ខេត្តកណ្តាល ៖ ករណីឃាតកម្មមួយបានកើតឡើងបង្កអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីគេដឹងថា ឃាតករជាប្អូនថ្លៃបានយកកណ្ដៀវកាប់ជនរងគ្រោះជាបងថ្លៃស្លាប់ក្នុងថ្លុកឈាម សង្ស័យដោយសាររឿងច្រណែន ហើយបន្ទាប់ពីកើតហេតុឃាតករបានរត់គេចខ្លួនបាត់។
ហេតុការណ៍ខាងលើនេះបានកើតឡើងវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី១ ឧសភា ឆ្នាំ២០១៩ នៅចំណុច ផ្ទះរបស់ឈ្មោះ ហម សារេន ស្ថិតក្នុងភូមិពោធិបាន ស្រុកកោះធំ ខេត្តកណ្ដាល។
ជនរងគ្រោះដែលស្លាប់ឈ្មោះ ឡឹង លី ភេទប្រុស អាយុ២៥ ឆ្នាំ រស់នៅភូមិពោធិបាន ឃុំពោធិបាន ស្រុកកោះធំ ខេត្តកណ្ដាល ត្រូវជាបងថ្លៃ ។ ចំណែកជនសង្ស័យដែលត្រូវជាប្អូនថ្លៃកំពុងរត់គេចខ្លួនឈ្មោះ ផាន់ ម៉ៃ ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិឃុំកើតហេតុ ។
លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាលបានអោយដឹងថា នៅវេលាកើតហេតុ ជនរងគ្រោះកំពង់ អង្គុយចុចទូរស័ព្ទ ស្រាប់តែជនសង្ស័យបានដើរចូលពីក្រោយ ហើយយកកណ្ដៀវកាប់ជនរងគ្រោះបណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាមតែម្ដង បន្ទាប់មកជនសង្ស័យក៏រត់គេចខ្លួនចូលព្រៃខាងមុខផ្ទះបាត់ ។
ពេលនេះសមត្ថកិច្ចរបស់លោកកំពុងបន្តស្វែងរកតាមចាប់ខ្លួន និងវែកមុខឃាតករ ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ