រាជធានីភ្នំពេញ ៖ អតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិបានហៅការដាក់ចេញយុទ្ធសាស្ត្រពន្ធកាត់ទុក១% ចំពោះអ្នកវិនិយោគទន់របស់សម្តេច តេជោ ហ៊ុន សែន ជាយុទ្ធសាស្ត្រដល់ល្អ ។ លោក យ៉ែម បុញ្ញាឬទ្ធី អតីតសមាជិកសភា និងជាអ្នកនាំពាក្យបានលើកឡើងលើបណ្តាញសង្គម នៅថ្ងៃទី១ មិថុនាយ៉ាងដូច្នេះថា« យើងមានសុទិដ្ឋិនិយមដោយ យើងជឿជាក់លើការផ្សះផ្សាជាតិ យើងជឿជាក់លើការសន្ទនា ដើម្បីភាពសុខដុមរមនារបស់ជាតិ»។
ការលើកឡើងរបស់អតីមន្ត្រីជាន់ខ្ពស់បក្សប្រឆាំងនេះ បន្ទាប់ពីឃើញសម្តេចតេជោ ហ៊ុន សែន បានទស្សនកិច្ចនៅប្រទេសជប៉ុន ហើយសម្រេចលទ្ធផលជាផ្លែផ្កា ហើយបង្ហាញពីការពង្រឹងទំនាក់ទំនងទ្វេភាគីកម្ពុជា -ជប៉ុន កាន់តែមានភាពល្អប្រសើរថែមទៀត ។ លោកយ៉ែម បុញ្ញាឬទ្ធិបានបន្តថា មានការប្រកួតប្រជែងដោយតម្លាភាពទាញយកផលចំណេញជូនជាតិ ។ យើងធ្លាប់ ឮពីបញ្ហាដែលកើតមានដោយសារចិន នៅខេត្តព្រះសីហនុ តែពេលនេះលោកនាយករដ្ឋមន្ត្រីជប៉ុនបានគូសបញ្ជាក់ថា «អ្វីដែលសំខាន់សម្រាប់ជប៉ុន គឺកំពង់ផែនៅក្នុងខេត្តព្រះសីហនុ ។ ជប៉ុនត្រៀមសហការជាមួយកម្ពុជាត្រៀមសិក្សាអំពីផែនការមេសម្រាប់កំពង់ផែកម្ពុជា ។ លោកបានស្វាគមន៍ចំពោះការពិភាក្សារវាង អង្គការ JICA និងកំពង់ផែខេត្តព្រះសីហនុ ដើម្បីសហការគ្នា អំពីគម្រោងកំពង់ផែនៅខេត្តព្រះសីហនុ» ។
ការគ្រប់គ្រងរដ្ឋបាលនេះ កម្ពុជាអាចប្រើប្រាស់ឯកទេសជប៉ុនសង់កំពង់ផែនេះ ។ លោកបានគូសបញ្ជាក់ថា«យុទ្ធសាស្ត្រដ៏ល្អក្នុងការកាត់បន្ថយចំណាយ បង្កបរិយាកាសងាយស្រួលដល់ធុរកិច្ច រក្សាផលចំណេញដែលទទួលបានពីការអនុគ្រោះពន្ធ នៅកម្ពុជាយើង» ។ ជាមួយគ្នានោះដែរ អ្នកនាំពាក្យរូបនេះក៏បានឲ្យដឹងថា គណៈប្រតិភូសហភាពអឺរ៉ុបនឹងធ្វើទស្សនកិច្ចនៅកម្ពុជា ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៧ ខែមិថុនា ២០១៩ នៅភ្នំពេញ ដើម្បីពិនិត្យពិភាក្សាកិច្ចការពាក់ព័ន្ធនឹងការអនុគ្រោះពន្ធ EBA ។ លោកថា« យើងនាំគ្នាដោះស្រាយបញ្ហាដោយចាប់ផ្ដើមស្ដាដំណើរការលទ្ធិប្រជាធិបតេយ្យមួយនៅកម្ពុជា ដោយត្រឹមត្រូវឡើងវិញ វាមិនមែន ដើម្បី ប្រយោជន៍របស់បរទេសនោះទេ ប៉ុន្តែវាជាប្រយោជន៍សម្រាប់ប្រជាជាតិខ្មែរ និងកម្ពុជា»។
សូមជម្រាបថា នៅរសៀលថ្ងៃទី២៩ ខែ ឧសភានេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រោយពីបានពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុអំពីការសម្រេចដកចេញនូវ «ពន្ធកាត់ទុក១% គឺបានចូលជាធរមានហើយនៅថ្ងៃនេះ ដោយមិនចាំបាច់រង់ចាំរហូតដល់ចុងឆ្នាំ២០១៩នោះឡើយ ដើម្បីជាកាដូលើកទឹកចិត្តដល់ពាណិជ្ជករជាតិ និងបរទេសទាំងអស់អោយបានទទួលផលចំណេញកាន់តែច្រើន ។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនឹងប្រកាសជូនសេចក្តីណែនាំជាផ្លូវការដល់សាធារណៈ និងអ្នកធុរកិច្ចទាំងអស់អោយបានជ្រាបជាផ្លូវការក្នុងពេលឆាប់ៗនេះ ។ ដំណឹងល្អនេះ គឺសម្តេចតេជោនាយករដ្ឋមន្ត្រី បានជម្រាបជូនដល់បណ្តាក្រុមហ៊ុនជប៉ុនជាច្រើនដែលបានអញ្ជើញមកជួប សម្តេចតេជោដោយផ្ទាល់ នៅសណ្ឋាគារ The New Otani, Tokyo ក្នុងបំណងបង្ហាញពីការគាំទ្រ និងស្វែងរកឱកាសវិនិយោគនៅកម្ពុជា ។ ទន្ទឹមនឹងការដកចេញនូវពន្ឋកាត់ទុកនេះ សូមក្រុមហ៊ុនឯកជន និងវិនិយោគទុនទាំងអស់នៅកម្ពុជាពង្រឹង និងបន្តចូលរួមបង់ពន្ធជូនរាជរដ្ឋាភិបាលអោយបានត្រឹមត្រូវ និងអោយបានគ្រប់ៗគ្នា ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ