«​ឃុន​ឆាង ឃុន​ផែន​» រឿង​ខ្មែរ ឬ​ថៃ?


រាជធានី​ភ្នំពេញ​៖ «​ឃុន​ឆាង ឃុន​ផែន​» ជា​រឿងនិទាន​ល្បី​សុសសាយ​នៅ​ក្នុង​សង្គម​ខ្មែរ ហើយ​នៅ​ប្រទេស​​ថៃ​ក៏​មានរឿង​នេះ​ដែរ ថែម​ទាំង​មាន​បោះពុម្ព​ជា​សៀវភៅ​ទៀត​ផង ។ មិន​អាច​បញ្ជាក់​ពី​ភាព​ប្រាកដប្រជា «​ឃុន​ឆាង ឃុន​ផែន​» ជា​រឿង​មាន​ប្រភព​ដើម​របស់​ខ្មែរ ឬ​ថៃ ទេ តែ​សូម​ឈ្វេងយល់​តាម​រយៈ​ការ​លើក​មក​ឆ្លុះ​បញ្ចាំង​របស់​លោក​ហួត សៅរ៍​សិក្ខា​រិ​ទ្ធ លើ​ហ្វេ​ស​ប៊ុ​ករប​ស់លោក​កាលពី​ថ្ងៃ​ទី​២៩ ឧសភា ២០១៩ ។

លោក​ហួត សៅរ៍​សិក្ខា​រិ​ទ្ធ សរសេរ​ថា​«​ឃុន​ឆាង ឃុន​ផែន​» ជា​រឿងនិទាន​បែប​ប្រវត្តិសាស្ត្រ​របស់​ថៃ​ដ៏​ល្បី​មួយ ដែល​អ្នកជំនាញ​សន្និដ្ឋាន​ថា​កើត​មាននៅ​នៅ​អំឡុង​សតវត្សរ៍​ទី​១៧ (​ក្នុង​អំឡុង​គ្រឹ​ស្ត​សករាជ​ឆ្នាំ​១៦០០)​នៅ​ពេល​សៀម​មាន​រាជធានី​នៅ​អយុធ្យា និង​ព្រឹត្តិការណ៍​សៀម​លើកទ័ព​ទៅ​វាយ​ពួក​ឡាវ​នៅ​នគរ​ឡា​ណ្ណា នៅ​ឈៀង​មៃ​៉ ។ មាន​អ្នកខ្លះ​អះអាង​ថា​រឿងនិទាន​នេះ​ជា​របស់​ខ្មែរ​(​ពាក្យ​ឃុន​ជា​ពាក្យ​របស់​សៀម​សោះ​)​ដោយ​សំអាង​ចេតិយ៍​មាន​ប្រវត្តិ​មិន​ច្បាស់លាស់​នៅ​កោះកុង !

ក្នុង​សាច់​រឿង ដើម្បី​អួត​ពី​ប្រាជ្ញា និង​សមត្ថភាព​របស់​នេន​ផ្លៃ (​ឈ្មោះ​ដើម​ផ្លៃ​កែវ ដែល​សាស្ត្រា​ខ្មែរ​ហៅ​នេន​កែវ​) ដែល​ក្រោយមក​ក្លាយជា​ឃុន​ផែន និង​ប្រាជ្ញា​របស់​កូន​ឃុន​ផែន​ឈ្មោះ​ផ្លៃ​ង៉ា​ម អ្នកនិពន្ធ​បាន​ពិពណ៌នា​ថា​អ្នក​ទាំង​២​រៀន​ចេះ​ក្បួន មន្ត វិជ្ជា​នានា ដែល​ក្នុង​នោះ​មាន​អួត​ថា​ចេះ​ភាសា​ខ្មែរ ឬ​ខ្មែរ​បុរាណ​។ នេះ​ប្រហែល​មក​ពី​ក្បួនច្បាប់ វិទ្យា​នានា​គេ​ចារ​ចម្លង​ជា​ភាសា​ខ្មែរ ។ បើ​តាម​អ្នកជំនាញ​ភាសា​ជនជាតិ​បារាំង​ម្នាក់ សព្វថ្ងៃ​មាន​ពាក្យ​ខ្មែរ​ប្រមាណ​ជា​២០​ទៅ​៣០%​ក្នុង​ភាសា​និយាយ​ប្រចាំ​ថ្ងៃ​របស់​សៀម ។

សម័យ​មុន អ្នកជំនាញ​អក្សរសាស្ត្រ​តែង​អួត​ភាសា​ខ្មែរ​មាន​ភាព​សំបូរ​បែប តែ​សម័យនេះ​ពួក​បញ្ញវន្ត​ខ្មែរ កុំ​ថា​ឡើយ​និស្សិត​ថ្នាក់​បរិញ្ញាបត្រ បញ្ញា​វន្ត​ខ្លះ​ស្ពាយ​សញ្ញាបត្រ​សុទ្ធតែ​អនុ​បណ្ឌិត បណ្ឌិត ខ្លះ​បណ្ឌិត​២​មុខ និយាយ និង​សរសេរ​ភាសា​ខ្មែរ​មិនដឹង​នាម គុណនាម​មិន​ចំ​គុណនាម ឃ្លា​មិន​ចំ​ឃ្លា ល្បះ​មិន​ចំ​ល្បះ ។

ឈុត​ខ្លះ​របស់​រឿង​នេះ ស្រ​ដៀង​រឿង​«​ទាវ​ឯក ឬ​ទុំ​ទាវ​»​ដែរ ។ ដូច​ជា​នេន​ឯក ឬ​នេន​ទុំ​លង់​លើ​ទាវ ទទួល​ផាហ៊ុម​ពី​ទាវ នេន​ផ្លៃ ឬ​នេន​កែវ​ចាប់ចិត្ត​លើ​ភឹ​ម​ដំបូង​ពេល​បុណ្យ​នៅ​វត្ត​ប៉ា​លេ​លៃ ពេល​ភឹ​ម​ដាក់​បាត្រ ។ នេន​កែវ ក្នុង​ភាព​ជា​សង្ឃ​ឈ្ងោក​មុខ​ពេល​បិណ្ឌ​បាត្រ មិន​មើល​មុខ​អ្នក​ដាក់​បាត្រ​ទេ ។ ភឹ​ម​ឃើញ​នេន​កែវ​ភ្លាម​នឹកភ្នក​ថា​ដូច​ជា​ធ្លាប់​ស្គាល់ និង​លេង​ជាមួយ​គ្នា​កាលពី​កុមារ ហើយ​នាង​ក៏​ដាក់​សាច់​ជ្រូក​ចៀន ត្រីប្រឡាក់ ពង​ទា​ស្ងោរ សាច់ក្រក ឪឡឹក និង​សម្លការី​មួយ​ចាន ។ នេន​កែវ​ឃើញ​ម្ហូប​ច្រើន​ដូច្នេះ​ក៏​នឹក​ថា​អ្នក​ដាក់​បាត្រ​ដាក់​បញ្ជោះ ហើយ​ងើប​មើល​មុខ​អ្នក​ដាក់ ក៏​…​ទៅ ។

នេន​ទុំ​ស្មូត្រ​រឿង​ជាតក​ឱ្យ​អ្នក​ភូមិ និង​ទាវ​ស្តាប់ នេន​កែវ​ក៏​ស្មូត្រ​រឿង​នេះ​ឱ្យ​អ្នកស្រុក​ស្តាប់​ពេល​បុណ្យ​នៅ​ខែ​១០​ជា​ពេល​ដែល​ជួប​ភឹ​ម​លើក​ទី​២ សូត្រ​មន្តអាគម​ស្នេហ៍​ដាក់​ភឹ​ម ។ ទុំ​លួច​សឹក​ដើម្បី​ស្កាត់​ទៅ​ជួប​ទាវ នេន​កែវ​លួច​ដោះ​ស្បង់​ស្កាត់​ទៅ​ជួប​ភឹ​ម​នៅ​វាល​កប្បាស និង​លប​ឡើង​ទៅ​បន្ទប់​ភឹ​ម ។ រឿង​នេះ​ស្រ​ដៀង​រឿង​«​ទុំ​ទាវ​» ឬ​«​ទាវ​ឯក​»​ដែរ ជា​រឿងនិទាន ត​ៗ​គ្នា ហើ​យ​ព្រះ​អង្គ​ម្ចាស់​មួយ​អង្គ​បាន​ចម្លង​ទុក​ពី​អ្នក​ច្រៀង​ចាប៉ី ដូច​នូ កន គាត់​ចម្លង​ទាវ​ឯក​ពី​អ្នកចម្រៀង​ចាប៉ី​ដែរ ។

ខ្ញុំ​អាន​រឿង​នេះ​តាំងពី​ដើ​ម​ដល់​ចប់ ទាំង​អារម្ភកថា​ប៉ុន្មាន​ទំព័រ​ក៏​មិន​រំលង​ដែរ​ព្រោះ​ក្នុង​អារម្ភកថា អ្នក​បោះពុម្ព​គេ​វិភាគ​រឿង​នេះ និង​និយាយ​ពី​ប្រវត្តិ​របស់​រឿង​នេះ ។ បើ​រំលង​ទៅ ក្រែង​រំលង​ព័ត៌មាន សំខាន់​ៗ ។ ខ្ញុំ​អាន​តាំងពី​ខ្នង​សៀវភៅ​ព្រោះ​ចង់​មើល​របៀប​គេ​សរសេរ​ផ្សា​សៀវភៅ​គេ ៕ (កែ​សម្រួល​ដោយ ៖ បុប្ផា)

Facebook Google Twitter Email

សិល្បៈ​និងវប្ប​​​ធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ