ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លើក​ពេល​សវនាការ​លើ​សំណុំរឿង​«​ម្តាយ​ខ្ញុំ​លក់​ខ្ញុំ​» ទៅ​ថ្ងៃ​ទី​១៣ ខែមិថុនា​ខាង​មុខ​នេះ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​រសៀល​ថ្ងៃ​ទី​៣០ ខែឧសភា​នេះ​បាន​លើកយក​សំណុំ រឿង​ម្តាយ​ខ្ញុំ​លក់​ខ្ញុំ មក​បើក​សវនាការ​ជំនុំ​ជម្រះក្តី​ដែល​អង្គ​សវនាការ​នោះ​មាន​លោក កូយ សៅ ចៅក្រម​ជំនុំជម្រះ និង​លោក…

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​រសៀល​ថ្ងៃ​ទី​៣០ ខែឧសភា​នេះ​បាន​លើកយក​សំណុំ រឿង​ម្តាយ​ខ្ញុំ​លក់​ខ្ញុំ មក​បើក​សវនាការ​ជំនុំ​ជម្រះក្តី​ដែល​អង្គ​សវនាការ​នោះ​មាន​លោក កូយ សៅ ចៅក្រម​ជំនុំជម្រះ និង​លោក វង្ស ប៊ុ​ន​វិសុទ្ធ ព្រះរាជអាជ្ញា​រង​ជា​តំណាង​អយ្យការ ។

ជន​ត្រូវ​ចោទ​នៅ​ក្នុង​សំណុំរឿង​នេះ​មានឈ្មោះ រ៉ាត់ រ័​ត្ន​មុនី ជា​អ្នក​ផលិត​វី​ដេ​អូ​រឿង ម្តាយ​ខ្ញុំ​លក់​ខ្ញុំ ដែល​បាន​មក​ឈរ​មុខ​រង្វង់​ក្រចកសេះ ដើម្បី​ឲ្យ​អង្គ​សវនាការ​បាន​សាកសួរ​ដេញដោល ។ ជន​ត្រូវ​ចោទ​ត្រូវ​បាន​តំណាង​អយ្យការ​ចោទប្រកាន់​ពី​បទ ញុះញង់​ឲ្យ​មានការ​រើសអើង តាម​មាត្រា​៤៩៦ នៃ​ក្រមព្រហ្មទណ្ឌ​ប្រព្រឹត្ត​កាលពី​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៨ ដែល​ដើមបណ្ដឹង​ក្នុង​សំណុំរឿង​ក្ដី​នេះ​មាន​៤​នាក់ ។

ជនជាប់ចោទ​ឈ្មោះ រ៉ាត់ រ័​ត្ន​មុនី ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃុំខ្លួន ថ្ងៃ​ទី​១៣ ធ្នូ ឆ្នាំ​២០១៨ ។ ក្នុង​សវនាការ​ជនជាប់ចោទ​បាន​បដិសេធ​មិន​ទទួលយក​ការ​ចោទប្រកាន់​នោះ​ទេ ដោយ​អះអាង​ថា អា​ខោ​ន​ហ្វេ​ស​បុក​ដែល​គេ​បង្ហោះ​នោះ​មិនមែន​ជា​របស់​ខ្លួន ហើយ​ខ្លួន​មាន​តួនាទី​គ្រាន់តែ​ជា​អ្នកបកប្រែ​ភាសា​ប៉ុណ្ណោះ ។ សវនាការ​បាន​សាកសួរ​ដេញដោល​រហូត​ដល់​ល្ងាច​ទើប​ចៅក្រម​ជំនុំជម្រះ​ប្រកាស​លើក​ពេល​បន្ត​សវនាការ ទៅ​ថ្ងៃ​ទី​១៣ ខែមិថុនា ខាង​មុខ ដោយ​តម្រូវ​ឲ្យ​ដើមបណ្តឹង​ចូល​មក​តតាំង​គ្នា​នៅ​ពេល​កាត់ក្តី ។

គួរ​ម្លឹ​ក ជនសង្ស័យ​មានឈ្មោះ រ៉ាត់ រ័​ត្ន​មុនី មុខរបរ​ជា​ប្រធាន​សហជីព​កម្មករ​សំណង់ ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ថៃ មាន​ទី​លំ​ផ្ទះ​ជួល​ម្តុំ​វត្ត​អង្គ​តា​មិ​ញ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ និង​មានស្រុក​កំណើត​នៅ​ភូមិ​ឆាយ​រំពាត់ ឃុំ​កន្ទី ស្រុក​បាណ​ន់ ខេត្តបាត់ដំបង ។ ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​សន្តិសុខ​ផ្ទៃក្នុង​ក្រសួងមហាផ្ទៃ​សហការ​ជាមួយ​អាជ្ញាធរ​ថៃ​ចាប់ខ្លួន​នៅ​ប្រទេស​ថៃ ដែល​ជនសង្ស័យ​បាន និង​កំពុង​រៀបចំ​ធ្វើ​វី​សារ​ចេញដំណើរ​ទៅ​កាន់​ប្រទេស​ទី​៣(​ហូ​ឡង់​) ។

បន្ទាប់​មក​ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​សហការ​នាំ​ខ្លួន​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ កាលពី​វេលា​យប់​ថ្ងៃ​ទី​១២ ធ្នូ និង​បាន​បន្ត​នាំ​មក​កាន់​ក្រសួងមហាផ្ទៃ​នៅ​ម៉ោង​១២ យប់​ជ្រៅ ។ លុះ​ព្រឹក​ថ្ងៃ​ទី​១៣ ធ្នូ កម្លាំង​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង បាន​ប្រគល់​ជនសង្ស័យ​ឲ្យ​ទៅ​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អ​និ​តិ​ជន​ដែល​ជា​ម្ចាស់​ករណី ដើម្បី​បន្ត​នីតិវិធី ។ នៅ​ពេល​ចូល​ដល់​សាលាដំបូង ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​នាំ​ឡើង​យ៉ាង​លឿន​ទៅ​កាន់​បន្ទប់​លោក ខៀវ ផល្លា ព្រះរាជអាជ្ញារ​ដែល​កាន់​សំណុំរឿង​នេះ ដើម្បី​ធ្វើការ​សាកសួរ ។ ការ​សាកសួរ​ជនសង្ស័យ​នៅ​ដំណាក់កាល​ស្ថាប័ន បាន​ប្រើ​ពេលវេលា​ច្រើន​ម៉ោង ទើប​មានការ​ចោទប្រកាន់​ជា​ផ្លូវ​ការណ៍ និង​បាន​ចាត់​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ​រហូត​ដល់​ម៉ោង​ប្រមាណ​ជិត​៧​យប់ ថ្ងៃ​ដដែល​ចៅក្រម​ស៊ើបសួរ​បាន​សម្រេច​ឃុំខ្លួន​ជនសង្ស័យ​ដាក់​ពន្ធនាគារ​ព្រៃ​ស​ជា​បណ្តោះអាសន្ន ។

សូម​បញ្ជាក់ នៅ​ពេល​នាំ​ជនសង្ស័យ រ៉ាត់ រ័​ត្ន​មុនី មក​សវនាការ​មាន​ក្រុម​សហគមន៍​បឹង​កក់​ប្រមាណ​បួនដប់​នាក់ និង​ក្រុម​គ្រួសារ ដោយ​ខ្លះ​កាន់​បដា​សុំ​ឲ្យ​ដោះ​ឈ្មោះ រ៉ាត់ រ័​ត្ន​មុនី ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ