ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​ដាក់ Huawei ចូល​បញ្ជីខ្មៅ​…​នរណា​ចំណេញ នរណា​វ័ណ្ឌ​.​ក?

4 ឆ្នាំ មុន

ភ្នាក់ងារ​សារព័ត៌មាន Financial Times បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​៣ មិថុនា កន្លង​មក​ថា Huawei បាន​ប្រាប់​ដល់​ពួក​គេ​កាលពី​ស​ប្តា​ហ៍​មុន​ថា ការ​សម្រេចចិត្ត​របស់​លោក​ប្រធានាធិបតី ដូ​ណា​ល់…

ភ្នាក់ងារ​សារព័ត៌មាន Financial Times បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​៣ មិថុនា កន្លង​មក​ថា Huawei បាន​ប្រាប់​ដល់​ពួក​គេ​កាលពី​ស​ប្តា​ហ៍​មុន​ថា ការ​សម្រេចចិត្ត​របស់​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ក្នុង​ការ​ដាក់​ក្រុមហ៊ុន Huawei ចូល​ក្នុង​បញ្ជីខ្មៅ​អា​មេ​រិ​ក​នឹង​ប៉ះពាល់​ដល់​ក្រុមហ៊ុន​ផ្គត់ផ្គង់​អា​មេ​រិ​ក​ប្រមាណ​១,២០០​ក្រុមហ៊ុន ។

គួរ​បញ្ជាក់​ដែរ​ថា Huawei ទិញ​គ្រឿងបន្លាស់ និង​សេវាកម្ម​ពី​ក្រុមហ៊ុន​អា​មេ​រិ​ក​សរុប​ប្រមាណ​១១​ប៊ី​លាន​ដុល្លារ​កាលពី​ឆ្នាំ​មុន ។

ការ​ហាមឃាត់​នេះ​បាន​បង្ក​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​អ្នក​ផ្គត់ផ្គង់​របស់ Huawei និង​ហាមឃាត់​មិន​ឲ្យ​ពួក​គេ​លក់​ផលិតផល​ដោយ​ផ្ទាល់​ដល់ Huawei ព្រមទាំង​ហាម​មិន​ឲ្យ​ក្រុមហ៊ុន​ដែល​ជា​ភាគី​ទី​បី​លក់​បន្ត​ដែរ ។ អ្នកវិភាគ​និយាយ​ថា ក្រុមហ៊ុន​អាច​នឹង​សម្តែង​ការ​តវ៉ា​ទាក់ទិន​នឹង​ផលិតផល​ដែល​ត្រូវ​បាន​ហាម​មិន​ឲ្យ​លក់​បន្ត ។ ភាព​មិន​ប្រាកដប្រជា​ទាក់ទិន​នឹង​ឥទ្ធិពល​នៃ​ការ​ហាមឃាត់​នេះ​បាន​បង្ក​ឲ្យ​ក្រុមហ៊ុនទូរស័ព្ទ​មួយ​ចំនួន​ពន្យា​ពេល​ចេញ​លក់​ស្មា​ត​ហ្វូ​ន​ថ្មី​ៗ​របស់ Huawei ។

Huawei ពិតជា​ពឹងផ្អែក​លើ​សហរដ្ឋអាមេរិក​យ៉ាង​ខ្លាំង​សម្រាប់​ឈី​ប​ដែល​ពួក​គេ​ប្រើប្រាស់​សម្រាប់​ស្មា​ត​ហ្វូ​ន និង​ឧបករណ៍​ទូរគមនាគមន៍​របស់​ពួក​គេ ។ បើ​ទោះជា Huawei ប្រើ​ឈី​ប​ដែល​ផលិត​ដោយ HiSilicon ដែល​ជា​ក្រុមហ៊ុន​ក្រោម​ការ​គ្រប់គ្រង​របស់​ខ្លួន​ពិតមែន HiSilicon នៅ​តែ​ត្រូវការ​កម្មវិធី Software របស់​អា​មេ​រិ​ក​ដើម្បី​ផលិត​ឈី​ប​ទាំងនោះ​ដែរ ។

លើស​ពី​នេះ​ទៅ​ទៀត HiSilicon និង​ក្រុមហ៊ុន​បង្កើត​ឈី​ប​ដទៃ​ប្រើ​ទម្រង់​ឈី​ប​របស់ ARM ដែល​ជា​ក្រុមហ៊ុន​របស់ Soft Bank ដែល​បាន​និយាយ​ថា ពួក​គេ​មិន​អាច​អនុញ្ញាត​ឲ្យ Huawei ប្រើ​ទម្រង់​ឈី​ប​នេះ​បាន​ទៀត​ទេ ។ Google ក៏​បាន​និយាយ​ដែរ​ថា ពួក​គេ​នឹង​ឈប់​ផ្គត់ផ្គង់​កម្មវិធី Software សម្រាប់ Android ដែល​៣​ភាគ​៤​នៃ​ស្មា​ត​ហ្វូ​ន Huawei កំពុង​តែ​ប្រើប្រាស់ ។

យ៉ាងណា​ក្តី ក្រុមហ៊ុន​ផ្គត់ផ្គង់​ឈី​ប​សំខាន់​ជាងគេ​របស់ Huawei គឺ TSMC របស់​តៃវ៉ាន់​បាន​និយាយ​ថា ពួក​គេ​នឹង​បន្ត​ផ្គត់ផ្គង់​ផលិតផល​ដល់​ក្រុមហ៊ុន Huawei ប៉ុន្តែ Huawei នៅ​តែ​ប្រើ​មេ​ម៉ូ​រី​ឈី​ប​ដែល​ផលិត​ដោយ Micron និង Seagate របស់​សហរដ្ឋអាមេរិក​ដែរ ។

Huawei បាន​ទិញ​ស្តុក​ឈី​ប​ជា​ច្រើន ហើយ​ក្រុមហ៊ុន​ស្រាវជ្រាវ​ទីផ្សារ CLSA បាន​ព្យាករណ៍​ថា ក្រុមហ៊ុន​នេះ​មាន​ឈី​ប​សម្រាប់​ផលិត​ស្មា​ត​ហ្វូ​ន​បាន​៦​ខែ​ទៀត និង​មាន​ឈី​ប​សម្រាប់​ឧបករណ៍ 5G ប្រមាណ​៩​ទៅ​១២​ខែ​ទៀត​ផង​ដែរ ។

បើ​ទោះជា​រដ្ឋាភិបាល​ចិន​បាន​ព្យាយាម​ជំរុញ​ឲ្យ​ប្រទេស​ផលិត និង​ផ្គត់ផ្គង់​ឈី​ប​ដោយ​ខ្លួនឯង​ពិតមែន​ក្តី Huawei មិន​មាន​ជម្រើស​ច្រើន​ទេពី​ក្រុមហ៊ុន​ក្នុងស្រុក​បន្ទាប់​ពី​ឈី​ប​ក្នុង​ស្តុក​របស់​ពួក​គេ​ត្រូវ​បាន​ប្រើប្រាស់​អស់ ។ អ្នកវិភាគ​គិត​ថា ប្រទេស​ចិន​ត្រូវការ​ប្រមាណ​១០​ឆ្នាំ​ទៀត​ទើប​អាច​មាន​សមត្ថភាព​ក្នុង​ការ​ផលិត​ឈី​ប​ដែល​មាន​សមត្ថភាព​ខ្ពស់​ដូចដែល​ប្រើ​ក្នុង​ឧបករណ៍​របស់ Huawei ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ