ខេត្តស្វាយរៀង ៖ បុរសម្នាក់ទៀតហើយបានស្លាប់ដោយសារសត្វឆ្កែខាំ ខណៈទៅធ្វើស្រែ ហើយជ្រកក្នុងខ្ទម ស្រាប់តែមានឆ្កែដេញខាំក្មួយក៏ទៅជួយ តែត្រូវឆ្កែនោះខាំដៃខ្លួនឯងរងរបួស ហើយមិនបានព្យាបាលមិនទាន់ពេលវេលា។ ករណីនេះកើតឡើងកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ នៅភូមិត្រពាំងត្រាវ ឃុំញរ ស្រុកកំពង់រោទិ៍ខេត្តស្វាយរៀង។
តាមសម្តីស្ត្រីឈ្មោះកើត ចាន់ អាយុ៤៨ឆ្នាំ ត្រូវជាប្រពន្ធជនរងគ្រោះឲ្យដឹងថា សពដែលស្លាប់នេះឈ្មោះទួន សារិទ្ធ អាយុ៥០ឆ្នាំ រស់នៅភូមិត្រពាំងត្រាវ ហើយមុនកើតហេតុអំឡុងថ្ងៃទី១០ ឧសភា ប្តីគាត់ទៅធ្វើស្រែ ពេលនោះស្រាប់តែមានសត្វឆ្កែ១ក្បាលដេញខាំក្មួយ ក្រោយមកគាត់ជាពូកំពុងជ្រកក្នុងរោងខ្ទមស្រែបានទាញយកដំបងដេញវ៉ៃឆ្កែដើម្បីជួយក្មួយឲ្យផុតពីឆ្កែខាំ តែបែរជាត្រូវឆ្កែលោតខាំដៃស្តាំគាត់បណ្តាលឲ្យរងរបួស រួចឆ្កែនោះរត់ទៅបាត់ ហើយពូនិងក្មួយបានត្រឡប់មកផ្ទះវិញ។
ប្រភពដដែលបន្ថថា ក្រោយពីឆ្កែខាំប្តីគាត់មក ប្តីគាត់មិនបានទៅពេទ្យចាក់វ៉ាក់សាំងការពារនោះទេ ដោយសាររបួសស្រាលដែរ រហូតដល់១៦ថ្ងៃទើបចាប់ផ្តើមធ្វើទុក្ខ គឺចាប់ពីថ្ងៃទី២៦ ឧសភា គាត់មានអាការៈក្តៅខ្លួន ខ្លាចទឹក ខ្លាចខ្យល់ ហូបអីអត់បាន ហើយក្រុមគ្រួសារក៏ដឹកទៅកាន់មន្ទីពេទ្យបង្អែកស្វាយទាប ដើម្បីពិនិត្យព្យាបាល ។
ប្រភពដដែលបន្តទៀតថា ពេលនោះគ្រូពេទ្យបានពិនិត្យ និងដាក់សេរ៉ូមឲ្យ រួចបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យខេត្ត ប៉ុន្តែពេទ្យប្រាប់ឲ្យដឹកបន្តទៅមន្ទីរពេទ្យរាជធានីភ្នំពេញ លុះដឹកយកទៅដល់ ពេទ្យប្រាប់ថា ហួសពេលហើយមិនទទួល ក៏ដឹកមកដល់ផ្ទះវិញមួយយប់ គឺថ្ងៃទី២៨ ឧសភា ម៉ោង៨និង៣០នាទីយប់ក៏បានស្លាប់បាត់បង់ជីវិតទៅ។
សូមបញ្ជាក់ផងដែរថា នេះជាករណីទី៤ហើយ ដែលមានជនរងគ្រោះស្លាប់ដោយសារសត្វឆ្កែសត្វឆ្មាខាំ។ ដូច្នេះសូមប្រជាពលរដ្ឋទាំងអស់មេត្តាប្រុងប្រយ័ត្ន និងឆាប់បញ្ជូនជនរងគ្រោះដែលត្រូវសត្វឆ្កែ ឬឆ្មាខាំទៅមន្ទីរពេទ្យភ្លាមៗតាមដែលអាចធ្វើទៅបាន ដើម្បីពិនិត្យ និងចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួត ឬចាក់វ៉ាក់សាំងការពារមេរោគដែលមានសត្វខាំកុំឲ្យមេរោគរាតត្បាតខ្លាំង គឺមិនអាចសង្គ្រោះបានទេ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ