រាជធានីភ្នំពេញ ៖ បុរសជាអ្នករត់ម៉ូតូកង់បីឥណ្ឌាម្នាក់សង្ស័យផឹកស្រវឹងបានចូលទៅកន្លែងម៉ាស្សាកោសជប់មួយកន្លែង ក្រោយជប់ខ្យល់រួច ស្រាប់តែផ្ទុះហិង្សាវាយគ្នារវាងបុរសជាអ្នករត់ម៉ូតូកង់បីឥណ្ឌា ជាមួយនឹងម្ចាស់ហាងកោសជប់ រឿងបាត់លុយអស់ជាង១០០ដុល្លារ បង្កអោយមានរបួសស្នាមរៀងៗខ្លួន ។
ហេតុការណ៍ខាងលើនេះដែរបង្កអោយមានការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង១២អាធ្រាត្រថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៩ នៅផ្ទះម៉ាស្សាកោសជប់យីហោ «៧៧៧៧ម៉ាស្សាកោសជប់ តំលៃ១ម៉ឺនរៀល» ស្ថិតនៅតាមបណ្តោយផ្លូវ៣៧២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។
បុរសជាអ្នករត់ម៉ូតូកង់បីឥណ្ឌាខាងលើឈ្មោះ សុខ ស៊ីថា ភេទប្រុស អាយុ៥០ឆ្នាំ មុខរបររត់កង់បី ស្នាក់នៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ ។ ដោយឡែកភាគីខាងម្ចាស់ផ្ទះម៉ាស្សាមិនបានអោយដឹងអត្តសញ្ញាណឡើយ ។
តាមសម្តីនារីបំរើការនៅកន្លែងម៉ាស្សាកោសជប់ខាងលើសុំមិនបញ្ចេញឈ្មោះ បានអោយដឹងថា មុនពេលកើតហេតុ គឺបុរសជាអ្នករត់ម៉ូតូកង់បីឥណ្ឌាខាងលើបានចូលទៅអោយគាត់ជប់ខ្យល់ ទាំងមានអាការៈស្រវឹង ហើយនៅពេលដែលជប់ខ្យល់ហើយ បុរសខាងលើបានទាមទារចង់រួមភេទជាមួយដែរ តែគាត់មិនព្រម រួចគាត់ក៏សុំលុយថ្លៃជប់ខ្យល់១ម៉ឺនរៀល តែពេលបុរសម្នាក់នោះបានទាញកាបូបមក ស្រាប់តែថា បាត់លុយ ។
តាមប្រភពដដែលបានបន្តថា បន្ទាប់ពីបុរសខាងលើថាបាត់លុយ ទើបផ្អើលដល់បុរសជាម្ចាស់ហាង
ម៉ាស្សាចូលទៅដល់ ក៏ស្រាប់តែបុរសជាអ្នករត់ម៉ូតូកង់បីឥណ្ឌាបានយកវិទ្យុទាក់ទងវាយទៅលើបុរសជាម្ចាស់ហាងម៉ាស្សាមុន ទើបបណ្ដាលអោយមានការតដៃគ្នាវាយទៅវិញទៅមក បណ្តាលអោយរងរបួសស្នាមរៀងៗខ្លួន ។ ដោយខាងហាងម៉ាស្សារងរបួស៣នាក់ រីឯបុរសជាអ្នករត់ម៉ូតូកង់បីឥណ្ឌាបានរងរបួស បែកក្បាលខាងមុខ ដោយខាងម្ចាស់ហាងម៉ាស្សាថា ខ្ទាតវិទ្យុទាក់ទងត្រូវ ។
ដោយឡែកខាងបុរសជាអ្នករត់ម៉ូតូកង់បីឥណ្ឌាបានអោយដឹងថា មុនពេលកើតហេតុ គាត់រៀងស្រវឹង បន្តិចបន្តួច ក៏បានបើកបរម៉ូតូកង់បីឥណ្ឌាចូលទៅជប់ខ្យល់នៅផ្ទះម៉ាស្សាខាងលើ ពេលជប់ខ្យល់រួចហើយ រៀបគិតលុយ ស្រាប់តែមើលក្នុងកាបូបបាត់លុយអស់ជាង១០០ដុល្លារ ហើយនៅពេលដែលគាត់បានឆោឡោឡើងថាបាត់លុយ ទើបទាក់សម្តីគ្នាបន្តិចបន្តួច ក៏ស្រាប់តែមានប្រុសមានស្រីក្នុងកន្លែងម៉ាស្សាកោសជប់ខាងលើបានលើកគ្នាព្រួតវាយគាត់ ដោយប្រើញញួរ ទើបបណ្ដាលអោយគាត់រងរបួសបែកក្បាល ផ្នែកខាងមុខបែបនេះ ។
ក្រោយពេលកើតហេតុ គេឃើញមានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលចាក់អង្រែលើបានចុះទៅកន្លែងកើតហេតុ រួចហើយក៍បានហៅម្ចាស់ផ្ទះ ព្រមទាំងនារីបំរើការ រួមទាំងបុរសជាអ្នករត់ម៉ូតូកង់បីឥណ្ឌាយកទៅប៉ុស្តិ៍នគរបាលចាក់អង្រែលើ ដើម្បីសាកសួរពីដំណើររឿង ។
នៅពេលទៅដល់ប៉ុស្តិ៍នគរបាល ភាគីទាំសង្ខាងបានធ្វើការប្រកែកយកត្រូវរៀងៗខ្លួន និងដាក់ពាក្យបណ្តឹង ទាមទារសំណងជំងឺចិត្តរៀងៗខ្លួន តែដល់ពេលចុងក្រោយភាគីទាំង២បានសុំស្មើគ្នាដើម្បីបញ្ចប់រឿងទៅវិញ ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ