ខេត្តក្រចេះ ៖ បុរសជាប្តីចុងម្នាក់បានយកដែកគាស់ដែកគោលវាយសម្លាប់ប្រពន្ឋ បន្ទាប់ពីមានជម្លោះក្នុងគ្រួសារ ហើយជនសង្ស័យព្យាយាមជិះម៉ូតូគេចខ្លួន តែក៏ត្រូវកម្លាំងនគរបាលចាប់ឃាត់ខ្លួនបាន ។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីកាលពីថ្ងៃទី៣០ ឧសភា នៅចំណុចផ្ទះរបស់ស្ត្រីរងគ្រោះ ស្ថិតនៅភូមិប្រឡាយទ្រាក ឃុំកំពង់ដំរី ស្រុកឆ្លូង។
តាមប្រភពពីអ្នកភូមិបាននិយាយថា ស្ត្រីរងគ្រោះមានកូន៥នាក់ (ស្រីម្នាក់ និងប្រុស៤នាក់) ហើយជាស្ត្រីមេម៉ាយ ក្រោយមកក៏បានទទួលយកជនសង្ស័យជាប្តីចុងរស់នៅជាមួយគ្នាចំនួន៦ឆ្នាំមកហើយ និងតែងតែកើតមានទំនាស់ក្នុងគ្រួសារជារៀងរាល់ថ្ងៃ។
លោកវរសេនីយ៍ឯក ឆុង តូរ៉ាន់ អធិការនគរបាលស្រុកឆ្លូង បានប្រាប់ឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ឈ្មោះ យ៉ុក ម៉ូច ភេទស្រី អាយុ៥២ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុខាងលើ ។ ចំណែកជនសង្ស័យជាប្តីចុងឈ្មោះសួន ពិសិដ្ឋ អាយុ៤៩ឆ្នាំ មានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ ត្រូវសមត្ថកិច្ចបានចាប់ឃាត់ខ្លួន ។
លោកអធិការនគរបាលស្រុកឆ្លូងបានឱ្យដឹងថា កន្លងមកគ្រួសារមួយនេះតែងតែងកើតមានជម្លោះ ក្នុងគ្រួសារជាញឹកញាប់នៅរាល់ពេលដែលជនសង្ស័យជាប្តីចុងស្រវឹងស្រា។ នៅថ្ងៃកើតហេតុ ជនសង្ស័យជាប្តីចុង មានទំនាស់ពាក្យសម្តីជាមួយនឹងស្ត្រីរងគ្រោះជាប្រពន្ឋ រឿងប្រើចៅឲ្យទៅដាំដំឡូង តែស្ត្រីរងគ្រោះមិនឲ្យទៅ ដោយសាតែថ្ងៃក្តៅ។
លោកអធិការនគរបាលស្រុកឆ្លូងបានបញ្ជាក់បន្តថា ក្រោយពីទំនាស់ពាក្យសម្តីបានកើតមាននៅចម្ការ លុះពេលមកដល់ផ្ទះ ជនសង្ស័យក៏ទៅផឹកស្រាតាមទម្លាប់ បន្ទាប់ពីផឹកស្រាស្រវឹងមកដល់ផ្ទះ ជនសង្ស័យក៏បានរករឿងស្ត្រីរងគ្រោះម្តងទៀត ដោយសារស្ត្រីរងគ្រោះកាន់ជើងចៅ ហើយជនសង្ស័យប្រើចៅមិនបាន។ ភ្លាមៗនោះជនសង្ស័យក៏បានយកដែកគាស់ដែកគោល ដែលមានប្រវែងជិត១ម៉ែត្រវាយទៅលើស្ត្រីរងគ្រោះចំកញ្ចឹង.កខាងស្តាំ បណ្តាលឲ្យស្លាប់នៅនឹងកន្លែង ខណៈស្ត្រីរងគ្រោះកំពុងតែដេកលេងជាមួយចៅនៅលើផ្ទះដោយមិនដឹងខ្លួន ។
លោកអធិការនគរបាលស្រុកឆ្លូងបានឱ្យដឹងបន្តទៀតថា ពេលឮទំនាស់ពាក្យសម្តីមួយប្រាវក៏ស្ងាត់ទៅវិញ ពេលនោះអ្នកភូមិក៏ឮសំឡេងម៉ូតូដែលបុរសជាប្តីបានជិះម៉ូតូចេញក្រៅ។ ដោយមានការសង្ស័យ អ្នកភូមិក៏បានទៅមើលលើផ្ទះ ស្រាប់តែឃើញស្ត្រីរងគ្រោះដេកស្លាប់ និងបានរាយការណ៍ទៅនគរបាលភ្លាមៗដើម្បីឱ្យចុះមកពិនិត្យកន្លែងកើតហេតុផងដែរ។
ក្រោយពេលជនសង្ស័យជាប្តីចុងជិះម៉ូតូគេចខ្លួនបានរយៈពេលជាង៣ម៉ោង ក៏ត្រូវកម្លាំងនគរបាលស្រាវជ្រាវតាមចាប់ខ្លួនបានតែម្តង ៕
ចែករំលែកព័តមាននេះ