រាជធានីភ្នំពេញ ៖ សម្តេចតេជោហ៊ុន សែន នាយកដ្ឋមន្ត្រីបានស្នើឲ្យសមាជិកសមាជិការគណបក្សប្រជាជនកម្ពុជាទូទាំងប្រទេសយកថ្ងៃទី៩ ខែមិថុនាខាងមុខនេះ ធ្វើកម្មវិធីហូបនំបញ្ចុកទាំងអស់គ្នា ។ ការស្នើរបស់ប្រមុខដឹកនាំគណបក្សប្រជាជនកម្ពុជានេះធ្វើឡើង ដើម្បីបញ្ឈឺទៅកាន់ក្រុមប្រឆាំងដែលបានប្រកាសកើនអ្នកគាំទ្រខ្លួនធ្វើទិវា៩មិថុនា ជាថ្ងៃហូបនំបញ្ចុក ។
សម្តេចតេជោបានលើកឡើងនៅថ្ងៃទី៣ ខែមិថុនា ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតបញ្ចប់ការសិក្សានៅសាលាវិទ្យាល័យភូមិន្ទភ្នំពេញថា នំបញ្ចុកស្នេហាជាតិជាយុទ្ធសាស្ត្រ របស់ក្រុមប្រឆាំងដែលចង់ប្រើមនោគមន៍ថា អ្នកហូបនំបញ្ចុក គឺគាំទ្រខ្លួន ដើម្បីប្រឆាំងនឹងរាជរដ្ឋាភិបាល ។ សម្តេចតេជោបានបន្ថែមថា សូមឲ្យសមាជិកសមាជិកគណបក្សប្រជាជនទាំងអស់យកថ្ងៃទី៩ ខែមិថុនាខាងមុខនេះ បើកវេទិការហូបនំបញ្ចុកនៅទូទាំងប្រទេស ។
សម្តេចថា ៖«បើគេយកថ្ងៃទី៩ មិថុនា ជាទិវាស៊ីនំបញ្ចុក យើងក៏យកថ្ងៃទី៩ នឹងហូបនំបញ្ចុកទាំងអស់គ្នា ហើយបើគេហៅស៊ីយើងក៏ស៊ីទៅ» ។ សម្តេចតេជោក៏បានឲ្យដឹងថា ប្រសិនបើគេ(ក្រុមប្រឆាំង) បង្កើតអ្វីដែលមានគំនិតជា ឧទ្ធាមក្រៅច្បាប់សមាជិកគណបក្សប្រជាជនធ្វើនឹងតប (បន្លាជួសបន្លា) តែលើកលែងតែក្រុមប្រឆាំងនាំគ្នាស៊ីដុំថ្មយើងមិនធ្វើតាមទេ គឺទុកឲ្យក្រុមនឹងស៊ីចុះ ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ