ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស្ចារ្យ​ម៉េស ! Honda ប្រើ​កាមេរ៉ា​ជំនួស​កញ្ចក់​មើល​ចំហៀង

4 ឆ្នាំ មុន

កាលពី​ដើមខែ​នេះ​ក្រុមហ៊ុន Honda បាន​ប្រកាស​ពី​ឈ្មោះ​របស់​រថយន្ត​ប្រើប្រាស់​អគ្គិសនី ដែល​ហៅ​ថា Honda E (​ហុងដា​អ៊ី​) ​។ រថយន្ត​នេះ​មិន​យក​ទៅ​លក់​នៅ​អា​មេ​រិ​ក​នោះ​ទេ​។ វា​គឺជា​រថយន្ត​មាន​រាង​តូច​ច្រឡឹង…

កាលពី​ដើមខែ​នេះ​ក្រុមហ៊ុន Honda បាន​ប្រកាស​ពី​ឈ្មោះ​របស់​រថយន្ត​ប្រើប្រាស់​អគ្គិសនី ដែល​ហៅ​ថា Honda E (​ហុងដា​អ៊ី​) ​។ រថយន្ត​នេះ​មិន​យក​ទៅ​លក់​នៅ​អា​មេ​រិ​ក​នោះ​ទេ​។ វា​គឺជា​រថយន្ត​មាន​រាង​តូច​ច្រឡឹង ដែល​មាន​សណ្ឋាន​ស្រ​ដៀង​ទៅ​នឹង​រថយន្ត Concept កាលពី​ឆ្នាំ​២០១៧​។ នៅ​ក្នុង​ពិព័រណ៍​រថយន្តក្រុង​ហ្សឺ​ណែវ​ឆ្នាំ​២០១៩ ក្រុមហ៊ុន Honda បាន​បង្ហាញ​ពី​រថយន្ត Concept ថ្មី​មួយទៀត ដែល​នឹង​ដាក់​ផលិត​នៅ​ពេល​ខាង​មុខ​ឆាប់​ៗ ។

ក្រុមហ៊ុន​ផលិត​រថយន្ត​ជប៉ុន​មួយ​នេះ បាន​បញ្ជាក់​ថា រថយន្ត Honda e នឹង​ទទួល​បាន​នូវ​ប្រព័ន្ធ​កាមេរ៉ា​មើល​ចំហៀង​ជំនួស​ឱ្យ​កញ្ចក់​ចំហៀង ដែល​តែងតែ​មាននៅ​លើ​រថយន្ត​ទូទៅ​នា​ពេល​បច្ចុប្បន្ន ។ អ្នក​បើក​នឹង​ទទួល​បាន​រូបភាព​ផ្ទាល់​នៅ​លើ​អេ​ក្រង់​ពីរ​អ៊ី​ញ ជំនួស​ឱ្យ​ការ​មើលទៅ​កញ្ចក់​ចំហៀង​។ វា​មាននៅ​ទាំង​សងខាង ដែល​មាន​រូបភាព​ច្បាស់​ជាង​យើង​មើល​នៅ​ក្នុង​កញ្ចក់​ចំហៀង​របស់​រថយន្ត​ធម្មតា​។ ទីតាំង​របស់​អេ​ក្រង់​ទាំង​ពីរ ត្រូវ​បាន​ដាក់​នៅ​កន្លែង ដែល​យើង​ធ្លាប់​ក្រឡេក​ភ្នែក​មើល​ពេល​បើករថយន្ត​ធម្មតា​។

ដោយសារ​តែ​វា​មាន​ទំហំ​តូច​ជាង​ការ​ប្រើប្រាស់​កញ្ចក់​ចំហៀង វា​អាច​ជួយ​កាត់​បន្ថយ​ការ​ចាញ់​ខ្យល់​ដល់​ទៅ​៩០% នឹង ជួយ​ដល់​ការ​មើល​ឱ្យ​ស្រឡះ​បាន​ថែម​ទៀត​ផង​។ លើស​ពី​នេះ​ទៅ​ទៀត វា​ក៏​បន្ថយ​ការ​លឺ​សូរ​សម្លេង​ខ្យល់​ពេល​បើក​លឿន​ផង​ដែរ ព្រោះ​ផ្ទៃ​ប៉ះ​ជាមួយនឹង​ខ្យល់​គឺ​មាន​តិច​។ បន្ថែម​ពីលើ​នេះ គេ​បាន​បង្កើត​វា​ឡើង​កុំឱ្យ​មាន​ដក់​ទឹក​នៅ​ជាប់​មុខ​កាមេរ៉ា ដោយ​ដាក់​សារធាតុ Coating ពិសេស​នៅ​លើ​កញ្ចក់​ឡេ​ន​។

អ្នក​បើក​ក៏​អាច​ជ្រើសរើស​ការ​ឃើញ​ធម្មតា ឬ​ក៏ ឃើញ​ក្នុង​ផ្ទៃ​ធំ​ដូច GoPro ក៏​បាន​។ វា​ពិតជា​ជួយ​ច្រើន​មែន​ក្នុង​ការ​បើកបរ​ឱ្យ​មាន​សុវត្ថិភាព បើ​ធៀប​នឹង​កញ្ចក់​ចំហៀង​ធម្មតា​។ ចំណុច​ដែល​បាំង​ដោយ​រថយន្ត (Blind Spot) ក៏​ត្រូវ​បាន​កាត់​បន្ថយ​១០% ក្នុង​ការ​មើល​បែប​ធម្មតា និង ៩០% ក្នុង​ការ​មើល​ជា​លក្ខណៈ​ទូលាយ​ដូច GoPro​។ អេ​ក្រង់​បង្ហាញ​ខាងក្នុង​ក៏​មាន​សមត្ថភាព​អាច​បន្ថយ​ឬ​តម្លើង​ពន្លឺ​ទៅ​តាម​អាកាសធាតុ​ផង​ដែរ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា គេ​នៅ​មិន​ទាន់​ដឹង​ច្បាស់​ថា​រថយន្ត Honda e នឹង​ចេញ​លក់​នៅ​ពេល​ណា​ទេ​។ តែ​គេ​អាច​នឹង​ឃើញ​រថយន្ត​ដែល​ផលិត​រួច នៅ​ខែកញ្ញា​ខាង​មុខ​នេះ ក្នុង​ការ​តាំង​ពិ​ព័រ Frankfurt ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ