ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​​​ព្រឹកឡើងស្វាងស្រាចែស…ខ្មាន់កាំភ្លើង​ចូល​មក​សារ​ភាព​ដោយ​ខ្លួនឯ​ង

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ នៅ​ព្រឹក​ថ្ងៃ​ទី​០៣ មិថុនា លោក​ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកណ្តាល ​បាន​ប្រាប់កោះសន្តិភាព​តាម​ទូ​រស​ព្ឌ័​ថា​៖ ខ្មាន់កាំភ្លើង​ដែល​បាញ់​ចំនួន​បួន​គ្រាប់​នៅ​ក្នុង​ខារ៉ា…

ខេត្តកណ្ដាល ៖ នៅ​ព្រឹក​ថ្ងៃ​ទី​០៣ មិថុនា លោក​ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកណ្តាល ​បាន​ប្រាប់កោះសន្តិភាព​តាម​ទូ​រស​ព្ឌ័​ថា​៖ ខ្មាន់កាំភ្លើង​ដែល​បាញ់​ចំនួន​បួន​គ្រាប់​នៅ​ក្នុង​ខារ៉ា អូខេ ប៊ី ហ្គោ​ល បង្ក​ការ​ភ្ញាក់ផ្អើល​ពេញ​ក្រុង​តា​ខ្មៅ​ទាំង​កណ្តាល​យប់​នោះ«​បាន​ចូលខ្លួន​មក​សារភាព​ហើយ​នៅ​កងរាជអាវុធហត្ថ​ក្រុង​តា​ខ្មៅ ហើយ​ត្រូវ​កម្លាំង​ជំនាញ​កំពុងធ្វើការ​សាក​សូរ និង​ចាត់ការ​តាម​នីតិវិធី​» ។

សូម​រំលឹក​ថា ករណី​ផ្ទុះអាវុធ​ជា​ច្រើន​គ្រាប់​ ដែល​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កណ្តាល​យប់​នោះ បាន​​ធ្វើ​ឱ្យ​
នារី​ៗ​ដែល​បំរើ​ការងារ​នៅ​ក្នុង​ខារ៉ាអូខេ ប៊ី ហ្គោ​ល រត់​បាតជើង​ស​ព្រាត​ព្រលឹង​ចុង​សក់​រៀង​ៗ​ខ្លួន មិន តែប៉ុណ្ណោះ​ ធ្វើ​អោយ​អ្នក​បើករថយន្ត​កុងតឺន័រ​មួយ​គ្រឿង ភ័យ​លស់​ព្រលឹង ដោយសារ​គ្រាប់កាំភ្លើង​ហោះ​ផ្លោង​ទៅ​ចំ​កញ្ចក់​រថយន្ត​បែក​ខ្ចាយ​ពេល​ដែល​កំពុង​បើកបរ ​។ ខ្មាន់កាំភ្លើង​នេះ​ជា​យោធា ឈ្មោះ​សាន សុច ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​ហូរ​លិច សង្កាត់​ព្រែក​ហូរ ក្រុង​តា​ខ្មៅ ។

ហេតុការណ៍​បង្ករ​អោយ​មានការ​ភ្ញាក់ផ្អើល​នេះ ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​២០​និង​៣០​នាទី​ថ្ងៃ​ទី​០២ មិថុនា នៅ​ក្នុង​ហាង​ខារ៉ាអូខេ ប៊ី ហ្គោ​ល (B-Gold) ភូមិ​ព្រែក​រាំង សង្កាត់​កំពង់​សំណាញ់ ក្រុង​តា​ខ្មៅ ដែល​ជា​ហាង​ធំ​មួយ​មាន​ល្បីឈ្មោះ​យូរ​មក​ហើយ​ខាង​សប្បាយ​ៗ និង​ខាង​រត់​ចែក​ជើង​គ្នា ។ បន្ទាប់​ពី​បាញ់​ដ៏​កក្រើក​​រួច​មក បាន​បន្សល់​ទុក​ស្រោម​កាំភ្លើង​ពណ៌​ខ្មៅ​ចំនួន​០១ សោរ​ម៉ូតូ​១​ចង្កោម​មាន កូនសោ​ម៉ូតូ​១ កូនសោ​រថយន្ត​១ តេ​ឡេ​រថយន្ត​១ គ្រាប់​កាំភ្លើងខ្លី ម៉ា​កឡុក​ចំនួន​០៤ បាញ់​ផ្ទុះ​អស់​៣​គ្រាប់​(​លេខ​A-USA 9MM-LUGER)​។

ខ្មាន់​កាំភ្លើង​បាន​ជិះ​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា C125 ពណ៌​ខ្មៅ ស៊េរី​២០១៩ ចូល​ផឹកស៊ី​ច្រៀង​ខារ៉ាអូខេ នៅ​ហាង​B Gold បន្ទប់​លេខ​888 ជាមួយ​មិត្តភក្ដិ ប្រុស​ពីរ​នាក់​ទៀត មិន​ស្គាល់ឈ្មោះ ។ ពេល​គ្រឿង​ស្រវឹង​ចូល​ក្នុង​ខ្លួន​ហើយ​ស្រាប់តែ​ឈ្លោះប្រកែក​គ្នា បន្ទាប់​មក​គេ​ឃើញ​មន្ត្រី​យោធា​រូប​នេះ ​ដើរ​ចេញ​មក​ក្រៅ​ហាង​ចាក់សោ​កែបម៉ូតូ​យក​កាំភ្លើងខ្លី​ម៉ា​កឡុក​ពណ៌​ខ្មៅ កាន់​ដើរ​ចូល​ទៅ​បាញ់​ក្នុង​ហាង​ចំនួន​០៤​គ្រាប់ តែ​ផ្ទុះ​​៣​គ្រាប់ ហើយ​ស្រែ​កថា «​អញ​ឈ្មោះ អា​សុច អាណា​ខ្លាំង​ចេញ​មក ​អញ​បាញ់​ឲ្យ​ងាប់​» រួច​ហើយ​ដើរ​ចេញ​មក​វិញ​ឡើង​ជិះ​ម៉ូតូ​តាម​ផ្លូវ​១១៥ ​ទៅ​ទិស​ខាងលិច​រួច​បាញ់​ឡើង​លើ​០១​គ្រាប់​ទៀត​យកជ័យ តែ​មិន​បណ្តាល​ឱ្យ​មាន​អ្នក​របួស​ទេ ហើយ​ក៏​គេចខ្លួន​បាត់​ទៅ ។

ក្រោយ​ពេល​ភ្ញាក់ផ្អើល រត់​ជាន់​គ្នា​ទាំង​យប់​មក សមត្ថកិច្ច​ក៏​បាន​ទៅ​ធ្វើ​អន្តរាគមន៍​ក្នុង​ហាង​នេះ ដោយ​ប្រមូល​​បាន​រូបភាព​អ្នកក្លាហាន​ដៃ​កាន់​កាំភ្លើងខ្លី​តាម​កាមេរ៉ា​សុ​វត្តិភាព​ដើម្បី​កំណត់​មុខសញ្ញា ។ ទំនង​អ្នក​បាញ់​ដេក​អត់​លក់​ទេ​ពេញ​មួយ​យប់ ​។ លុះ​ព្រឹក​ឡើង​ស្វាង​ស្រា​ក៏​ចូល​មក​សារភាព​នៅ​កងរាជអាវុធហត្ថ​យ៉ាង​សុភាព មិន​ហ៊ាន​កាច​ដូច​ពី​យប់​ទេ ។

តាម​ព័ត៌មាន​ចុង​ក្រោយ​បានឱ្យ​ដឹង​ថា មន្ត្រី​យោធា​ដែល​រពឹសដៃ​ខាង​បាញ់​កាលពី​យប់​នៅ​ហាង​ខា​រ៉ា​អូ​ខ នៅ​រសៀល​ថ្ងៃ​៣ មិថុនា ត្រូវ​បាន​តុលាការ​ចោទប្រកាន់​២​បទល្មើស គឺ ១-​ធ្វើ​ឱ្យ​ខូចខាត​ដោយ​អ​ចេតនា​និង​២-​ប្រើប្រាស់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត ។ មន្ត្រី​យោធា​រូប​នេះ ត្រូវ​បាន​សម្រេច​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ ​។ (សម្រួលដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ