រាជធានីភ្នំពេញ ៖ ៖ ដើម្បីឱ្យកម្ពុជាក្លាយជាប្រទេសមួយដែលរីកចម្រើន និងប្រកបដោយបរិយាប័ន្ន និងចីរភាព រដ្ឋាភិបាលបានកំណត់ចក្ខុវិស័យមួយចំនួនក្នុងការកសាង និងអភិវឌ្ឍន៍សេដ្ឋកិច្ច ដោយខិតខំរក្សាកំណើន សេដ្ឋកិច្ចឱ្យនៅមានលំនឹងមួយថេរ ដូចបច្ចុប្បន្នដែលឈានទៅរកប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ និងប្រទេសចំណូលខ្ពស់តាមការកំណត់របស់ខ្លួន ។
យោងតាមលោក សួស យ៉ារ៉ា អ្នកតំណាងរាស្ត្រនៃព្រះរាណាចក្រកម្ពុជា បានបង្ហាញនូវចក្ខុវិស័យមួយចំនួនដែលអាចឱ្យកម្ពុជាសម្រេចបាននូវគោលដៅរបស់ខ្លួន ដែលបានកំណត់ក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រទេស ក្នុងនោះលោកបានលើកឡើងថា នៅក្នុងស្មារតីនៃការនាំប្រទេសឆ្ពោះទៅរកទិសដៅរីកចម្រើន និងអភិវឌ្ឍប្រកបដោយចីរភាព កម្ពុជាត្រូវការយុទ្ធសាស្ត្រអភិវឌ្ឍដ៏ទូលំទូលាយ និងស៊ីជម្រៅមួយ ព្រមទាងអភិក្រមអភិវឌ្ឍន៍ដែលមានការសម្របសម្រួលគ្នាបានល្អ ។ លោកបន្តថា៖ «យុទ្ធសាស្ត្រអភិវឌ្ឍ និងកំណើនសេដ្ឋកិច្ចរយៈពេលវែងទាមទារការប្រកាន់ខ្ជាប់នូវសេដ្ឋកិច្ច និងសង្គមដែលមានបរិយាប័ន្ន ធន់ទ្រាំនឹងវិបត្តិ និងការអភិវឌ្ឍប្រកបដោយចីរភាព» ។
លោកបន្តទៀតថា យុទ្ធសាស្ត្រអភិវឌ្ឍន៍សម្រាប់កំណើនសេដ្ឋកិច្ចរយៈពេលវែងនេះ មានដូចជាទីមួយ ត្រូវអភិវឌ្ឍន៍នៅតាមទីជនបទ ព្រោះជាគន្លឹះសំខាន់ដើម្បីសម្រេចបាននូវការអភិវឌ្ឍបរិយាប័ន្ន និងប្រកបដោយចីរភាព។ ការអភិវឌ្ឍសេដ្ឋកិច្ចជនបទនឹងកាត់បន្ថយគម្លាតអភិវឌ្ឍន៍ទីក្រុង និងជនបទ ព្រមទាំងលើកកម្ពស់ភាពធន់ទ្រាំសេដ្ឋកិច្ចជាតិ ។ លោកថា ៖ «គម្រោងតេជោភូមិគំរូ១០០ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រតភ្ជាប់ចំណុច ។ ភូមិគំរូនឹងត្រូវបានផ្សារភ្ជាប់ និងប្រមូលផ្តុំគ្នាដោយផ្អែកលើគុណសម្បត្តិប្រៀបធៀបដែលមានស្រាប់និងសក្តានុពលអភិវឌ្ឍន៍ ។ ការតភ្ជាប់បណ្តាញរវាងជនបទ និងទីក្រុងនឹងជួយសម្រួលដល់ការរីកចម្រើននៃគំនិត និងចំណេះដឹង ការផ្លាស់ទីរបស់ប្រជាជន និងការបង្កើនផលិតភាពនិងនវានុវត្តន៍។ ការភ្ជាប់នេះនឹងរួមចំណែកដល់ការបង្រួមគម្លាតអភិវឌ្ឍន៍ និងការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាពនិងបរិយាប័ន្ន» ។
លោកបន្ថែមថា ដោយសារចំណេះដឹង និងដំណោះស្រាយនៅកន្លែងជាក់ស្តែង មានសារៈសំខាន់ក្នុងការកសាងភាពរីកចម្រើនមួយដែលធន់ទ្រាំនឹងវិបត្តិ និងប្រកបដោយបរិយាប័ន្ន គម្រោងតេជោភូមិគំរូ១០០នឹងដើរតួនាទីដោះស្រាយវិបត្តិទាំងនោះ។ គម្រោងនេះក៏នឹងបង្កើតកម្លាំងរុញច្រានថ្មីសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៅតាមជនបទក្នុងប្រទេសកម្ពុជាតាមរយៈការអភិវឌ្ឍនវានុវត្តន៍អភិបាលកិច្ចជនបទ ការកសាងសមត្ថភាពដឹកនាំ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ។ មុំអភិវឌ្ឍន៍មួយទៀតគឺជាការអភិវឌ្ឍទីក្រុងឆ្លាតវៃដែលជាសមាសធាតុដ៏សំខាន់នៃចក្ខុវិស័យអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា ។ ចក្ខុវិស័យនេះធ្វើតាមការបំផុសគំនិតនៃបណ្តាញទីក្រុងឆ្លាតវៃអាស៊ាន (ASCN) ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ ២០១៨ ក្នុងគោលបំណងដើម្បីកែលម្អជីវភាពរស់នៅរបស់ប្រជាជនដោយប្រើប្រាស់បច្ចេកវិទ្យា ។
ខេត្តបាត់ដំបង ភ្នំពេញ និងសៀមរាបស្ថិតនៅក្នុងចំណោមបណ្តាទីក្រុងដែលមានក្នុងបណ្តាញអាទិភាព ។ ទីក្រុងនានាត្រូវការកម្មវិធី និងផែនការអភិវឌ្ឍន៍កាន់តែប្រសើរឡើង ដើម្បីសម្រេចបាននូវការអភិវឌ្ឍទីក្រុងដែលឆ្លាតវៃ បរិយាប័ន្ន និងបរិស្ថានល្អ ។ ក្នុងគោលដៅឆ្ពោះទៅមុខ ប្រទេសកម្ពុជាត្រូវការផែនការមេដ៏ស៊ីជម្រៅមួយស្តីពីការអភិវឌ្ឍទីក្រុងឆ្លាតវៃដោយគិតគូរលើការរួមបញ្ចូលគ្នារវាងបច្ចេកវិទ្យា ទំនើបកម្ម និងប្រសិទ្ធភាពសេដ្ឋកិច្ច សម្បត្តិវប្បធម៌ ការអភិវឌ្ឍទេសចរណ៍ និងការអភិវឌ្ឍប្រកបដោយចីរភាព ។ លោកបញ្ជាក់ថា សម្រាប់មុំអភិវឌ្ឍន៍សំខាន់មួយទៀតនោះ គឺការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ។ យុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការវិនិយោគលើបច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធឌីជីថលដើម្បីចាប់យកឱកាសដែលទទួលបានពីបដិវត្តន៍ឧស្សាហកម្មទីបួន នឹងត្រូវការដំណើរការជាចាំបាច់ ។ កម្ពុជាត្រូវការលើកកម្ពស់សេដ្ឋកិច្ចឌីជីថលដើម្បីធានាថាគ្រប់គ្នាទទួលបានអត្ថប្រយោជន៍ពីបដិវត្តន៍បច្ចេកវិទ្យាដើម្បីកាត់បន្ថយផលប៉ះពាល់នៃបច្ចេកវិជ្ជា និងដើម្បីទប់ស្កាត់ហានិភ័យនៃសុវត្ថិភាពអ៊ីនធឺរណេត ។
គួរបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា បានកែទម្រង់នូវវិស័យមួយចំនួន ដើម្បីទាក់ទាញនិងសម្រួលដល់វិនិយោគិនបរទេសក៏ដូចជាវិស័យឯកជន ដែលកំពុងវិនិយោគនៅក្នុងប្រទេសកម្ពុជា ហើយរដ្ឋាភិបាលក៏បានបង្ហាញពីសុទិដ្ឋិនិយម ក្នុងការសម្រេចនូវផែនការយុទ្ធសាស្ត្ររបស់ខ្លួន ដែលបានកំណត់កន្លងមកដែរ ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ