ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនជាតិ​ដើម​ភាគតិច​មានការ​ភ័យ​ខ្លាច​គេ​យក​ដី​ទុក​ឲ្យ​ក្រុមហ៊ុន

4 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ជនជាតិ​ដើម​ភាគតិច​រស់នៅ​ភូមិ​ពូ​ត្រុំ សង្កាត់រ​មនា បាន​នាំ​គ្នា​ទៅ​សាលា ក្រុង​សែន​មនោ​រម្យ នា​ព្រឹក​ថ្ងៃ​ទី​០៣ មិថុនា ២០១៩ ដើម្បី​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​អាជ្ញាធរ…

ខេត្តមណ្ឌលគិរី ៖ ជនជាតិ​ដើម​ភាគតិច​រស់នៅ​ភូមិ​ពូ​ត្រុំ សង្កាត់រ​មនា បាន​នាំ​គ្នា​ទៅ​សាលា ក្រុង​សែន​មនោ​រម្យ នា​ព្រឹក​ថ្ងៃ​ទី​០៣ មិថុនា ២០១៩ ដើម្បី​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​អាជ្ញាធរ ក្រោយ​ពួក​គាត់​ឃើញ​មន្ត្រី​បរិស្ថាន​នាំ​គ្នា​ចុះ​បង្គោល​តាម​ដីចំការ និង​ដី​ព្រៃ​ជា​ច្រើន​កន្លែង គ្មាន​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ដោយ​ពួក​គាត់​ភ័យ​ខ្លាច​គេ​យក​ដី​ទុក​ឲ្យ​ក្រុមហ៊ុន ។

តំណាង​ប្រជា​សហគមន៍​រស់នៅ​ភូមិ​ពូ​ត្រុំ​បាន​ឲ្យ​ដឹង​ថា មាន​ប្រជាពលរដ្ឋ​ប្រមាណ​ជិត​១០០​នាក់ បាន​នាំ​គ្នា​ទៅ​កាន់​សាលាក្រុង ដើម្បី​សុំ​ឲ្យ​លោក​អភិបាល​ជួយ​ពិនិត្យ និង​រក​ដំណោះស្រាយ ករណី​មាន​មន្ត្រី​បរិស្ថាន​ចុះ​បោះបង្គោល​ព្រំ​ដី​នៅ​ជា​ច្រើន​ចំនុច​ជិត​តំបន់​ទឹកធ្លាក់​ក្បាល​ព្រះ ដែល​កំពុង​លេចឮ​ថា​មាន​ក្រុមហ៊ុន​មួយ​កំពុង​ស្នើរ​សុំ​អភិវឌ្ឍន៍​ដី​ទីនោះ​ទៅ​ជា​កន្លែង​កម្សាន្ត ។

ករណី​ខាងលើ​អ្នក​ភូមិ​មានការ​ព្រួយបារម្ភ​អំពី​ការ​បាត់បង់​ដីធ្លី​ដូច​ជា ដីចំការ ដី​តំណម និង​ដី​កប់ខ្មោច​ជាដើម ។ មិន​ត្រឹមតែ​នាំ​គ្នា​ទៅ​កាន់​សាលាក្រុង​នោះ​ទេ ក្រុម​អ្នក​ភូមិ​បាន​ដាក់​លិខិត​ជំទាស់​នឹង​តវ៉ា​ទៅ​អភិបាលខេត្ត ដោយ​បាន​លើក​ឡើង​ថា ពួក​គាត់​កើតទុក្ខ​មិន​សុខចិត្ត​សុំ​ប្តឹង​ចំពោះ​ករណី​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី ព្រមទាំង​ប្រធាន​សហគមន៍​នៅ​ក្នុងភូមិ​ពូ​ត្រុំ ដែល​បាន​នាំ​គ្នា​ទៅ​ដាក់​បង្គោល​យក​ដី ចំនួន​៧២​ហិ​កតា នៅ​ត្រង់​ចំនុច​ទឹកធ្លាក់​ក្បាល​ព្រះ សម្រាប់​ឲ្យ​ទៅ​ក្រុមហ៊ុន ធ្វើការ​វិនិយោគ​ដោយ​គ្មាន​ការពិគ្រោះ​យោបល់​ពី​អ្នក​ភូមិ ។

ក្នុង​លិខិត​ដដែល​អ្នក​ភូមិ​ពូ​ត្រុំ​បាន​ស្នើរ​សុំ​ដល់​អភិបាលខេត្ត​មណ្ឌលគិរី​ពិចារណា​លើ​ការ​ប្តឹង​ជំទាស់ ចំពោះ​ការ​វិនិយោគ​នៅ​លើ​ផ្ទៃដី​៧២​ហិ​កតា​នេះ​ដែល​ជា​គម្រោង​ប៉ះពាល់​ដល់​ដី​តំណម និង​ព្រៃ​ខ្មោច​ចាស់ ដែល​អ្នក​ភូមិ​ទាំងអស់​គ្នា​កំពុង​ថែរក្សា​យូរយា​ណាស់​រហូត​មក​ដល់​បច្ចុប្បន្ន ។

ឆ្លើយ​តប​ករណី​ខាងលើ​នេះ​លោក​ឡុ​ង វិបុល អភិបាលក្រុង​សែន​មនោ​រម្យ​បាន​ឲ្យ​ដឹង​ថា ការ​ចុះ​បោះបង្គោល​តាម​ដី​សហគមន៍ ឬ​ដីចំការ​នានា​នៅ​ក្បែរ​ទឹកធ្លាក់​ក្បាល​ព្រះ គឺ​មន្ត្រី​ជំនាញ​គ្រាន់តែ​កំណត់​ឲ្យ​បាន​ច្បាស់​ថា តើ​ដី​ណាមួយ​ជាក​ម្មសិ​ទ្ឋ​របស់​អ្នក​ភូមិ ឬ​ដី​ព្រៃ​សម្រាប់​កប់ខ្មោច ពោល​ចែក​ឲ្យ​ដាច់​រវាង​ដី​សម្រាប់​ការ​អភិវឌ្ឍន៍​ទៅ​ជា​តំបន់​អេកូ​ទេសចរណ៍ ដែល​បម្រើ​ផលប្រយោជន៍​ដល់​សាធារណៈ ជា​ពិសេស​បងប្អូន​ដែល​រស់នៅ​ក្នុង​មូលដ្ឋាន​ផ្ទាល់​តែ​ម្តង ។ លោក​អភិបាលក្រុង​ថា ការ​វិនិយោគ​របស់​ក្រុមហ៊ុន​នឹង​ហុច​ផល​វិជ្ជមាន​ជា​ច្រើន​ដល់​ប្រជា​សហគមន៍ នៅ​ពេល​មានការ​អភិវឌ្ឍ​បាន​ល្អ​ស្អាត​អ្នក​ភូមិ​អាច​លក់​ផលិតផល​នានា​ជូន​ភ្ញៀវ​ទេសចរណ៍ ដើម្បី​បង្កើន​ចំណូល​ប្រចាំ​ថ្ងៃ​ផ្គត់ផ្គង់​គ្រួសារ ។

ចំណែក​លោក កែវ សុភ​គ៌ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី​បាន​ឲ្យ​ដឹង​យ៉ាង​ខ្លី​ថា ករណី​តវ៉ា​នេះ​ប្រជាពលរដ្ឋ​គាត់​នៅ​តែ​មានការ​ព្រួយបារម្ភ​អំពី​ការ​បាត់បង់​ដី​កម្ម​សិទ្ធ របស់​ពួក​គាត់​ដែល​កំពុង​អាស្រ័យ​ផល​តាំងពី​ដើម​មក ។ ប៉ុន្តែ​ជា​ការ​ពិត​វា​មិន​ដូច​អ្វី​ដែល អ្នក​ភូមិ​កំពុង​គិត​នោះ​ទេ ។ទោះជា​យ៉ាងណា​គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​ក្រុមហ៊ុន​ណា​នោះ​ទេ ដែល​ត្រូវ​ចូល​ទៅ​វិនិយោគ​នៅ ទឹកជ្រោះ​ក្បាល​ព្រះ តែបើ​តាម​ប្រភព​មាន​ក្រុមហ៊ុន​ចំនួន​៧​ដែល​បាន​ដាក់​សំណើរ​ទៅ​ក្រសួងបរិស្ថាន ដើម្បី​អភិវឌ្ឍន៍​ដី​នោះ​តំបន់​នោះ​លើ​ទំហំ​ផ្ទៃដី​ចំនួន​៧០​ហិ​កតា ៕ កែសម្រួលដោយ ៖សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ