសនិងតំបន់ប្រមាណ៧០ ។ កាលពីឆ្នាំមុន វៀតណាមនាំចេញបាន២.១ពាន់លានដុល្លារ ឬទាបជាងឆ្នាំ ២០១៧ ចំនួន៦.៦% ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ