ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនួយ​របស់​ជប៉ុន​នឹង​ជួយ​បង្កើន​សមត្ថភាព​ទ្វេ​ដង​លើ​ការ​គ្រប់គ្រង ទំនិញ​កុងតឺន័រ​ប្រភេទ ២០​ហ្វី​ត (TEUs) នៅ​កំពង់​ផែ​ព្រះ​សីហ​នុ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ថ្នាក់ដឹកនាំ​ប្រទេស​កម្ពុជា​និង​ជប៉ុន​បាន​ចុះហត្ថលេខា​ជា​ផ្លូវការ​ហើយ​នា​ថ្ងៃ​ទី ៣១ ខែឧសភា ឆ្នាំ​២០១៩ សម្រាប់​ការ​ផ្តល់​ជំនួយ​ឥត​សំណង​របស់​រដ្ឋាភិបាល​ជប៉ុន​ដល់​ការ​អភិវឌ្ឍន៍​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ សម្រាប់​ការ​អនុវត្ត​កម្មវិធី​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម (​សាងសង់​ស្ថានីយ​កុង​តឺ​ណឺ​)…

រាជធានី​ភ្នំពេញ ៖ ថ្នាក់ដឹកនាំ​ប្រទេស​កម្ពុជា​និង​ជប៉ុន​បាន​ចុះហត្ថលេខា​ជា​ផ្លូវការ​ហើយ​នា​ថ្ងៃ​ទី ៣១ ខែឧសភា ឆ្នាំ​២០១៩ សម្រាប់​ការ​ផ្តល់​ជំនួយ​ឥត​សំណង​របស់​រដ្ឋាភិបាល​ជប៉ុន​ដល់​ការ​អភិវឌ្ឍន៍​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ សម្រាប់​ការ​អនុវត្ត​កម្មវិធី​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម (​សាងសង់​ស្ថានីយ​កុង​តឺ​ណឺ​) ដែល​មាន​ទឹកប្រាក់ ២០០​លាន​យ៉េន​ជប៉ុន (​ប្រមាណ​ជាង ១.៨​លាន​ដុល្លារ​អា​មេ​រិ​ក​) ដែល​ជំនួយ​មួយ​នេះ​នឹង​ជួយ​ប្រែក្លាយ​កម្ពុជា​ទៅ​ជា​កន្លែង​ប្រមូលផ្តុំ​ទំនិញ​ឆ្លងកាត់​នៅ​ក្នុង​តំបន់​អាស៊ាន ជាមួយនឹង​ការ​បង្កើន​សមត្ថភាព​គ្រប់គ្រង​ទំនិញ​បាន​ដល់​៩០​ម៉ឺន​កុងតឺន័រ​ប្រភេទ ២០​ហ្វី​ត (TEUs) ក្នុង​មួយ​ឆ្នាំ​ដែល​មាន​សមត្ថភាព​បន្ថែម​លើស​ពី​ពេល​បច្ចុប្បន្ន ២​ដង​។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា ។

ពិធី​ចុះហត្ថលេខា​ផ្លូវការ​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន ក្រោម​អធិបតីភាព​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន និង​នាយក​រដ្ឋមន្ត្រី​ជប៉ុន​ឯកឧត្តម ហ្សិ​ន​សូ អា​បេ (Shinzō Abe) អញ្ជើញ​ជា​សាក្សី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​សំខាន់​ចំនួន​០២៖ ទី​១)- លើ​លិខិត​ផ្លាស់​ប្តូរ​សារ​នៃ​កិច្ចព្រមព្រៀង ស្តី​ពី​ការ​ផ្តល់​ជំនួយ​ឥត​សំណង​របស់​ជប៉ុន សម្រាប់​គម្រោង​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​ចំនួន​២ រួម​មាន​៖ ១) -​ការ​អនុវត្ត​កម្មវិធី​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម (​សាងសង់​ស្ថានីយ​កុង​តឺ​ណឺ ដែល​មាន​ទឹកប្រាក់ ២០០​លាន​យ៉េន​ជប៉ុន ប្រមាណ ១.៨​លាន​ដុល្លារ​អា​មេ​រិ​ក​)​។ និង​ទី ២) – ការ​អនុវត្ត​គម្រោង​អាហារូបករណ៍​អភិវឌ្ឍន៍​ធនធានមនុស្ស ដែល​មាន​ទឹកប្រាក់ ៣៣៩​លាន​យ៉េន​ជប៉ុន ប្រមាណ​ជាង ៣​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​ចុះហត្ថលេខា​រវាង ឯកឧត្តម ហ៉ី​ដេ​ហ៉ី​សា ហូ​រី​ណូ​ឈិ (Hidehisa Horinouchi) ឯកអគ្គរាជទូត​វិសាមញ​និង​ពេញ​សមត្ថភាព​ជប៉ុន ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ជាមួយ​ឯកឧត្តម អ៊ឹ​ង រចនា ឯកអគ្គរាជទូត​វិសាមញ និង​ពេញ​សមត្ថភាព​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​ប្រទេស​ជប៉ុន​។

សម្តេច​តេ​ជោ ក្នុង​ឱកាស​អញ្ជើញ​ចូលរួម​ក្នុង​សន្និសីទ​អន្តរជាតិ​លើក​ទី​២៥ ស្ដី​ពី​អនាគត​អាស៊ី​នៅ​ឯ​ប្រទេស​ជប៉ុន នោះ​សម្តេច​តេ​ជោ បាន​អញ្ជើញ​ចូលរួម​នៅ​ក្នុង​សិក្ខាសាលា​ស្ដី​អំពី​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា ដែល​សិក្ខាសាលា​នេះ​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​សំខាន់​ៗ​របស់​ប្រទេស​ជប៉ុន មន្ត្រី​រាជរដ្ឋាភិបាល​កម្ពុជា ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​(CDC)​និង​មានការ​ចូលរួម​ពី​អ្នក​វិនិយោគ​គិ​ន​សំខាន់​ៗ​ជា​ច្រើន​រូប​ផង​ដែរ​កាលពី​ថ្ងៃ​ទី ២៩ ឧសភា បាន​បញ្ជាក់​ថា​ជប៉ុន​បាន​ជួយ​កម្ពុជា​លើ​គ្រប់​វិស័យ​ទាំងអស់ ។ សម្តេច​តេ​ជោ បាន​មាន​ប្រសាសន៍​ថា «​លើស​ពី​នេះ​ទៅ​ទៀត ការ​ផ្តល់​ហិរញ្ញប្បទាន​សហ​ប្រ​តិ​ប​តិ្ត​ការ​លើ​គម្រោង​អភិវឌ្ឍ​ស្ថានីយ៍​កុងតឺន័រ​ថ្មី កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ដែល​មាន​ទំហំ​ហិរញ្ញប្បទាន រហូត​ដល់​ប្រមាណ​ជា ២៣​ពាន់​លាន​យ៉េន នឹង​ជួយ​ប្រែក្លាយ​កម្ពុជា​ទៅ​ជា​កន្លែង​ប្រមូលផ្តុំ​ទំនិញ​ឆ្លងកាត់​នៅ​ក្នុង​តំបន់​អាស៊ាន ជាមួយនឹង​ការ​បង្កើន​សមត្ថភាព គ្រប់គ្រង​ទំនិញ​បាន​ដល់​៩០​ម៉ឺន​កុងតឺន័រ​ប្រភេទ ២០​ហ្វី​ត (TEUs) ក្នុង​មួយ​ឆ្នាំ​ដែល​មាន​សមត្ថភាព​បន្ថែម​លើស​ពី​ពេល​បច្ចុប្បន្ន ២​ដង​»​។

សម្តេច​តេ​ជោ នាយក​រដ្ឋមន្ត្រី​បាន​បន្ថែម​ទៀត​ថា «​គម្រោង​នេះ​នឹង​អាច​ឱ្យ​នាវា​ដឹក​ទំនិញ​ខ្នាត​ធំ ដែល​ជា​ចរន្ត​នៃ​ការ​ដឹក​ជញ្ជូន​ទំនិញ​ក្នុង​សមុទ្រ​អន្តរជាតិ ចូល​មក​លើកដាក់​ទំនិញ​ផ្ទាល់​ដល់​កំពង់​ផែ​ក្រុងព្រះសីហនុ ដែល​នឹង​ចូលរួម​ចំណែក កាត់​បន្ថយថ្លៃ​ដឹក​ជញ្ជូន​ទំនិញ អន្តរជាតិ នា​ពេល​អនាគត​។ បន្ថែម​ពី​នេះ ការ​ទិញ​ភាគ ហ៊ុន​ជា​យុទ្ធសាស្ត្រ​របស់​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​ពី​សំណាក់​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន (JICA) កាន់តែ​បញ្ជាក់​ពី​ជំនឿ​ទុកចិត្ត​របស់​រដ្ឋាភិបាល​ជប៉ុន​មក​លើ​អនាគត​កំពង់​ផែ ក៏​ដូច​ជា​អនាគត​កម្ពុជា​ទាំងមូល​» ។

ក្នុង​ក្រប​ខណ្ឌ​ហិរញ្ញប្បទាន​សហប្រតិបត្តិការ​ផ្លូវការ គិត​ចាប់ពី​ឆ្នាំ​១៩៩២​ដល់​ឆ្នាំ​២០១៨ មិត្ត​ជប៉ុន​បាន​ផ្តល់​ហិរញ្ញប្បទាន​សហ​ប្រ​តិ​ប​តិ្ត​ការ​ផ្លូវការ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ប្រមាណ​ជាង ២,៨​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ស្មើនឹង​ប្រមាណ ១៥% នៃ​ហិរញ្ញប្បទាន​សរុប​របស់​ដៃគូ​អភិវឌ្ឍន៍​ទាំងអស់ សម្រាប់​ចូលរួម​អភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម​កម្ពុជា​។ ទន្ទឹម​នឹង​នេះ មិត្ត​ជប៉ុន​បាន​និង​កំពុង​គាំទ្រ​លើ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់​ៗ​ដូច​ជា ការ​កសាង​ស្ពាន​គី​ហ្សូ​ណា​, ស្ពាន​ត្សឺ​បា​សា​, ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​កំណាត់​ផ្លូវជាតិ​លេខ​១ និង​លេខ​៥, ការ​អភិវឌ្ឍ​ស្ថានីយ៍​កុងតឺន័រ​ថ្មី កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​, និង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ការ​ការពារ​ទឹកជំនន់​រាជធានី​ភ្នំពេញ​ជំហាន​ទី​៤​។ នេះ​បើ​យោង​តាម​សម្តេច​តេ​ជោ ។

សម្តេច​តេ​ជោ បាន​បន្ត​ថា ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​កំណាត់​ផ្លូវជាតិ​លេខ​១ និង​លេខ​៥ បាន និង នឹង​ធ្វើ​ឱ្យ​ផ្លូវ​ទាំងនេះ​ក្លាយជា​ផ្លូវ​យុទ្ធសាស្ត្រ ដ៏​មាន​សារៈសំខាន់​នៃ​របៀង​សេដ្ឋកិច្ច​ភាគ​ខាងត្បូង​ត​ភ្ជាប់​ប៉ូ​ល​សេដ្ឋកិច្ច​ធំ​ពីរ​នៃ​មហា​អនុ​តំបន់​មេគង្គ គឺ​រវាង​ទីក្រុង​ហូ​ជី​មិ​ញ និង​ទីក្រុង​បាងកក​។ រាជធានី​ភ្នំពេញ​ដែល​ជា​បេះដូង​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏​នឹង​ក្លាយជា​ទីក្រុង​ប្រមូលផ្តុំ​កណ្តាល​ដ៏​សំខាន់​ស្ថិត​នៅ​តាម​បណ្ដោយ​របៀង​សេដ្ឋកិច្ច​នេះ ហើយនឹង​កាន់តែ​ជំរុញ​ឱ្យ​កម្ពុជា​ក្លាយជា​គោលដៅ​សម្រាប់​ក្រុមហ៊ុន ជប៉ុន​ទាំង​ធំ ទាំង​តូច មក​បណ្ដាក់ទុន​វិនិយោគ ដើម្បី​ទាញ​យក​នូវ​ផលប្រយោជន៍​ជា​អតិបរមា​ពី​យុទ្ធសាស្ត្រ​ថៃ​+១ និង​វៀតណាម​+១​។ ស្ពាន​គី​ហ្សូ​ណា និង​ស្ពាន​ត្សឺ​បា​សា​ដែល​ជា​ស្ពាន​ដ៏​វែង​ជាងគេ​ឆ្លងកាត់​ទន្លេមេគង្គ​កម្ពុជា​នេះ មិន​ត្រឹមតែ​បាន​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​បងប្អូន​ប្រជាពលរដ្ឋ ការ​ដឹក​ជញ្ជូន​ទំនិញ និង​សម្រួល​ពាណិជ្ជកម្ម​រវាង​កម្ពុជា​-​វៀតណាម​-​ឡាវ​ប៉ុណ្ណោះ​ទេ តែ​ក៏​បាន​ក្លាយជា​ទីកន្លែង​ទេសចរណ៍​សម្រាប់​ប្រជាជន​កម្ពុជា​ប្រកប ដោយ​ភាព​ទាក់ទាញ​ផង​ដែរ​។

លើស​ពី​នេះ រូប​ស្ពាន​ទាំង​ពីរ​ត្រូវ​បាន​បោះពុម្ព​នៅ​លើ​ក្រដាសប្រាក់ ៥០០​រៀល​ថ្មី ដែល​នេះ ជា​ករណី​ដ៏​កម្រ​បំផុត​ដែល​ទង់ជាតិ​នៃ​ប្រទេស​មួយ​បាន​ផុស​ឡើង​នៅ​លើ​ក្រដាសប្រាក់​នៃ​ប្រទេស​មួយទៀត​។ នេះ​សបញ្ជាក់​ពី​សក្ខីភាព​យ៉ាង​ប្រ​ត្យ័​ក្ស​នៃ​ទំនាក់ទំនង​ទ្វេភាគី​ដ៏​ជ្រាលជ្រៅ​រវាង​ប្រទេស​យើង​ទាំង​ពីរ​៕កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ