ខេត្តព្រៃវែង ៖ ផ្ដើមចេញពីរឿងសាងសង់សាលាឆាន់ ក្នុងវត្តកញ្ចំ ដែលស្ថិតក្នុងភូមិកញ្ចំ ឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែង ដែលពុទ្ធបរិស័ទនិងសប្បុរសជនជិតឆ្ងាយបានចូលលុយកសាងគ្រប់ប្លង់ គ្រប់កន្លែងអស់ទៅហើយនោះ ចុងក្រោយបែរជានៅជំពាក់លុយ ថ្លៃសម្ភារៈដល់ទៅ១១ម៉ឺនដុល្លារ ធ្វើអោយពុទ្ធបរិស័ទក្តៅក្រហាយ រហូតដល់ថ្នាក់ផ្ទុះការតវ៉ាទាមទារបណ្ដេញចៅអធិការចេញពីវត្តតែម្តង។
អធិករណ៍នេះបានផ្ទុះឡើងកាលពីព្រឹកថ្ងៃទី២ មិថុនា នៅក្នុងបរិវេណវត្តកញ្ចំ ហើយភ្លាមៗនោះ ក៏មានការចុះជួយសម្របសម្រួលពីខាងអាជ្ញាធរ និងមន្ត្រីធម្មការស្រុកផងដែរ។
តាមប្រភពពីពលរដ្ឋបានអោយដឹងថា ពួកគាត់ជាពុទ្ធបរិស័ទចំណុះជើងវត្តកញ្ចំទាំង២៥៥គ្រួសារធ្វើការតវ៉ាបណ្ដេញចៅអធិការវត្តកញ្ចំ ព្រះនាមរស់ សុផាន ចេញពីវត្ត ដោយសារសង្ឃអង្គនេះបានស៊ីដាច់លុយដែលពុទ្ធបរិស័ទបានចូលសាងសង់សាលាឆាន់ចំនួន១១ម៉ឺនដុល្លារ។
តាមប្រភពពីប្រជាពលរដ្ឋបន្តថា ការសាងសង់សាលាឆាន់នេះ មានបច្ច័យគ្រប់គ្រាន់អស់ហើយ ដោយបានពីពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់ចូលរួម ដោយអ្នកខ្លះបានចូលសរសរ ខ្លះចូលទ្វារ ខ្លះបង្អួច ដំបូល ក្បឿង បង្កាន់ដៃ ផ្ទាំងគំនូរ និយាយរួមគឺគ្រប់ប្លង់គ្រប់កន្លែងទាំងអស់ ហើយកន្លែងនីមួយៗក៏មានឈ្មោះសប្បុរសជនអស់ហើយដែរ ហើយលុយទាំងអស់គឺចៅអធិការវត្តជាអ្នកកាន់ ប៉ុន្តែពេលសាលាឆាន់សាងសង់រួចថ្មីៗនេះ ស្រាប់តែចៅអធិការវត្តប្រាប់ថា នៅជំពាក់ថ្លៃសម្ភារៈគេដល់ទៅ១១ម៉ឺនដុល្លារទៅវិញ។
តាមប្រភពពីប្រជាពលរដ្ឋបានបន្តទៀតថា លុះដល់ពេលពុទ្ធបរិស័ទសួរថាតើបាត់លុយទៅណាអស់? ចៅអធិការបានប្រាប់ថា ដកយកទៅកសាងសមិទ្ធិផលបន្តិចបន្តួចក្នុងវត្ត។ ពុទ្ធបរិស័ទមិនអស់ចិត្ត ព្រោះក្នុងវត្តមិនឃើញមានកសាងអ្វីសោះ ហើយគណៈកម្មការវត្តក៏ថាមិនបានដឹង ទើបនាំគ្នាសួរដេញដោល ហើយទាមទារអោយបង្ហាញវិក្កយបត្រ តែចៅអធិការវត្តថាអត់មាន ទើបពុទ្ធបរិស័ទអស់ជំនឿ ហើយសន្មត់ថា លុយ១១ម៉ឺនដុល្លារនោះត្រូវចៅអធិការវត្តស៊ីដាច់ហើយ ទើបនាំគ្នាប្តឹងតវ៉ាទាមទារបណ្តេញចៅអធិការចេញពីវត្តតែម្តង។
លោក ឡាក់ សុធី ប្រធានមន្ទីរធម្មការ និងសាសនាខេត្តព្រៃវែង បានអោយដឹងថា នៅចំពោះមុខ ក្រោយពីមានការតវ៉ាពីពុទ្ធបរិស័ទច្រើន ព្រះគ្រូចៅអធិការវត្ត រស់ សុផាន បាននិមន្តចេញពីវត្តកញ្ចំ ទៅគង្គនៅវត្តទ្រាជាបណ្តោះអាសន្នសិន ។ លោកប្រធានមន្ទីរបានបន្តថា ជុំវិញរឿងរ៉ាវចោទប្រកាន់ខាងលើនេះ គឺនៅមិនទាន់មានភស្តុតាងច្បាស់លាស់នៅឡើយទេ ប៉ុន្តែលោកបានបញ្ជាអោយមន្ត្រីធម្មការស្រុក រួមជាមួយអាជ្ញាធរស្រុក ធ្វើការកោះអញ្ជើញភាគីពាក់ពន្ធ័ មកប្រជុំដោះស្រាយនៅថ្ងៃទី៤ មិថុនា នេះជាបន្តទៀត ដើម្បីរកអោយឃើញការពិត ងាយស្រួលចាត់វិធានការ ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ