ខេត្តព្រៃវែង ៖ ផ្ទះចំនួន៣ខ្នងដែលធ្វើអំពីឈើដំបូល និងជញ្ជាំងស័ង្កសីបានបាក់រលំដួលរាបដល់ដី និងមនុស្សក្មេងចាស់ប្រុសស្រីចំនួន៣នាក់បានរងរបួសស្រាល ដោយសារតែឥទ្ធិពលនៃខ្យល់កន្ត្រាក់ដែលបោកបក់មកចំក្នុងពេលដែលមេឃកំពុងភ្លៀងខ្លាំង ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង២៥នាទីល្ងាច ថ្ងៃទី៤ មិថុនា ស្ថិតនៅចំណុចខាងក្រោមស្ពានត្សឹបាសា ហៅស្ពានអ្នកលឿង ក្នុងភូមិព្រែកខ្សាយ ឃុំព្រែកខ្សាយ(ក) ស្រុកពាមរក៌ ខេត្តព្រៃវែង ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចមូលដ្ឋានបានអោយដឹងថា ផ្ទះដែលត្រូវខ្យល់កន្ត្រាក់បោកបក់ទាំង៣ខ្នងនោះ ទី១ផ្ទះមានទំហំ៣ម៉ែត្រគុណ ៥ម៉ែត្រ មានម្ចាស់ឈ្មោះ រស់ ស្រីភ័ណ្ឌ ភេទស្រី អាយយុ៤១ឆ្នាំ ,ផ្ទះទី២ទំហំ ៤ម៉ែត្រ X ៧ម៉ែត្រ មានម្ចាស់ឈ្មោះ នៅ រ៉ានី ភេទស្រី អាយុ២៧ឆ្នាំ, និងផ្ទះទី៣ទំហំ ៤ម៉ែត្រ X ៥ម៉ែត្រ មានម្ចាស់ឈ្មោះ យ៉ន បូរ៉ា ភេទប្រុស អាយុ៣១ឆ្នាំ ។ ផ្ទះទាំង៣ខ្នងនេះជាប្រភេទផ្ទះឈើ ដំបូល និងជញ្ជាំងស័ង្កសី បានរងការខូចខាតទាំងស្រុង ដោយផ្ទះខ្លះដួលរាបដល់ដី និងផ្ទះខ្លះក្រឡាប់ក្បាលបះជើងទ្រមេឃតែម្តង ។ ក្រៅពីនេះនៅមានផ្ទះ២ខ្នងទៀតក៏បានរងគ្រោះដោយរបើកដំបូល និងជញ្ជាំងផងដែរ។
នៅក្នុងហេតុការណ៍គ្រោះធម្មជាតិ១នេះក៏បានបណ្តាលអោយមនុស្សស្រីប្រុសចំនួន៣នាក់ បានរងរបួសស្រាលផងដែរ ក្នុងនោះទី១-ឈ្មោះ ចន្ថា លីកង ភេទប្រុស អាយុ៩ខែ ទី២-ឈ្មោះ នី រ៉ូហ្សា ភេទប្រុស អាយុ១៥ឆ្នាំ និងទី៣-ឈ្មោះ សេក វណ្ណថន ភេទស្រី អាយុ៦១ឆ្នាំ បច្ចុប្បន្នអ្នកទាំង៣កំពុងសំរាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកអ្នកលឿង ៕ កែសម្រួលដោយ ៖សុឃាក់
ចែករំលែកព័តមាននេះ