ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អុញ​នោះ​! យុទ្ធនាការ​ហូប​នំ​បញ្ចុក​ថ្ងៃ​៩​មិថុនា សមាជិក​បក្ស​កាន់​អំណាច​ចូលរួម​ច្រើន​ជាង​សមាជិក​បក្ស​ប្រឆាំង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ និង​ជា​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥ​សាន បាន​អះអាង​ថា យុទ្ធនាការ​ហូប​នំ​បញ្ចុក នៅ​ថ្ងៃ​ទី​៩ ខែមិថុនា​ខាង​មុខ​នេះ​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​នឹង​មាន​ចំនួន​ច្រើន​ជាង​អតីត​សមាជិក​គណបក្សប្រឆាំង…

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ និង​ជា​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥ​សាន បាន​អះអាង​ថា យុទ្ធនាការ​ហូប​នំ​បញ្ចុក នៅ​ថ្ងៃ​ទី​៩ ខែមិថុនា​ខាង​មុខ​នេះ​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​នឹង​មាន​ចំនួន​ច្រើន​ជាង​អតីត​សមាជិក​គណបក្សប្រឆាំង ។ លោក សុខ ឥ​សាន បាន​ឲ្យ​ដឹង​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម នៅ​ថ្ងៃ​ទី​៤ មិថុនា​ថា យុទ្ធនាការ​ហូប​នំ​បញ្ចុក គឺជា​វិធី​យក​ពូថៅ​វាយ​ក្បាលដែកគោល គណបក្ស​ប្រជាជន​កម្ពុជា​បាន​បើក​យុទ្ធនាការ​ហូប​នំ​បញ្ចុក នៅ​ថ្ងៃ​ទី​៩ ខែមិថុនា ២០១៩ ហូប​រួម​គ្នា​នៅ​ទូ​ទាំង​ប្រទេស ។

លោក​បន្ត​ថា សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ពិតជា​មាន​ចំនួន​ច្រើន​លើសលុប លើ​ក្រុម​ឧទ្ទាម​ក្រៅច្បាប់ (CNRP) យ៉ាង​ពិតប្រាកដ ពីព្រោះ​គ្រាន់តែ​អ្នកបោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​មាន ៧៧, ៧៨% ឬ​៨៣,០២% នៃ​ប្រជាជន​មានឈ្មោះ​ក្នុង​បញ្ជី​របោះ​ឆ្នោត និង​បាន​ទៅ​បោះ​ឆ្នោត ។ ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​គណបក្សកាន់អំណាច​នេះ​បន្ទាប់​ពី​លោក​សម រ​ង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​អំពាវនាវ​ដល់​សមាជិក​ជន​ខ្លួន​ធ្វើ​ទិវា​ហូប​នំ​បញ្ចុក នៅ​ថ្ងៃ​ទី​៩ ខែមិថុនា ហើយ​ថា បើ​ខាង​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ហៅ​ហូប​ក៏​ហូប​ជាមួយ​គ្នា​ទៅ ។

យ៉ាងណា​ក្តី​លោក សុខ ឥ​សាន​បាន​លើក​ឡើង​ថា ក្រុម​ឧទ្ទាម​មាន​សង្ឃឹមថា បាន​ស៊ី​នំ​បញ្ចុក​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា គឺជា​ការ​អត់​ផ្លូវ​ទេ សម្រាប់​ក្រុម​មេ​ឧទ្ទាម​ក្រៅច្បាប់ ។ លោក​បញ្ជាក់​ថា «​កុំ​ឆ្លៀតឱកាស​បើក​ទូលាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ចង់​មក​ប្លម​ដែរ​នោះ ។ គណបក្ស​ប្រជាជន​កម្ពុជ​បើកភ្លើង​ខៀវ​ស្វាគមន៍ តែ​ចំពោះ​អតីត​សមាជិក​តែ​ប៉ុណ្ណោះ »​។ ជាមួយ​គ្នា​នោះ​ដែរ លោក​សុខ ឥ​សាន ក៏​បាន​លើក​ឡើង​ថា ផ្លូវ​ដែល​មេក្រុម​ឧទ្ទាម​ក្រៅច្បាប់ កំពុង​ធ្វើ គឺជា​នយោបាយ​របស់​មេ​ឧទ្ទាម​ក្រៅច្បាប់ គឺ​ចង់​ចូល​ស្រុក ។ ប៉ុន្តែ​ដោយសារ​ខ្លួន​ជាប់​សាលដីកា​របស់​តុលាការ ទើប​មេ​ឧទ្ទាម​ក្រៅច្បាប់​នេះ​មិន​ហ៊ាន​អើត​ក្បាល​ចូល​មក​ក្នុងស្រុក​ដោយ​គ្រាន់តែ​ប្រើ​ការ​ឃោសនា​បោកប្រាស់​អ្នក​ជឿ​យក​លុយ និង​បន្ត​អាជីព​នយោបាយ​តាម​មហិច្ឆតា​របស់​ខ្លួន ។ លោក​ក៏​បាន​បញ្ជាក់​ថា​«​ឥឡូវ​សភាពការណ៍​ទុំ​ជោរ​ហើយ ក្រុម​ឧទ្ទាម​ក៏​កាន់តែ​ចូល​ជ្រៅ​ទៅ​ក្នុង​អត់​លទ្ធភាព​វិល​ចូល​ស្រុក​ដែល​ធ្វើ​ឲ្យ​ជីវិត​នយោបាយ​របស់​ពួក​គេ​ត្រូវ​បញ្ចប់​ជា​ស្ថាពរ​» ។

សូម​ជម្រាប​ថា តាម​ការ​សង្កេត​បន្ទាប់​ពី​ប្រមុខ​ដឹកនាំ​គណបក្សកាន់អំណាច និង​អតីត​ប្រមុខ​ដឹកនាំ​គណបក្សប្រឆាំង​បាន​ប្រកាស​យក ថ្ងៃ​ទី​៩ ខែមិថុនា ជា​ថ្ងៃ​ហូប​នំ​បញ្ចុក​មក​នៅ​លើ​បណ្តាញ​សង្គម​ឃើញ​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​បង្ហោះ​រូប​នំ​បញ្ចុក​យ៉ាង​ព្រោងព្រាត ។ ការ​យក​ថ្ងៃ​ហូប​នំ​បញ្ចុក​នេះ​ដែរ បាន​ធ្វើ​ផ្តល់​ឱកាស​ចំពោះ​អ្នក​ធ្វើ​អាជីវកម្ម​នំ​បញ្ចុក ប៉ុន្តែ​ក៏​មាន​វិបត្តិ​ផង​ដែរ​ព្រោះ​គ្មាន​នំ​បញ្ចុក​សម្រាប់​ហូប បើសិន​អ្នកមាន​ចំនួន​ច្រើន​ពោល គឺ​នៅ​ទូ​ទាំង​ប្រទេស​នោះ ៕ កែសម្រួល​ដោយ ៖​សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ