Mitsubishi របស់​ជប៉ុន​លង់​ស្នេហ៍​ក្រុង​បាងកក ប្រទេស​ថៃ


ប្រទេស​ថៃ ៖ ភ្នាក់ងារ​សារព័ត៌មាន Bangkok Post បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​២៩ ឧសភា កន្លង​មក​ថា ក្រុមហ៊ុន Mitsubishi Group របស់​ប្រទេស​ជប៉ុន​បន្ត​ចាប់អារម្មណ៍​លើ​ប្រទេស​ថៃ​ជា​ពិសេស​ក្នុង​ផ្នែក​ដឹក​ជញ្ជូន​នៅ​ជាយ​ទីក្រុង​បាងកក​ដើម្បី​សហការ​វិនិយោគ​ជាមួយនឹង​ក្រុមហ៊ុន Raimon Land Plc ក្នុង​ការ​សាងសង់​អគារ​ការិយាល័យ​កម្រិត​ខ្ពស់​ក្នុងឆ្នាំនេះ ។

លោក Shigehiro Ono ដែល​ជានា​យក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Mitsubishi Estate Asia បាន​និយាយ​ថា ក្រុមហ៊ុន​មាន​ជំនឿ​ចិត្ត​ក្នុង​រយៈពេល​មធ្យម និង​វែង​លើ​ប្រទេស​ថៃ ប៉ុន្តែ​ពួក​គេ​នៅ​មានការ​ព្រួយបារម្ភ​សម្រាប់​រយៈពេល​ខ្លី​ខាង​មុខ​នេះ​។

លោក​បាន​និយាយ​ថា «​ប្រទេស​ថៃ​គឺជា​ទីតាំង​យុទ្ធសាស្ត្រ​ល្អ​មួយ​ក្នុង​ទ្វីបអាស៊ី​។ វិស័យ​ដែល​មាន​ភាព​ទាក់ទាញ​ជាងគេ​ក្នុង​ផ្នែក​អចលនទ្រព្យ​(​សម្រាប់​ការ​វិនិយោគ​) គឺ​ការិយាល័យ​កម្រិត A ក្នុង​តំបន់​បាងកក​កណ្តាល បន្ទាប់​ពី​នោះ​គឺ​វិស័យ​ដឹក​ជញ្ជូន​នៅ​តំបន់​ជាយក្រុង​»​។

លោក Ono បាន​បន្ថែម​ថា ការ​តានតឹង​ឡើង​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក​និង​ប្រទេស​ចិន​អាច​បង្ក​ឲ្យ​មានការ​ផ្លាស់​ប្តូរ​មូលដ្ឋាន​ផលិតកម្ម​ពី​ប្រទេស​ចិន​ទៅ​កាន់​ប្រទេស​ថៃ​ជា​ពិសេស​មក​កាន់​ច្រករបៀង​សេដ្ឋកិច្ច​ខាងកើត (EEC) ប៉ុន្តែ Mitsubishi នឹង​ផ្តោត​សំខាន់​លើ​ទីក្រុង​បាងកក​។

លោក​បាន​បន្ត​ថា «​ពួក​យើង​មិន​មាន​គម្រោង​វិនិយោគ​ក្នុង​រយៈ​ពែ​ល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​ទេ​ព្រោះ​ពួក​យើង​ចង់​ផ្តោត​សំខាន់​លើ​អគារ​ការិយាល័យ​ដែល​យើង​សហការ​វិនិយោគ​ជាមួយនឹង Raimon Land​។ ប្រសិនបើ EEC ទាក់ទាញ​ការ​វិនិយោគ​ថ្មី​នោះ Bangkok ក៏​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ដែរ​»​។

Mitsubishi Estate បាន​ចូល​ទៅ​កាន់​ទីផ្សារ​អចលនទ្រព្យ​ថៃ​ក្នុង​ឆ្នាំ ២០១៣ តាម​រយៈ​ក្រុមហ៊ុន​សហការ​ជាមួយនឹង AP Thailand Plc ដើម្បី​សាងសង់​អគារ​ខុន​ដូ​ក្នុង​ទីក្រុង​បាងកក​។ ពួក​គេ​បាន​សាងសង់​គម្រោង​ចំនួន ១៧ គម្រោង ដែល​សរុប​មាន ១៦,០០០​យូ​នី​ត ។

ប៉ុន្មាន​ឆ្នាំ​មុន Mitsubishi បាន​ពិចារណា​លើ​ការ​សាងសង់​អគារ​ការិយាល័យ​កម្រិត A ក្នុង​តំបន់​ទីក្រុង​បាងកក​កណ្តាល​ព្រោះ​វិស័យ​នេះ​មានការ​លូតលាស់​យ៉ាង​រឹង​មាំ ដោយ​មាន​តម្រូវការ​ខ្ពស់ និង​អត្រា​ជួល​ទាប​។ ប៉ុន្តែ​AP មិន​ចាប់អារម្មណ៍​ក៏​បង្ក​ឲ្យ Mitsubishi សហការ​ជាមួយនឹង Raimon Land វិញ ៕

កែសម្រួល​ដោយ ៖ សំណាង

Facebook Google Twitter Email

កិច្ចការជំនួញ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ