ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​យំ​លែង​ចេញ ខណៈ​រាំងភ្លៀង​យូរ ធ្វើ​ឱ្យ​ពោតក្រហម​ខូចខាត​អស់​ជាង​​១​ពាន់​ហិ​កតា

4 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ដំណាំ​ពោតក្រហម​របស់​ប្រជាពលរដ្ឋ​នៅ​ភូមិបរ​តាំង​ស៊ូ ភូមិប​រយ៉ា​ខា ភូមិ​រោងចក្រ ភូមិបរ​ហ៊ុយ សង្កាត់​ប​រយ៉ា​ខា ក្រុងប៉ៃលិន និង​នៅ​ភូមិ​អូរ​រអិល ភូមិ​បឹង​ព្រលិត…

ខេត្ត​ប៉ៃលិន ៖ ដំណាំ​ពោតក្រហម​របស់​ប្រជាពលរដ្ឋ​នៅ​ភូមិបរ​តាំង​ស៊ូ ភូមិប​រយ៉ា​ខា ភូមិ​រោងចក្រ ភូមិបរ​ហ៊ុយ សង្កាត់​ប​រយ៉ា​ខា ក្រុងប៉ៃលិន និង​នៅ​ភូមិ​អូរ​រអិល ភូមិ​បឹង​ព្រលិត ភូមិ​អណ្តូង​ថ្ម ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ និង​ភូមិ​ផ្សេង​ៗ​ជា​ច្រើន​ទៀត ក​ពុង​ទទួល​រង​ការ​ស្វិត​ស្រពោន និង​ងាប់​ជា​បណ្តើរ​អស់​ជា​ង​១ពាន់​​ហិ​កតា ខណៈ​អាកាសធាតុ​ក្តៅ​ខ្លាំង និង​រាំងភ្លៀង​អស់​រយៈពេល​ជាង​១​ខែ​។

តាម​ប្រភព​ព័​ត័​មាន​ពី​បុរស​ម្នាក់​ឈ្មោះ សុខ វ៉េ​ន អាយុ​៥០​ឆ្នាំ រស់នៅ​ក្រុងប៉ៃលិន បាន​រៀបរាប់​ឱ្យ​ដឹង​ថា គាត់​បាន​ដាំពោត​ក្រហម​ចំនួន​៦​ហិ​កតា នៅ​ក្នុង​ដីចម្ការ​១​កន្លែង ស្ថិត​នៅ​ចំណុច​បរ​ថ្មី ក្នុងភូមិ​បរ​តាំង​ស៊ូ ដោយ​ដំណាំ​នេះ​កំពុង​តែ​ដុះ​លូតលាស់​យ៉ាង​ល្អ​រហូត​ដល់​ប្រវែង​ជាង​កន្លះ​ម៉ែត្រ​ទៅ​ហើយ ស្រាប់តែ​មេឃ​រាំងភ្លៀង​រយៈពេល​យូរ បណ្តាល​ឱ្យ​ក្លាយទៅជា​ស្វិត​ស្រពោន និង​ងាប់​ជា​បណ្តើរ​ៗ​ពេញ​ផ្ទៃ​ចម្ការ​អស់ហើយ ។

លោក​បាន​បន្ត​ទៀត​ថា មើលទៅ​គ្មាន​សង្ឃឹម​អ្វី​សូ​ម្បី​តែ​បន្តិច​នោះ​ឡើយ បើ​ទោះបីជា​នៅ​ថ្ងៃ​ខាង​មុខ​មាន​ភ្លៀង​ធ្លាក់​ក៏​ដោយ គឺ​ហួសពេល​បាត់​ទៅ​ហើយ ។ លោក​បញ្ជាក់​ថា ឆ្នាំ​នេះ​ខាត​អស់​ច្រើន ព្រោះ​លោក​បាន​ចងការ​ប្រាក់​ពី​មីក្រូហិរញ្ញវត្ថុ​យក​ទៅ​ទិញ​គ្រាប់ពោត ទិញ​ជី និង​ទិញ​ថ្នាំ​បាញ់​ស្មៅ ថ្នាំ​ប៉ូវ​ដើម​ថែម​ទៀត ព្រោះ​សង្ឃឹមថា ក្រោយ​ប្រមូល​ផល​លក់​បាន​ នឹង​យក​ប្រាក់​ទៅ​សងបំណុល​គេ តែ​បែរជា​ជួប​គ្រោះ​រាំង​ស្ងួត​ដ៏​យូរ​បែប​នេះ​ទៅ​វិញ ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក សាយ សុ​ផាត ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​ប៉ៃលិន បានឱ្យ​ដឹង​ថា រហូត​មក​ដល់​ពេល​នេះ​ប្រជា​កសិករ​ដែល​ដាំ​ដំណាំ​ពោតក្រហម​កំពុង​ជួប​គ្រោះ​រាំង​ស្ងួត​អស់​រយៈពេល​យូរ បណ្តាល​ឱ្យ​ដំណាំ​ពោត​ស្វិត និង​ងាប់​ស្ទើរ​ទូ​ទាំង​ខេត្ត​អស់​ចំនួន​៨៣០​ហិ​កតា ដោយ​ខាង​មន្ទីរ​កំពុងធ្វើការ​ស្រង់​ស្ថិតិ​បន្ថែម​ទៀត ។

លោក​បន្ត​ទៀត​ថា តាម​ការ​ប៉ាន់ស្មាន គឺ​អាច​ងាប់​រហូត​ដល់​ជាង​១០០០​ហិ​កតា បើសិនជា​មេឃ​មិន​មាន​ធ្លាក់​ភ្លៀង​នោះ ។ ចំណែក​ដំណាំ​ពោត​ដែល​នៅ​សេស​សល់ក៍​មិនសូវ​បង្កើន​ផល​ច្រើន​ដែរ​ព្រោះ​ខ្វះ​ទឹក ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ