រាជធានភ្នំពេញ ៖ បុរសម្នាក់រវល់តែមើលទូរស័ព្ទភ្លេចមើលផ្លូវមិនប្រយ័ត្នបើករថយន្តទៅបុកនឹងក្បាលព្រួញពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យរថយន្តក្រពឹតផ្នែកមុខ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង៥០នាទីយប់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ ត្រង់ចំណុចខាងមុខខ្លោងទ្វារផ្សារទួលគោក តាមបណ្ដោយផ្លូវ២៨៩ ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់វ័យ៣០ឆ្នាំម្នាក់បានបើករថយន្តមួយគ្រឿងម៉ាក តូយូតាកូរ៉ូឡា ពណ៌ស្ករ ពាក់ស្លាកលេខ បាត់ដំបង 2A-4378 ធ្វើដំណើរយ៉ាងល្បឿន តាមបណ្ដោយផ្លូវ២៨៩ ក្នុងទិសដៅពីត្បូងទៅជើង ។ លុះមកដល់ចំណុចកើតហេតុអ្នកបើកបររវល់តែមើលទូរស័ព្ទដៃរោទិ៍លើកយកមកនិយាយមិនមានការប្រុងប្រយ័ត្នទើបបង្កឲ្យជ្រុលចង្កូតទៅបុកនឹងក្បាលព្រួញពុះចែកទ្រូងផ្លូវពេញទំហឹងធ្វើឲ្យក្រពឹតកាងខាងមុខយ៉ាងដំណំ តែមិនបង្កឲ្យរងរបួសទេ ចំណែកឯក្បាលព្រួញពុះចែកទ្រូងផ្លូវរងការខូចខាតបែកបាក់បន្តិចបន្តួច ។
ក្រោយពេលកើតហេតុក៏មានសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុក៏រាយការណ៍ជូនសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងស្ទូចយករថយន្តបង្ករួមទាំងអ្នកបើកបរទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយទៅតាមផ្លូវច្បាប់ជាបន្តទៀតនៅពេលក្រោយ ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ