ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្តាយ​នាង​ដឹងខ្លួន​ទាន់​ក៏​ស្រែក​…​តែ​ប៉ះ​ចំ​ស្រី​ស្អាត​ហើយ​មាន​ដាក់​ប្រព័ន្ធ GPS មានអី​តាម​រក​ដល់​ឃើញ(មានវីដេអូ)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ និស្សិត​ស្រី​សាលា​ច្បាប់​ម្នាក់​បាន​ទុក​កាបូប​លុយ និង​ទូរស័ព្ទ​នៅ​លើ​ក្បាល​ដំណេក ស្រាប់តែ​ត្រូវ​បាន​ចោរ​ញី​ឈ្មោល​៤​នាក់ ជិះ​ម៉ូតូ​១​គ្រឿង​ទៅ​ធ្វើ​សកម្មភាព​លួច​យក​ទៅ​បាត់ ប៉ុន្តែ​ដោយសារ​តែ​ទូរស័ព្ទ​មាន​ភ្ជាប់​ប្រព័ន្ធ GPS ទើប​នាង​ដឹង​ពី​គោលដៅ ដែល​ជនសង្ស័យ​កំពុង​ស​ង្ងំ​លាក់ខ្លួន…

រាជធានី​ភ្នំពេញ ៖ និស្សិត​ស្រី​សាលា​ច្បាប់​ម្នាក់​បាន​ទុក​កាបូប​លុយ និង​ទូរស័ព្ទ​នៅ​លើ​ក្បាល​ដំណេក ស្រាប់តែ​ត្រូវ​បាន​ចោរ​ញី​ឈ្មោល​៤​នាក់ ជិះ​ម៉ូតូ​១​គ្រឿង​ទៅ​ធ្វើ​សកម្មភាព​លួច​យក​ទៅ​បាត់ ប៉ុន្តែ​ដោយសារ​តែ​ទូរស័ព្ទ​មាន​ភ្ជាប់​ប្រព័ន្ធ GPS ទើប​នាង​ដឹង​ពី​គោលដៅ ដែល​ជនសង្ស័យ​កំពុង​ស​ង្ងំ​លាក់ខ្លួន ។ ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣០ ខែឧសភា ឆ្នាំ​២០១៩ ស្ថិត​នៅ​ក្នុងភូមិ​សំរោង សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

និស្សិត​ស្រី​ម្នាក់​នោះ​ឈ្មោះ គង់ រស្មី អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ ហើយ​នាង គឺជា​ជា​និស្សិត​ឆ្នាំ​ទី​៣ នៅ​សាលា​ច្បាប់ ហើយ​នៅ​ក្នុង​កាបូប​ដែល​ត្រូវ​ជនសង្ស័យ​លួច​នោះ មាន​លុយ​ចំនួន​៥១០​ដុល្លារ និង​១០​ម៉ឺន​រៀល ទូរស័ព្ទ​ចំនួន​៣​គ្រឿង ។ ប៉ុន្តែ​ក្រោយ​ពេល​ចាប់ខ្លួន​ជនសង្ស័យ កាបូប​នោះ​ត្រូវ​បាន​ដកហូត​មក​វិញ តែ​បាត់​លុយ​អស់​ចំនួន​៤០០​ដុល្លារ រក​មិនឃើញ​ឡើយ ហើយ​នគរបាល​កំពុង​សួរ​ជនសង្ស័យ​ពី​រឿង​នេះ​ហើយ ។

ដោយឡែក​ជនសង្ស័យ​ចំនួន​៤​នាក់​រួម​មាន ១- ឈ្មោះ​ហេង សុភា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ត្រពាំង​អណ្តូង សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ២ -​ឈ្មោះ ព្រំ វិបុល ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​សិស្ស មាន​ទីលំនៅ​ភូមិ​សាមគ្គី​៤ សង្កាត់​ត្រពាំង​ក្រសាំង​។ ៣ -​ឈ្មោះ វិ​ន រតនា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ក្រសាំង សង្កាត់​ត្រពាំង​ក្រសាំង ។ ៤-​ឈ្មោះ ជា ស្រី​តី ភេទ​ស្រី អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ជាមួយ​គ្នា​។ ជន​ទាំង​៤​នាក់​នេះ​ត្រូវ​ចាប់ខ្លួន កាលពី​វេលា​ម៉ោង​៣​និង​១០​នាទី​យប់​ទៀប​ភ្លឺ ថ្ងៃ​ដដែល​នៅ​ក្នុងផ្ទះ​សំណាក់ ខូ​យ ឡាក់ តាម​ផ្លូវ​បេតុង ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​បឹង សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

ស្ត្រី​ឈ្មោះ ស៊ុន សុខ​នី អាយុ​៥១​ឆ្នាំ ដែល​ជា​ម្ចាស់ផ្ទះ​កើតហេតុ និង​ត្រូវជា​ម្ដាយ​របស់​និស្សិត​ស្រី​នោះ​បាន​ឲ្យ​ដឹង​ថា សព្វ​ថ្ងៃនេះ​ផ្ទះ​របស់​គាត់​គ្មាន​សុវត្ថិភាព​ទេ ព្រោះ​កំពុង​សាងសង់​មិន​ទាន់​មាន​ទ្វារ​នៅឡើយ ដូច្នេះ​គាត់​ពិបាក​ក្នុង​ការ​ការពារ​ទ្រព្យសម្បត្តិ​ខ្លាំង​ណាស់ ។ ម្យ៉ាងទៀត​នៅ​ក្នុងផ្ទះ​គ្មាន​មនុស្ស​ប្រុស​ជា​ជំហ​ទេ គឺ​មាន​តែ​ស្រី​ៗ៣​នាក់ ក្នុង​នោះ​មាន​រូប​គាត់ ម្ដាយ​គាត់ និង​កូនស្រី​គាត់​ដែល​ជា​និស្សិត​ស្រី​នេះ​ប៉ុណ្ណោះ ហើយ​នៅ​វេលា​យប់​ថ្ងៃ​កើតហេតុ ខណៈ​ពេល​កំពុង​ដេក​លក់ ស្រាប់តែ​ជនសង្ស័យ​ចូល​ទៅ​ធ្វើ​សកម្មភាព​លួច​កាបូប​ដល់​ក្នុងផ្ទះ លុយ និង​ទូរស័ព្ទ​ដែល​ដាក់​នៅ​លើ​ក្បាល​ដំណេក ។ ប៉ុន្តែ​ពេល​នេះ​គាត់​បាន​ភ្ញាក់​ដឹងខ្លួន​ទាន់​ស្ទុះ​ក្រោក​ឡើង​ស្រែក​ឆោឡោ បង្ក​ការ​ភ្ញាក់ផ្អើល​ទាំង​យប់ ហើយ​គាត់​បាន​ដេញ​តាម​ដែរ តែ​ដេញ​មិន​ទាន់ ជនសង្ស័យ​បាន​យក​កាបូប​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​បាត់​ស្រមោល ។

នគរបាល​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​ទូរស័ព្ទ​ប្តឹង​នគរបាល​ប៉ុស្តិ៍​សំរោង​ក្រោម​ឲ្យ​ជួយ​អន្តរាគមន៍ ហើយ​ដោយសារ​ទូរស័ព្ទ​ដៃ​ដែល​ជនសង្ស័យ​លួច​យក​ទៅ​មាន​ភ្ជាប់​ប្រព័ន្ធ GPS ទើប​និស្សិត​ស្រី​មើល​ដឹង​ពី​គោលដៅ​ដែល​ជនសង្ស័យ​កំពុង​ស​ង្ងំ​លាក់ខ្លួន ។ បន្ទាប់​មក​នាង​បាន​សហ​ការណ៍​ជាមួយ​កម្លាំង​នគរបាល​តាម​រហូត​ដល់​ផ្ទះសំណាក់​យីហោ « ខូ​យ ឡាក់ »​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​បឹង សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ ទើប​ចាប់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​បាន​ទាំង​៤​នាក់ និង​ដកហូត​យក​បាន​កាបូប​មក​វិញ ប៉ុន្តែ​ឆែក​មើល​បាត់​លុយ​អស់​ចំនួន​៤០០​ដុល្លារ ។ ទោះជា​យ៉ាងណា​នគរបាល​កំពុង​សាកសួរ និង​កសាង​សំណុំរ​រឿង ដើម្បី​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​ច្បាប់​ហើយ ៕ កែសម្រួលដោយ​៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ