ហុងកុង៖ យោងតាមភ្នាក់ងារសារព័ត៌មាន CNN បានឲ្យដឹងកាលពីថ្ងៃអង្គារ៍ កន្លងមកថា Nokia កំពុងតែទាញអត្ថប្រយោជន៍ពីបញ្ហាដែល Huawei កំពុងតែជួបប្រទះដើម្បីតាមឲ្យទាន់ដៃគូប្រកួតប្រជែងក្នុងវិស័យ 5G ។
ក្រុមហ៊ុន Nokia បាននិយាយកាលពីថ្ងៃអង្គារ៍ ថាពួកគេបានចុះកិច្ចសន្យាទាក់ទិននឹងប្រព័ន្ធបណ្តាញ 5G ប្រមាណ៤២កិច្ចសន្យាហើយជុំវិញពិភពលោក ។ ស្ថានការនេះបានដាក់សម្ពាធលើ Huawei ដែលបានវិនិយោគយ៉ាងច្រើនក្នុងការបង្កើតបច្ចេកវិទ្យា Wireless ជំនាន់ថ្មី ។
Huawei គឺជាក្រុមហ៊ុនបង្កើតឧបករណ៍ទូរគមនាគមន៍ធំជាងគេលើពិភពលោក ប៉ុន្តែពួកគេបានទទួលរងការរិះគន់យ៉ាងខ្លាំងទាក់ទិននឹងការប្រកបអាជីវកម្មរបស់ខ្លួន ។ សហរដ្ឋអាមេរិកបានដាក់សម្ពាធលើសម្ព័ន្ធមិត្តឲ្យហាមឃាត់ ឬរឹតបន្តឹងការអនុញ្ញាតឲ្យ Huawei ចូលរួមក្នុងការអភិវឌ្ឍន៍បណ្តាញ 5G ព្រោះតែកង្វល់ទាក់ទិននឹងសន្តិសុខជាតិ ។ ក្រុមហ៊ុនចិននេះបានបដិសេធម្តងហើយម្តងទៀតថា ឧបករណ៍របស់ពួកគេមិនបង្កហានិភ័យផ្នែកសន្តិសុខឡើយ ។
Huawei បានបញ្ជាក់កាលពីថ្ងៃអង្គារ៍ ថាក្នុងចំណោមកិច្ចសន្យាទាំង៤២ដែលពួកគេបានសម្រេច មាន២៥កិច្ចសន្យាត្រូវបានចុះនៅអ៊ឺរ៉ុប ១០នៅមជ្ឈឹមបូព៌ា និង៦នៅអាស៊ី ។ ប៉ុន្តែវត្តមានរបស់ Nokia កំពុងតែកើនឡើងកាន់តែលឿនហើយ ។ ក្រុមហ៊ុននេះបានសម្រេចកិច្ចព្រមព្រៀងជារៀងរាល់សប្តាហ៍តាំងពីខែមិថុនាមក ។
លោក Charlie Dai ដែលជាអ្នកវិភាគមួយរូបមកពីសហគ្រាសស្រាវជ្រាវ Forrester បាននិយាយថា «ការលូតលាស់អាជីវកម្ម 5G របស់ Huawei កំពុងតែជួបនឹងឧបសគ្គមួយចំនួន… ប៉ុន្តែវានៅតែបន្តការលូតលាស់ទៅមុខ»។ លោកបានកត់សម្គាល់ថា កាលពីសប្តាហ៍មុន Huawei បានចុះអនុស្សារណៈនៃការយោគយល់គ្នាជាមួយនឹងសហភាពអាហ្វ្រិកដែលគ្របដណ្តប់ការផ្គត់ផ្គង់បណ្តាញ 5G ផងដែរ ។
ការហាមឃាត់ពីសហរដ្ឋអាមេរិកបានបង្កឲ្យក្រុមហ៊ុនផ្គត់ផ្គង់សំខាន់ៗកាត់ផ្តាច់ទំនាក់ទំនងជាមួយនឹង Huawei និងមានក្រុមហ៊ុនជប៉ុន និងចក្រភពអង់គ្លេសពន្យាពេលចេញលក់ស្មាតហ្វូនថ្មីៗរបស់ Huawei ផងដែរ ។
អ្នកវិភាគមកពី Eurasia Group បានកត់សម្គាល់កាលពីសប្តាហ៍មុនថា «ព្រោះខ្សែសង្វាក់ផ្គត់ផ្គង់ 5G មានភាពសកលខ្លាំង សកម្មភាពរបស់សហរដ្ឋអាមេរិកជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់អ្នកផ្គត់ផ្គង់ និងអតិថិជនរបស់ Huawei…»៕
កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ