ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ទុ​យ ​កត្តា​ផ្ទាល់ខ្លួន​ទើប​ជីវិត​សិល្បៈ​មិនសូវ​លូតលាស់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​ទោះបីជា​ក្នុង​ពេល​បច្ចុប្បន្ន​វិស័យ​សិល្បៈ​ហាក់​មានការ​រីក​ដុះដាល ប៉ុន្តែ​ពិធីករ អតីត​តារាចម្រៀង និង​សម្តែង​លោក​អុឹ​ង រ​ដ្ឋា ហៅ​ទុ​យ មិន​មាន​ពន្លឺ​ជា​ថ្មី​ឡើង​វិញ​ទេ​នៅ​ក្នុង​អាជីព​នេះ ។…

រាជធានី​ភ្នំពេញ ៖ បើ​ទោះបីជា​ក្នុង​ពេល​បច្ចុប្បន្ន​វិស័យ​សិល្បៈ​ហាក់​មានការ​រីក​ដុះដាល ប៉ុន្តែ​ពិធីករ អតីត​តារាចម្រៀង និង​សម្តែង​លោក​អុឹ​ង រ​ដ្ឋា ហៅ​ទុ​យ មិន​មាន​ពន្លឺ​ជា​ថ្មី​ឡើង​វិញ​ទេ​នៅ​ក្នុង​អាជីព​នេះ ។ លោក​ទុ​យ នៅ​តែ​បន្តការងារ​ជា​ពិធីករ​ទូរទស្សន៍​CTN ផ្តាច់​មុខតែ​មួយ​មុខ​ប៉ុណ្ណោះ ។

លោក​អុឹ​ង រ​ដ្ឋា ហៅ​ទុ​យ បាន​កសាង​កេរ្តិ៍ឈ្មោះ​នៅ​ក្នុង​អាជីព​ចម្រៀង និង​សម្តែង​បាន​មួយ​រយៈ​ប៉ុណ្ណោះ ប៉ុន្តែ​វិ​ថី​មួយ​នេះ​បាន​កប់​បាត់​ទៅ​វិញ បន្ទាប់​ពី​លោក​កើត​មាន​បញ្ហា​ផ្ទាល់ខ្លួន​ជា​បន្តបន្ទាប់​។ បច្ចុប្បន្ន​ក្រៅពី​អាជីព​ជា​ពិធីករ​ប្រចាំ​ស្ថានីយទូរទស្សន៍​CTN តែ​មួយ​មុខ​នោះ លោក​មិន​មាន​អ្វី​ផ្សេង​នៅ​ក្នុង​ផ្នែក​សិល្បៈ​ឡើយ បើ​ទោះបីជា​ពេល​នេះ​តារា​រួម​ជំនាន់​ជាមួយ​លោក​ខ្លះ​កំពុង​តែ​កាក់កប​ខ្លាំង​នៅ​អាជីព​សិល្បៈ ។

លោក​អុឹ​ង រ​ដ្ឋា ហៅ​ទុ​យ បាន​អះអាង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា រូប​លោក​គឺជា​បុគ្គលិក​ពេញ​សិទ្ធិ​សម្រាប់​ទូរទស្សន៍​CTN ហេតុនេះ​លោក​មិន​អាច​ចេញ​ទៅ​ណា​ឆ្ងាយ​ពី​ទូរទស្សន៍​មួយ​នេះ​ឡើយ ។ ក្រៅពី​បុគ្គលិក​CTN រូប​លោក​ក៏​មានឈ្មោះ​នៅ​ក្នុង​ការិយាល័យ​ទី​៥​ផ្នែក​សិល្បៈ​នៃ​កងកម្លាំង​ប្រឆាំង​ភេ​វរ​កម្ម ក្នុង​នាម​ជា​នាយទាហាន​មួយ​រូប​ដែរ ។

លោក​ទុ​យ និយាយ​ថា «​ក្នុង​នាម​ជា​បុគ្គលិក​មួយ​រូប​របស់​CTN យើង​ក៏​ពិបាកទៅ​ធ្វើ​អ្វី​ផ្សេង​ទៀត ប៉ុន្តែ​កន្លង​មក​ខ្ញុំ​ក៏​ធ្លាប់​សាកល្បង​រកស៊ី​ផង​ដែរ តែ​ដោយសារ​មិន​មាន​ជំនាញ​ក៏​ខាត ហើយ​ក៏​ឈប់​ទៅ​វិញ ។ ក្នុង​នាម​ជា​អ្នកសិល្បៈ​មួយ​រូប​ខ្ញុំ​ក៏​មាន​បំណង​ចង់​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ថែម​ទៀត​សម្រាប់​អាជីព​មួយ​នេះ​ផង​ដែរ​។ ប៉ុន្តែ​ដោយសារ​ខ្ញុំ​មាន​ភាព​ជាប់​ចិត្តជា​ពិធីករ​ទើប​នៅ​តែ​ក្រាញននាល​នៅ​តែ​ស្ថានីយទូរទស្សន៍​CTN នេះ បើ​ទោះបីជា​មានកម្ម​វិធី​ដែល​ខ្ញុំ​ធ្លាប់​កាន់​ខ្លះ​បាន​បិទ និង​បើក​ឡើង​វិញ​ក៏​ដោយ »​។

លោក​ទុ​យ​រំពឹង​ថា សម្រាប់​ទូរទស្សន៍​ដែល​លោក​កំពុង​តែ​បម្រើ​ការ​នេះ​អាច​នឹង​មានការ​បង្កើត​ឡើង​កម្មវិធី ថ្មី​ៗ​បន្ថែម​ទៀត​នៅ​ចុងឆ្នាំ​នេះ​ឬ​ក៏​ពេល​ណាមួយ​ជាក់​ជា​មិន​ខាង​ឡើយ ។ លោក​បញ្ជាក់​ថា «​យើង​មាន​អាជីព​តែ​ពី​ធី​ករ​នេះ ហើយ​បើ​យើង​Update ទៅ​ជា​តារាចម្រៀង​នោះ​គឺ​ត្រូវ​មើល​ពី​សមត្ថភាព​របស់​យើង​ជា​មុន​សិន ខណៈ​ពេល​កន្លង​មក​ខ្ញុំ​ក៏​ធ្លាប់​ច្រៀង​ដែរ តែ​អាជីព​នេះ​មិន​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ឈាន​ទៅ​មុខ​ឡើយ​»​។
សម្រាប់​បញ្ហា​ដែល​ធ្វើ​ឲ្យ​អាជីព​សិល្បៈ​របស់​លោក​មិនសូវ​លូតលាស់​នោះ លោក​ទុ​យ ដាក់​បញ្ហា​ចោទ​មក​ពី​រូប​លោក​ផ្ទាល់​តែ​ម្តង ព្រោះ​មួយ​រយៈ​ដែល​លោក​មាន​បញ្ហា​លែងលះ​ភរិយា និង​ម្តាយ​ទទួល​មរណភាព លោក​បាន​ចោលការ​ងារ​ស្ទើរ​ទាំងស្រុង ។

ដោយឡែក​សម្រាប់​រឿង​ស្នេហា​វិញ​លោក អុឹ​ង រ​ដ្ឋា បាន​លើក​ឡើង​ថា រហូត​មក​ដល់​វ័យ​ជិត​៤០​ឆ្នាំ​នេះ​លោក​នៅ​មិន​ទាន់​មាន​ស្នេហា​ថ្មី​ទៀត​ឡើយ ប៉ុន្តែ​សម្រាប់​គូ​អនាគត​លោក​កំពុង​ពិចារណា​ដែរ ។ លោក​ថា «​កន្លង​មក​ខ្ញុំ​មិន​ដែល​គិត​រឿង​ស្នេហា​ឡើយ ប៉ុន្តែ​ចូល​មក​ដល់​វ័យ​នេះ​ហាក់​មាន​អារម្មណ៍​ថា​ឯកា និង​ចង់​មានគ្រួសារ​ថ្មី​ផង​ដែរ ក្នុង​ពេល​ដែល​មិត្តភក្តិ​របស់ខ្ញុំ​សុទ្ធតែ​មានកូន​ប្រពន្ធ​អស់ហើយ​»​។

យ៉ាងណា​ក្តី​លោក​ទុ​យ នៅ​តែ​មាន​ភាព​ស្ទាក់ស្ទើរ​នៅឡើយ​ចំពោះ​បញ្ហា​នេះ ដោយសារ​តែ​នៅ​មាន​ភារកិច្ច​ទទួល​រ៉ាប់រង​មើលថែ ប្អូន​ៗ​នៅ​ក្នុង​បន្ទុក បន្ទាប់​ពី​ម្តាយ​របស់​លោក​បាន​ទទួល​មរណភាព ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ