ខេត្តកំពង់ឆ្នាំង ៖ យុវជនម្នាក់បានរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តម៉ាកតាកូម៉ាមួយគ្រឿងបានបុកជាមួយម៉ូតូមួយគ្រឿង រួចរថយន្តនោះបើកគេចអូសទាំងម៉ូតូជាប់នៅពីក្រោមជាង៣គីឡូម៉ែត្រ ហើយក៏ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនបាន។
ហេតុការណ៍ខាងលើបង្កឱ្យមានការភ្ញាក់ផ្អើលបានកើតឡើងកាលពីវេលាម៉ោង៦និង៤០នាទីយប់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ៥ នៅចំណុចមុខស្តូបកម្ពុជា-វៀតណាម ស្ថិតនៅក្នុងភូមិកណ្ដាល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។
តាមប្រភពពីសមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំងបានឱ្យដឹងថា ភាគីខាងម៉ូតូមួយគ្រឿងម៉ាកហុងដា ធុនសេ១២៥ ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ កំពង់ឆ្នាំង ១L-៩៦០២ បើកបរដោយយុវជនឈ្មោះ តែម រតនា អាយុ២១ឆ្នាំ មានទីលំនៅភូមិផ្សារលើ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង បានរងរបួសធ្ងន់ ។ ចំណែកភាគីខាងរថយន្តមួយគ្រឿងម៉ាកតាកូម៉ា ពាក់ស្លាកលេខ កំពង់ឆ្នាំង ២B-៥៥៦៧ បើកបរដោយឈ្មោះ ស្រី ប៉ិនណា ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិទួលខ្សាច់ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ។
សមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំងបានបន្តឱ្យដឹងថា មុនពេលកើតហេតុ មានម៉ូតូមួយគ្រឿង បើកបរដោយយុវជនម្នាក់ ធ្វើដំណើរក្នុងដំណើរពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុក៏មានរថយន្តមួយគ្រឿងទៀតម៉ាកតាកូម៉ា បើកបរដោយបុរសម្នាក់ក្នុងល្បឿនយ៉ាងលឿនក្នុងទិសដៅបញ្ច្រាសគ្នាពីជើងមកត្បូង ហើយរថយន្តនោះក៏បានបុកម៉ូតូយ៉ាងពេញទំហឹងបណ្ដាលឲ្យអ្នកបើកបរម៉ូតូប៉ើងខ្ទាតរងរបួសយ៉ាងធ្ងន់ធ្ងរ ចំណែកម៉ូតូបានជាប់ក្រោម រថយន្តហើយអ្នកបើកបររថយន្តក៏បន្ថែមល្បឿនបើកគេចដោយអូសម៉ូតូរហូតដល់ចំណុចដំរីស ដែលមានចម្ងាយជាង៣គីឡូម៉ែត្រពីកន្លែងកើតហេតុ ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន។
ក្រោយពេលកើតហេតុ អ្នកបើកបរក៏ត្រូវសមត្ថកិច្ចបាននាំខ្លួនទៅកាន់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកដើម្បីកសាងសំណុំរឿងតាមផ្លូវច្បាប់ ចំណែកជនរងគ្រោះត្រូវបានដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង និងបន្តយកទៅសង្គ្រោះនៅរាជធានីភ្នំពេញ ។ ដោយឡែកទាំងម៉ូតូ និងរថយន្តត្រូវបានសមត្ថកិច្ចយកមករក្សាទុក ដើម្បីរង់ចាំការដោះស្រាយជាបន្តទៀត៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ