ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក​មាន​សញ្ញា​ថមថយ​នៅ​តាម ផ្សារ​ទំនើប តែ​មាន​សញ្ញា​អវិជ្ជមាន​តាម​ផ្សារ​ធម្មតា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​អនុក្រឹត្យ​ស្តី​ពី​ការ​គ្រប់គ្រង​ថង់​ប្លា​ស្ទិ​ក​ចេញ​ជា​ផ្លូវការ​មក គេ​សង្កេត​ឃើញ ការ​ប្រើប្រាស់​ថង់​បា្ល​ស្ទិ​ក​ទៅ​តាម​បណ្តា​ផ្សារ​ទំនើប​តូច​ធំ​នៅ​កម្ពុជា​បង្ហាញ​សញ្ញា​ថមថយ​ជាង​ពេល​មុន​ៗ ស្រប​ពេល​ដែល​អនុក្រឹត្យ​នេះ​មិន​តម្រូវការ​ឱ្យ​ចែកចាយ​ថង់​បា្ល​ស្ទិ​ក​ជូន​អតិថិជន​ដោយ​មិន​គិត​កម្រៃ​ដូច​ពេល​មុន ។ ក៏​ប៉ុន្តែ​ការ​ផ្តល់​ថង់​ប្លា​ស្ទិ​ក​តូច​ធំ ក្រាស់​ឬ​ស្តើង​នៅ​តែ​មាន​ចរន្ត​កើនឡើង​នៅ​តាម​ទីផ្សារ​ធម្មតា ដែល​សូ​ម្បី​តែ​ដាក់​ក្រូចឆ្មារ…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​អនុក្រឹត្យ​ស្តី​ពី​ការ​គ្រប់គ្រង​ថង់​ប្លា​ស្ទិ​ក​ចេញ​ជា​ផ្លូវការ​មក គេ​សង្កេត​ឃើញ ការ​ប្រើប្រាស់​ថង់​បា្ល​ស្ទិ​ក​ទៅ​តាម​បណ្តា​ផ្សារ​ទំនើប​តូច​ធំ​នៅ​កម្ពុជា​បង្ហាញ​សញ្ញា​ថមថយ​ជាង​ពេល​មុន​ៗ ស្រប​ពេល​ដែល​អនុក្រឹត្យ​នេះ​មិន​តម្រូវការ​ឱ្យ​ចែកចាយ​ថង់​បា្ល​ស្ទិ​ក​ជូន​អតិថិជន​ដោយ​មិន​គិត​កម្រៃ​ដូច​ពេល​មុន ។ ក៏​ប៉ុន្តែ​ការ​ផ្តល់​ថង់​ប្លា​ស្ទិ​ក​តូច​ធំ ក្រាស់​ឬ​ស្តើង​នៅ​តែ​មាន​ចរន្ត​កើនឡើង​នៅ​តាម​ទីផ្សារ​ធម្មតា ដែល​សូ​ម្បី​តែ​ដាក់​ក្រូចឆ្មារ ឬ​ក៏​បន្លែ ផ្លែ​ឈើ​តិច​តូច​ក៏​ដាក់​ដាច់​ដោយឡែក​ពី​គ្នា នាំ​ឲ្យ​ចំនួន​ថង់​ប្លា​ស្ទិ​ក​នៅ​ជា​បញ្ហា​ចម្បង​ដដែល ។

តាម​មន្ត្រី​នាយកដ្ឋាន​គ្រប់គ្រង​សំណល់​រឹង​នៃ​ក្រសួងបរិស្ថាន​បានឱ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ​ផ្សារ​ទំនើប​ទាំង​តូច​ធំ បាន​ចូលរួម​អនុវត្ត​អនុក្រឹត្យ​ស្តី​ពី​ការ​គ្រប់​គ្រង់​ថង់​ប្លា​ស្ទិ​ក ហើយ​នៅ​ក្នុង​ជំ​ហ៊ាន​ដំបូង​របស់​ក្រសួង​ជំរុញ​ឱ្យ​ផ្សារ​ទំនើប​តូច​និង​ធំ​ទាំងអស់​មិន​ត្រូវ​ផ្តល់​ថង់​ជូន​អតិថិជន​ដោយ​មិន​គិត​កម្រៃ​នោះ​ទេ តែ​ត្រូវ​ឲ្យ​អតិថិជន​បង់ថ្លៃ​តម្លៃ​នៃ​ថង់​មួយ​ចំនួន ៤០០​រៀល បើសិន​អតិថិជន​ចង់បាន​ថង់​ប្លា​ស្ទិ​ក​ដាក់​ឥ​វ៉ា​ន់​ដែល​បាន​ជាវ​នោះ ។

លោក ង៉ែត បុល អនុប្រធាន​យក​ដ្ឋា​ន​គ្រប់គ្រង​សំណល់​រឹង​នៃ​ក្រសួងបរិស្ថាន​មាន​ប្រសាសន៍​ថា «​រហូត​មក​ដល់​ពេល​នេះ​ក្រុមហ៊ុន​ដែល​បាន​ចូលរួម​អនុវត្ត​តាម​អនុក្រឹត្យ​នេះ ភាគច្រើន​ផ្សារ​ទំនើប ។ នៅ​ជំ​ហ៊ាន​ដំបូង​គឺ​យើង​សំដៅ​ជំរុញ​ឱ្យ​ផ្សារ​ទំនើប​តូច​ធំ ទាំងអស់​ត្រូវ​អនុវត្ត​តាម​អនុក្រឹត្យ​នេះ មិន​អាច​ចែក​ថង់​ប្លា​ស្ទិ​ក​ទៅ​អតិថិជន​ដោយ​មិន​គិត​កម្រៃ​។ ដោយឡែក​ចំពោះ​ផ្សារ​ធម្មតា​យើង​មិន​ទាន់​កំណត់​នោះ​ទេ ប៉ុន្តែ​យើង​នឹង​ត្រៀម​ធ្វើ​ដោយ​វិធី​តម្លើង​ពន្ធ​នាំ​ចូល ដើម្បី​ឱ្យ​ថង់​បា្ល​ស្ទិ​ក​វា​មាន​តម្លៃ កុំឱ្យ​ចេះ​តែ​ចែក​ដោយ​មិន​គិតថ្លៃ​»​។

លោក​អនុប្រធាន​គ្រប់គ្រង​សំណល់​រឹង​បាន​បញ្ជាក់​ថា «​កន្លង​មក​យើង​មិន​ទាន់​បាន​ធ្វើការ​វាយតម្លៃ ថា​ការ​ប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក​ប្រចាំ​ថ្ងៃ​មាន​ចំនួន​ប៉ុន្មាន​នៅឡើយ​នោះ​ទេ តែ​យើង​ទទួល​បាន​ព័ត៌មាន​តាម​រយៈ​ម្ចាស់​ផ្សារ​ទំនើប​ថា គាត់​កាត់​បន្ថយ​ការ​ប្រើប្រាស់​ថង់​ប្លា​ស្ទិ​កបាន​ពី​៣០% ទៅ​៤០% នៅ​តាម​ផ្សារ​ទំនើប​តូច​-​ធំ​»​។ លោក​បាន​បន្ត​ថា បន្ទាប់​ពី​អនុក្រឹត្យ​នេះ​ចេញ​ជាមួយ​និង​ការ​អប់រំ​ផ្សព្វផ្សាយ​ពី​ផល​ប៉ះពាល់ យើង​ឃើញ​ថា​យុវជន​ឬ​ប្រជាពលរដ្ឋ​ខ្មែរ បាន​ចូលរួម​កាត់​បន្ថយ​ការ​ប្រើប្រាស់ បន្ទាប់​ពី​មានការ​យល់​ដឹង​។ យើង​ឃើញ​ចលនា​យុវជន​និង​ប្រជាពលរដ្ឋ​ចូលរួម​ច្រើន ពិសេស​នៅ​តាម​បណ្តា​ទីក្រុង​ធំ​ៗ ហើយ​ផ្សារ​ទំនើប​ក៏​ចូលរួម​ជាមួយ​អនុក្រឹត្យ​ដោយ​លែង​ចែក​ថង់​ប្លា​ស្ទិ​ក​នេះ​មិន​គិត​ពី​កម្រៃ​មក​កម្រៃ​។

លោក​បាន​សង្កត់ធ្ងន់​ថា «​ការ​យក​កម្រៃ​ទៅ​លើ​ការ​ចែក​ថង់​ប្លា​ស្ទិ​ក​នេះ ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​មាន​ស្មារតី​ភ្ញាក់រលឹក​នៅ​ពេល​គាត់​ទៅ​ផ្សារ​ទិញ​អ្វីខ្លះ​ត្រូវ​ដាក់​ថង់​។ ពី​មុនគេ​ដាក់​ថង់​ឱ្យ​គាត់​ប៉ុន្មាន គឺ​គាត់​ប៉ុណ្ណឹង អ្នកខ្លះ​ដៃ​ម្ខាង​យូរ​ថង់​ច្រើន តែ​មក​ដល់​ឥឡូវនេះ​ឃើញ​ថា​មានការ​កាត់​បន្ថយ​ច្រើន​លើ​បញ្ហា​នេះ​»​។ យោង​តាម​អនុក្រឹត្យ​ស្តី​ពី​ការ​គ្រប់គ្រង​ថង់​បា្ល​ស្ទិ​ក​មាន​៧​ជំពូក​និង​៣២​មាត្រា​ដែល​ចុះហត្ថលេខា​ដោយ​សម្តេច​អគ្គមហាសេនាបតី តេ​ជោ​ហ៊ុន​សែន​កាលពី​ថ្ងៃ​ទី​១០ តុលា ឆ្នាំ​២០១៧​បានឱ្យ​ដឹង​ថា អនុក្រឹត្យ​មាន​គោល បំណង «​បង្កើន​ប្រសិទ្ធិ​ភាព​លើ​ការ​កាត់​បន្ថយ​ការ​នាំ​ចូល ការ​ផលិត ការ​ចែកចាយ​និង​ការ​ប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក សំដៅ​ធានា​បាន​នូវ​កិច្ច​គាំពារ​សុខភាព​សាធារណៈ បរិស្ថាន​និង​សោភ័ណ​ភាព​»​។ អនុក្រឹត្យ​ដដែល​បញ្ជាក់​ថា ថង់​បា្ល​ស្ទិ​ក​ស្តើង​មាន​ដៃ​យួរ​គឺជា​ប្រភេទ​ទំនិញ​ហាមឃាត់​លើ​ការ​នាំ​ចូល ការ​ផលិត​ក្នុងស្រុក ការ​ចែកចាយ​និង​ការ​ប្រើប្រាស់​លើកលែងតែ​៖​ក​)​ថង់​បា្ល​ស្ទិ​ក​នោះ​មាន​កម្រាស់​ចាប់ពី​០,០៣​មី​ល្លី​ម៉ែត្រ​ឡើង​ទៅ​និង ខ​) ថង់​ប្លា​ស្ទិ​ក​នោះ​មាន​រង្វាស់​ទទឹង​ផ្នែក​បាត​ខាងក្រោម​ចាប់ពី​២៥ សង់ទីម៉ែត្រ​ឬ​១០​អ៊ី​ង​ឡើង​ទៅ​។​រាល់​ការ​នាំ​ចូល​និង​ការ​ផលិត​ថង់​បា្ល​ស្ទិ​ក​ក្នុងស្រុក​ប្រភេទ​នៅ​ក្នុង​ចំណុច​(​ក​)​និង​(​ខ​)​ខាងលើ​ត្រូវ​មានការ​អនុញ្ញាត​ពី​ក្រសួងបរិស្ថាន លើកលែងតែ​ការ​នាំ​ចូល​គ្មាន​លក្ខណៈ​ពាណិជ្ជកម្ម​ក្នុង​បរិមាណ​តិច​ជាង​១០០​គីឡូក្រាម​។

អនុក្រឹត្យ​ដដែល​បាន​បញ្ជាក់​ថា ផ្សារ​ទំនើប មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​ទីតាំង​អាជីវកម្ម និង​សេវាកម្ម​នានា​ដែល​ប្រើប្រាស់​ឬ​ផ្តល់​ឱ្យ​ប្រើប្រាស់​នូវ​ថង់​បា្ល​ស្ទិ​ក​ដែល​មាន​កម្រាស់ និង​មាន​ទទឹង​ផ្នែក​បាត​មិន​គោរព​តាម​លក្ខខណ្ឌ​ដូច​មាន​ចែង​ក្នុង​ចំណុច​(​ក​និង​ខ​) កថាខណ្ឌ​ទី​១​នៃ​មាត្រា​១៤​នៃ​អនុក្រឹត្យ​នេះ​ត្រូវ​ទទួល​ទណ្ឌកម្ម​មួយ​ឬ​ច្រើន​ដូច​ជាង​៖ ការ​ព្រមាន​ជា​លាយលក្ខណ៍អក្សរ​, ការ​ដកហូត​ថង់​បា្ល​ស្ទិ​ក​ដែល​ល្មើស​និង ការ​ពិន័យ​ជា​ប្រាក់​ពី​១​លាន​រៀន​ទៅ​៥​លាន​រៀល​។

បើ​តាម​អ្នក​នាង លាង សុគន្ធ ដែល​ជា​បុគ្គលិក​ក្រុមហ៊ុន​មួយ​នៅ​រាជធានី​ភ្នំពេញ​ទទួលស្គាល់​ថា​ការ​ប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក​នៅ​តាម​ផ្សារ​ទំនើប​គឺ​ពិតជា​កាត់​បន្ថយ​មែន ព្រោះ​អ្នក​នាង​បាន​កត់សម្គាល់​ឃើញ​ថា​អតិថិជន​ផ្សេង​ៗ​ទៀត រួម​ទាំង​អ្នក​នាង​ផង គឺ​បដិសេធ​មិន​យក​ថង់​ប្លា​ស្ទិ​ក​នោះ​ទេ គឺ​ដោយសារ​តែ​ត្រូវ​បង់ថ្លៃ​ថង់​ប្លា​ស្ទិ​កមួយ​តម្លៃ ៤០០ រៀល​។
អ្នក​នាង លាង សុគន្ធ បាន​បញ្ជាក់​ថា «​ពេល​សម្រាក​ថ្ងៃត្រង់​ពេលបាយ ភាគច្រើន​ខ្ញុំ​ទៅ​ទិញ​ទំនិញ​ផ្សេង​ៗ​ដូច​ជា​ទឹកដោះគោរ​ស្រស់ ឬ​ក៏​ផ្លែ​ឈើ ខ្ញុំ​តែង​យក​ថង់​ក្រណាត់​ទៅ​ដាក់ បើ​មិន​អ​ញ្ចឹ​ង​ទេ​ត្រូវ​បង់លុយ​ថ្លៃ​ថង់​ប្លា​ស្ទិ​ក​។ ចំនុច​នេះ​ខ្ញុំ​ឃើញ​អ្នកទិញ​ផ្សេង​ៗ​ទៀត​គឺ​ធ្វើ​ស្រ​ដៀ​ផង​ខ្ញុំ​។ តែ​នៅ​តាម​ផ្សារ​ធម្មតា​ពេល​ខ្ញុំ​ទៅ​ទិញ​ឥ​វ៉ា​ន់ ពេល​ចុង​ស​ប្តា​ហ៍​គឺ​សង្កេត​ឃើញ​ថា​ការ​ប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក​ដូច​ជា​មិន​ថមថយ​នោះ​ទេ​» ។ អ្នក​នាង​បាន​បន្ត​ទៀត​ថា ការ​ផ្សព្វផ្សាយ​អំពី​អនុក្រឹត្យ​រឿង​ថង់​ប្លា​ស្ទិ​ក​គួរតែ​ធ្វើ​ឲ្យ​បាន​ទូលំទូលាយ ទៅ​កាន់​ទៅ​ផ្សារ​ធម្មតា ព្រោះ​ជាក់ស្តែង​គ្រាន់តែ​ទិញ​ទឹក​សុទ្ធ​មួយ​ដប ក៏​អ្នកលក់​ច្រក​ថង់​ប្លា​ស្ទិ​ក​ឲ្យ​អតិថិជន​ដែរ ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ