ខេត្តស្វាយរៀង ៖ កត់សម្គាល់ថា នេះជាករណីទី៤ហើយ ដែលមានជនរងគ្រោះស្លាប់ ដោយសារឆ្កែឬឆ្មាខាំនៅក្នុងខេត្តស្វាយរៀង ។ ដូច្នេះ សូមប្រជាពលរដ្ឋទាំងអស់មេត្តាប្រុងប្រយ័ត្ន និងឆាប់បញ្ជូនជនរង
គ្រោះ ដែលត្រូវឆ្កែឬឆ្មាខាំទៅមន្ទីរពេទ្យភ្លាមៗតាមដែលអាចធ្វើទៅបាន ដើម្បីពិនិត្យព្យាបាលនិងចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួត ឬចាក់វ៉ាក់សាំងការពារមេរោគសត្វខាំ កុំឲ្យមេរោគរាតត្បាតខ្លាំងទាន់ បើមិនដូចនេះគឺមិនអាចសង្គ្រោះជីវិតបានទេ ៕
គួរបញ្ជាក់ថា មានបុរសម្នាក់ទៀតហើយបានស្លាប់ដោយសារឆ្កែខាំ ។ មូលហេតុដែលឆ្កែខាំនោះ គឺខណៈទៅធ្វើស្រែ ហើយពេលកំពុងជ្រកក្នុងខ្ទមមានឆ្កែមួយក្បាលដេញខាំក្មួយក៏ទៅជួយ ទើបត្រូវឆ្កែខាំដៃរបួស លុះក្រោយមកក៏ស្លាប់ដោយសារការព្យាបាលមិនទាន់ពេលវេលា ។
ករណីឆ្កែខាំនេះ បានកើតឡើងកាលពីថ្ងៃទី១០ខែឧសភា កន្លងទៅ នៅភូមិត្រពាំងត្រាវ ឃុំញរ ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង និងបានស្លាប់កាលពីយប់ថ្ងៃទី២៨ ខែឧសភា គឺរយៈពេលជាង២សប្តាហ៍បន្ទាប់ពីឆ្កែខាំ ។
អ្នកស្រី កើត ចាន់ អាយុ៤៨ឆ្នាំ ត្រូវជាភរិយាជនរងគ្រោះនិយាយថា ប្តីគាត់ឈ្មោះ ទួន សារិទ្ធ អាយុ៥០ឆ្នាំ កាលពីថ្ងៃទី១០ ខែឧសភា បានទៅធ្វើស្រែនៅឯវាល ។ ពេលនោះ មានឆ្កែមួយក្បាលដេញខាំក្មួយ ទើបប្តីគាត់ដែលកំពុងជ្រកក្នុងខ្ទមស្រែយកដំបងដេញវាយឆ្កែនោះ ដើម្បីជួយក្មួយឲ្យផុតពីឆ្កែខាំ តែក៏ត្រូវឆ្កែហក់មកខាំដៃស្តាំគាត់បណ្តាលឲ្យរងរបួស ហើយឆ្កែនោះក៏បោលទៅបាត់ទៅ ។
ប្រភពដដែលរៀបរាប់ទៀតថា ក្រោយពីឆ្កែខាំ ប្តីគាត់មិនបានទៅរកពេទ្យចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួតទេព្រោះយល់ថា ឆ្កែខាំរបួសស្រាលដែរ ។ លុះ១៦ថ្ងៃក្រោយមក គឺនៅថ្ងៃទី២៦ ខែឧសភា ស្រាប់តែប្តីគាត់ចាប់ផ្តើមធ្វើទុក្ខ ដោយមានអាការក្តៅខ្លួន ខ្លាចទឹក ខ្លាចខ្យល់ ហូបអីអត់បាន ហើយក្រុមគ្រួសារក៏បានដឹកទៅមន្ទីរពេទ្យបង្អែកស្វាយទាប ដើម្បីពិនិត្យព្យាបាល ហើយគ្រូពេទ្យបានដាក់សេរ៉ូមឲ្យរួចបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យបង្អែកខេត្ត ។
ពេលទៅដល់មន្ទីរពេទ្យបង្អែកខេត្ត ក៏ត្រូវបានប្រាប់ឲ្យដឹកបន្តទៅមន្ទីរពេទ្យឯរាជធានីភ្នំពេញទៀត ព្រោះថាអាការធ្ងន់ ។ ប៉ុន្តែពេលដឹកទៅដល់មន្ទីរពេទ្យនៅរាជធានីភ្នំពេញ ត្រូវបានគ្រូពេទ្យប្រាប់ថាហួសពេលទៅហើយក៏ដឹកផ្ទះវិញ ហើយនៅថ្ងៃទី២៨ ខែឧសភា វេលាម៉ោង៨និង៣០នាទីយប់ ប្តីគាត់ក៏បានស្លាប់ទៅ ។ (សម្រួលដោយ៖ ស្រីណា)
ចែករំលែកព័តមាននេះ