ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រែក​ទាល់​កន្លែង​គាប់​ភ្នែក​ទស្សនា​សត្វ​ស្លាបដ៏​កម្រ​ជា​​ច្រើន​ប្រភេទ

4 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តបាត់ដំបង ៖ ព្រែក​ទាល់​ជា​តំបន់​ជីវចម្រុះ​១​ក្នុង​ចំណោម​៣​របស់​បឹង​ទន្លេសាប ជាមួយនឹង​ជម្រក​សត្វ​ស្លាប​ដ៏​ធំ និង​គួរ​ឲ្យ​ទាក់ទាញ ។ ព្រែក​ទាល់​បាន​ក្លាយទៅជា​តំបន់​មួយ​ដែល​ទទួល​បាន​ភ្ងៀ​វ​ទេសចរ​ច្រើន​ជា​រៀង​រាល់​ឆ្នាំ ។ ទីនោះ​ជា​កន្លែង​មួយ​ប្រមូលផ្ដុំ​សត្វ​ស្លាប​ដ៏​កម្រ​ជា​ច្រើន​ប្រភេទ​ទៅ​រស់នៅ​បង្កើត​ជា​សម្បុក​រស់នៅ​គួរ​ឲ្យ​ចង់​ទស្សនា ។…

ខេត្តបាត់ដំបង ៖ ព្រែក​ទាល់​ជា​តំបន់​ជីវចម្រុះ​១​ក្នុង​ចំណោម​៣​របស់​បឹង​ទន្លេសាប ជាមួយនឹង​ជម្រក​សត្វ​ស្លាប​ដ៏​ធំ និង​គួរ​ឲ្យ​ទាក់ទាញ ។ ព្រែក​ទាល់​បាន​ក្លាយទៅជា​តំបន់​មួយ​ដែល​ទទួល​បាន​ភ្ងៀ​វ​ទេសចរ​ច្រើន​ជា​រៀង​រាល់​ឆ្នាំ ។ ទីនោះ​ជា​កន្លែង​មួយ​ប្រមូលផ្ដុំ​សត្វ​ស្លាប​ដ៏​កម្រ​ជា​ច្រើន​ប្រភេទ​ទៅ​រស់នៅ​បង្កើត​ជា​សម្បុក​រស់នៅ​គួរ​ឲ្យ​ចង់​ទស្សនា ។

លោក​អ៊ុ​ច អ៊ុំ​ភី​នី​ស្សា​រ៉ា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តបាត់ដំបង​ឲ្យ​ដឹង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា​ក្នុង​ចន្លោះ​ខែធ្នូ ដល់​ខែកុម្ភៈ​អ្នកទេសចរ​នឹង​បានឃើញ​ការ​ប្រមូលផ្ដុំ​ដ៏​អស្ចារ្យ​របស់​សត្វ​បក្សី​នានា ដូចដែល​អ្នក​តែងតែ​ឃើញ​នៅ​ក្នុង​វី​ដេ​អូ​ឯកសារ​សត្វ​ដែរ ។ នៅ​ពេល​ដែល​ទឹក​នៅ​តំបន់​ផ្សេង​ចាប់ផ្ដើម​ស្រក សត្វ​បក្សី​មក​ពី​គ្រប់​ទិស​ទី​បាន​ជួបជុំ​គ្នា​នៅ​ទីនោះ ។ ពពួកសត្វ​ស្លាប​នៅ​តែ​បន្ត​រស់នៅ​ក្នុង​តំបន់​នោះ​រហូត​ដល់​ចុងខែ​កុម្ភៈ ប៉ុន្តែ​ទឹក​មិនសូវ​ជា​ច្រើន​ដូច​ពេល​មុន​ប៉ុន្មាន​ទេ ។ លោក​អ្នក​អាច​ឃើញ​មាន​សត្វ​ទាំងនោះ​ផង​ដែរ​នៅ​ក្នុង​អំឡុង​ខែកញ្ញា ប៉ុន្តែ​វា​មិនសូវ​មាន​ចំនួន​ច្រើន​ប៉ុន្មាន​ទេ ។

លោក​អ៊ុ​ច អ៊ុំ​ភី​នី​ស្សា​រ៉ា ថា «​ពេលវេលា​ដែល​ល្អ​បំផុត​សម្រាប់​ការ​ទស្សនា​សត្វ​ស្លាប​នៅ​ទីនោះ​គឺ​ពេល​ព្រឹក​ព្រលឹម និង​ពេល​រសៀល ដូច្នេះ​បើ​អ្នក​ចង់​ទស្សនា​ទិដ្ឋភាព​ដ៏​អស្ចារ្យ​របស់​សត្វ​ស្លាប​ទាំងនោះ អ្នក​ត្រូវ​តែ​ចំណាយពេល​មួយ​យប់​ក្នុង​ការ​ស្នាក់​នៅ​ក្នុង​តំបន់​ព្រែក​ទាល់ ។ លោក​អ្នក​អាច​ស្នាក់​អាស្រ័យ​នៅ​ក្នុង​ការិយាល័យ​បរិស្ថាន​ព្រែក​ទាល់​បាន​ជាមួយនឹង​ការ​រៀប​ចំការ​ស្នាក់​នៅ​បែប​សាមញ្ញ ប៉ុន្តែ​ត្រូវ​បង់ថ្លៃ​ចន្លោះ​ពី​១៥​ទៅ​២០​ដុល្លារ ។

សម្រាប់​ការ​ទស្សនា​នៅ​ទីនោះ​អ្នក​អាច​នឹង​ចំណាយ​ច្រើន​បន្តិច ព្រោះ​អ្នក​ត្រូវធ្វើ​ដំណើរ​តាម​ទូក ហើយ​វា​ក៏​មាន​តម្លៃ​មិន​ថោក​ប៉ុន្មាន​នោះ​ទេ ។ មុន​នឹង​ទៅ​ដល់ទី​នោះ​អ្នក​ត្រូវធ្វើ​ដំណើរ​ទៅ​កាន់​កំពង់​ផែ​ចុង​ឃ្នាស ឬ​កំពង់​ផែ​មេ​ជ្រៃ (​អាស្រ័យ​ទៅ​លើ​កម្ពស់​ទឹក​) ហើយ​អ្នក​ត្រូវ​ជួល​ទូក​ទៅ​កាន់​ព្រែក​ទាល់​ដោយ​ចំណាយ​ពី​៤៥​ទៅ​៥០​ដុល្លារ​សម្រាប់​ទូក​មួយ (​អាច​ជិះ​បាន​ពី​៣​ទៅ​៤​នាក់​) ។

ពេល​ទៅ​ដល់ទី​នោះ​អ្នក​ត្រូវ​ចំណាយ​ថ្លៃ​ទូក​តូច​មួយទៀត​ដែល​មាន​តម្លៃ ចន្លោះ​ពី​៣៥​ទៅ​៤៥​ដុល្លារ​សម្រាប់​ការ​ទស្សនា​ព្រៃ និង​សត្វ​ស្លាប (​រយៈពេល​ប្រហែល​មួយ​ម៉ោង​) ។ សម្រាប់​ការ​ចំណាយ​របស់​អ្នក​នៅ​តំបន់​ទេសចរណ៍​ព្រែក​ទាល់ គឺ​មាន​ន័យ​ថា​លោក​អ្នក​បាន​ចូលរួម​ចំណែក​នៅ​ក្នុង​ការ​ជួយ​លើ​វិស័យ​អប់រំ​នៅ​តំបន់​នោះ​ផង​ដែរ »៕ (កែ​សម្រួល​ដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ