ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ប្រចាំ​ប៉ុស្តិ៍​ទូរទស្សន៍​បំភ្លឺ​រឿង​អ្នក​ប្រដាល់​​បរទេស​មិន​អាជីព​ចូល​សង្វៀន​កម្ពុជា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មក​ទល់​ពេល​នេះ មានការ​លើក​ឡើង​ជុំវិញ​ករណី​ថា កីឡាករ​បរទេស​ដែល​មក​ប្រកួត​នៅ​លើ​សង្វៀន​កម្ពុជា ភាគច្រើន​សុទ្ធតែ​ជា​កីឡាករ​មិន​អាជីព ដែល​ហ្វឹកហាត់​លេង​ៗ​តាម​ក្លិប​ហើយ​មក​ប្រកាស​ថា​គឺជា​កីឡាករ​អាជីព ។ ពាក់ព័ន្ធ​នឹង​ករណី​នេះ មន្ត្រី​២​រូប​បាន​ចេញ​មុខ​បំភ្លឺ​។…

រាជធានី​ភ្នំពេញ ៖ មក​ទល់​ពេល​នេះ មានការ​លើក​ឡើង​ជុំវិញ​ករណី​ថា កីឡាករ​បរទេស​ដែល​មក​ប្រកួត​នៅ​លើ​សង្វៀន​កម្ពុជា ភាគច្រើន​សុទ្ធតែ​ជា​កីឡាករ​មិន​អាជីព ដែល​ហ្វឹកហាត់​លេង​ៗ​តាម​ក្លិប​ហើយ​មក​ប្រកាស​ថា​គឺជា​កីឡាករ​អាជីព ។ ពាក់ព័ន្ធ​នឹង​ករណី​នេះ មន្ត្រី​២​រូប​បាន​ចេញ​មុខ​បំភ្លឺ​។

លោក សេង ក​ដិ​កា អ្នក​រៀបចំ​ព្រឹត្តិការណ៍ Khmer Fight និង​ជា​អ្នក​រៀបចំ​ការ​ប្រកួត​ជ្រើសរើស​ជើង​ឯក​ប្រចាំ​ស​ប្ដា​ហ៍​របស់​ប៉ុស្តិ៍​លេខ​៥​បាន​អះអាង​ថា សម្រាប់​កីឡាករ​អន្តរជាតិ​នៅ​ប៉ុស្តិ៍​លេខ​៥ លោក​ហ៊ាន​ធានា​ថា ពិតជា​កីឡាករ​អាជីព​ចេញពី​ខាង​សហព័ន្ធប្រដាល់​ថៃ ឬ​យ៉ាង​ហោច​ណាស់​ក៏​ជា​កីឡាករ​ដែល​បាន​ហ្វឹកហាត់​ក្នុង​ក្លិប​អាជីព​របស់​ថៃ តែ​មិន​ទាន់​ល្បី​ប៉ុណ្ណោះ ។ លោក​ថា កីឡាករ​ថៃ​ដែល​មក​ប្រកួត​នៅ​កម្ពុជា គឺ​មិន​ខុស​ពី​កីឡាករ​កម្ពុជា​នោះ​ទេ គឺ​មាន​ខ្លាំង​ខ្លះ​ខ្សោយ​ខ្លះ ដើម្បី​ឱ្យ​ស្រប​នឹង​សមត្ថភាព​កីឡាករ​កម្ពុជា កុំ​ខុស​គ្នា​ខ្លាំង​ពេក ។

ជាក់ស្ដែង​តាម​បទ​ពិសោធន៍ កម្ពុជា​មិន​អាច​យក​កីឡាករ​អាជីព​កម្រិត​A មក​ប្រកួត​ជាមួយ​កីឡាករ​កម្ពុជា​កម្រិត A ដូច​គ្នា​បាន​ទេ ដោយសារ​កីឡាករ​ថៃ និង​កម្ពុជា បើ​ស្ថិត​ក្នុង​កម្រិត​ប្រហែល​គ្នា គឺ​ដឹង​តែ​ថៃ​ល្អ​ជាង ដោយសារ​តែ​របប​អាហារ និង​ការ​ហ្វឹកហាត់​របស់​គេ​ដិត​ដល់​ជាង ។ លោក​ថា កម្ពុជា ត្រូវ​យក​កីឡាករ​ថៃ​ដែល​មាន​ប្រវត្តិ​ឡើង​រេញ​តិច​ជាង​កីឡាករ​កម្ពុជា​យ៉ាង​ហោច​១០​ដង​ឱ្យ​ប្រកួត​គ្នា​ទើប​ល្អមើល ។ លោក​ទទួលស្គាល់​ថា កីឡាករ​ថៃ​ដែល​មក​ប្រកួត​នៅ​ក្នុង​ប្រទេស​កម្ពុជា ភាគច្រើន​គឺជា​កីឡាករ​កម្រិត B ឬ C ដោយ​មិន​អាច​ទៅ​យក​កម្រិត​ខ្ពស់​ជាង​នេះ​បាន​ដែរ ដោយសារ​តែ​តម្លៃ​ខ្លួន​ដែល​កម្ពុជា​ផ្ដល់​ឱ្យ​ក៏​បាន​ត្រឹមតែ​រង្វង់​១​ពាន់​ដុល្លារ​ក្នុង​ម្នាក់ ដែល​លោក​ថា​តម្លៃ​នេះ​សម្រាប់​កីឡាករ​កម្ពុជា​គឺ​ខ្ពស់ តែ​សម្រាប់​កីឡាករ​ថៃ​មក​ប្រកួត​នៅ​កម្ពុជា គឺជា​តម្លៃ​ធម្មតា​ប៉ុណ្ណោះ ។

មិន​ខុស​គ្នា​ដែរ​លោក ញាណ សុធី ដែល​ជា​អ្នក​រៀបចំ​កម្មវិធី​ប្រដាល់​អន្តរជាតិ​ប្រចាំ​សង្វៀន​ទូរទស្សន៍​អា​ស៊ី​អាគ្នេយ៍ បាន​អះអាង​ថា សម្រាប់​សង្វៀន​របស់​លោក លោក​ទទួលស្គាល់​ថា កីឡាករ​ខ្លះមក​ប្រកួត​តាម​រយៈ​អ្នក​ធានា​មក ដោយ​មិន​បាន​អនុញ្ញាត​ពី​សហព័ន្ធ​ប្រដាល់​របស់​ថៃ​ទាំង​អស់នោះ​ទេ ដោយ​គេ​ស្ម័គ្រចិត្ត​មក​ប្រកួត​ដោយ​លួចលាក់ ដើម្បី​បាន​លុយ ប៉ុន្តែ​លោក​អាច​និយាយ​បាន​ថា សមាសភាព​ទាំងនោះ មិន​មែន​ជា​អ្នក​ប្រដាល់​គ្មាន​អាជីព ឬ​ជា​អ្នក​ប្រដាល់​តាម​វត្ត​ដូច​ការ​លើក​ឡើង​នោះ​ទេ ។

លោក​ថា អត់​មាន​កីឡាករ​ថ្មី ឬ​កីឡាករ​ហ្វឹកហាត់​ក្រៅ​ការ​ទទួលស្គាល់​សហព័ន្ធ​ប្រដាល់​ថៃ​មក​ប្រកួត​នោះ​ទេ ។ កីឡាករ​ខ្លះ គឺជា​សមាសភាព​ប្រកួត​យក​ខ្សែក្រវាត់​នៅ​ប៉ុស្តិ៍​លេខ​៧​ថៃ ឬ​ប៉ុស្តិ៍​លេខ​៣​ថៃ​ផង ។ លោក​​បន្ត​ទម្លាយ​ថា សម្រាប់​តម្លៃ​ខ្លួន​នៅ​ប៉ុស្តិ៍​របស់​លោក គឺ​កីឡាករ​បរទេស​ម្នាក់ ១​ពាន់​ដុល្លារ ឬ​លើស​នេះ​អាស្រ័យ​តាម​ការ​ចរចា ប៉ុន្តែ​ភាគច្រើន​គឺ​លោក​ហ៊ាន​យក​ក្នុង​តម្លៃ​១​ពាន់​ដុល្លារ តែ​មិនមែន​យក​កីឡាករ​មិន​អាជីព​ទេ ។

លោក​ថា​អ្វី​ដែល​បារម្ភ គឺ​កីឡាករ​កម្ពុជា​សព្វថ្ងៃ​កាន់តែ​ធ្លាក់ដៃ​ជាង​មុន ដោយ​កីឡាករ​កម្ពុជា និង​ថៃ​ឱ្យ​តែ​ដាក់​ប្រកួត​ក្នុង​សមាសភាព​កម្រិត​ប្រកួត​ប្រហែល​គ្នា គឺ​កីឡាករ​កម្ពុជា មិន​អាច​ទៅ​រួច​នោះ​ទេ ។ អុ​ី​ចឹ​ង​ហើយ​ទើប​ពេល​ខ្លះ​លោក​ត្រូវ​បង្ខំចិត្ត​យក​កីឡាករ​ក្មេង​នៅ​ក្នុង​ប្រទេស​ថៃ​ដែល​មានការ​ប្រកួត​មិន​ច្រើន​ឱ្យ​ប្រកួត​ជាមួយ​កីឡាករ​កម្ពុជា ។

លោក ថៃ អ៊ូ អ្នកដឹកនាំ​កីឡាករ​ថៃ និង​បរទេស​ឱ្យមក​ប្រកួត​នៅ​កម្ពុជា បាន​ថ្លែង​បញ្ជាក់​ថា នៅ​ក្នុង​ប្រទេស​ថៃ កីឡាករ​ក៏​មាន​អ្នក​ធ្វើ​ដំឡូង ឬ​ប្រកបការងារ​អី​ផ្សេង​ដូច​តែ​កីឡាករ​កម្ពុជា មិន​ខុស​គ្នា​ទេ ។ ដោយសារ​តែ​កីឡាករ​ខ្លះ​ហ្វឹកហាត់ មិនសូវ​បាន​ដិត​ដល់​ដូច​តែ​កីឡាករ​កម្ពុជា និង​ដោយសារ​តែ​កីឡាករ​ខ្លះ ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​មក​កម្ពុជា ដេក​មិនសូវ​បាន បាយ​មិនសូវ​កើត ពេល​ប្រកួត​ក៏​មាន​សន្លប់​អីចឹង​ទៅ ប៉ុន្តែ​មិនមែន​មាន​ន័យ​ថា យក​កីឡាករ​មិន​អាជីព​មក​ប្រកួត​នោះ​ទេ ។

លោក​ថា តម្លៃ​ខ្លួន​កីឡាករ​បរទេស ដែល​សង្វៀន​ប្រដាល់​នៅ​កម្ពុជា ហ៊ានថ្លៃ​គឺ​រង្វង់​តែ​១​ពាន់​ដុល្លារ ឬ​លើស​នេះ​តិចតួច​ប៉ុណ្ណោះ ដូច្នេះ​មិន​អាច​ឱ្យ​លោក ទៅ​រក​កីឡាករ​លំដាប់​ជម្រើសជាតិ ឬ​ម្ចាស់​ខ្សែក្រវាត់​ដែល​គេ​ស្គាល់​ទូលំទូលាយ​នៅ​ក្នុង​ប្រទេស​ថៃ​ឱ្យមក​ប្រកួត​បាន​ទេ ។ លោក​ថា បើ​យក​កីឡាករ​កម្រិត​ខ្ពស់​របស់​ថៃ​ឱ្យមក​ប្រកួត​បែប​នេះ ក៏​មិន​ងាយ​នឹង​រក​កីឡាករ​កម្ពុជា​ឱ្យ​ប្រកួត​ជាមួយ​បាន​ដែរ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ