ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុន​នឹង​ផ្តល់​ថវិកា​ជិត​២​លាន​ដុល្លារ​អា​មេ​រិ​ក សម្រាប់​អភិវឌ្ឍន៍​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជា​ផ្នែក​មួយ​នៃ​ការ​ជួយ​ដល់​ការ​អភិវឌ្ឍន៍​កំពង់​ផែ​ស្វ​យ័​ត្រ​ក្រុងព្រះសីហនុ ដែល​ជា​កំពង់​ផែ​ទឹក​ជ្រៅ​តែ​មួយ​គត់​របស់​កម្ពុជា​នោះ ប្រទេស​ជប៉ុន​នឹង​ផ្តល់​នូវ​ជំនួយ​ឥត​សំណង​ថ្មី​មួយទៀត នូវ​ទឹកប្រាក់​ចំនួន ២០០​លាន​យ៉េន​ជប៉ុន (​ប្រមាណ​ជិត ២​លាន​ដុល្លារ​អា​មេ​រិ​ក​) សម្រាប់​ការ​អនុវត្ត​កម្មវិធី​អភិវឌ្ឍន៍​សេដ្ឋកិច្ច​និង​សង្គម​-​សាងសង់​ស្ថានីយ៍​កុង​តឺ​ណឺ…

រាជធានី​ភ្នំពេញ ៖ ជា​ផ្នែក​មួយ​នៃ​ការ​ជួយ​ដល់​ការ​អភិវឌ្ឍន៍​កំពង់​ផែ​ស្វ​យ័​ត្រ​ក្រុងព្រះសីហនុ ដែល​ជា​កំពង់​ផែ​ទឹក​ជ្រៅ​តែ​មួយ​គត់​របស់​កម្ពុជា​នោះ ប្រទេស​ជប៉ុន​នឹង​ផ្តល់​នូវ​ជំនួយ​ឥត​សំណង​ថ្មី​មួយទៀត នូវ​ទឹកប្រាក់​ចំនួន ២០០​លាន​យ៉េន​ជប៉ុន (​ប្រមាណ​ជិត ២​លាន​ដុល្លារ​អា​មេ​រិ​ក​) សម្រាប់​ការ​អនុវត្ត​កម្មវិធី​អភិវឌ្ឍន៍​សេដ្ឋកិច្ច​និង​សង្គម​-​សាងសង់​ស្ថានីយ៍​កុង​តឺ​ណឺ នៅ​ខេត្ត​ព្រះ​សីហ​នុ ។

បើ​តាម​ការ​ឲ្យ​ដឹង​លោក លូ គឹ​ម​ឈ​ន់ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​អគ្គនាយក​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ បាន​មាន​ប្រសាសន៍​ថា «​បរិមាណ​កុងតឺន័រ​ឆ្លងកាត់​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ បាន​កើន​ឡើងជា​បន្តបន្ទាប់ ដែល​ទាមទារ​អោយ​កំពង់​ផែ​អន្តរជាតិ​មួយ​នេះ ត្រូវការ​ពង្រីក​វិសាលភាព​បន្ថែម​ទៀត​ដើម្បី​ទទួល​កំណើន​កុងតឺន័រ​ពី​នាវា​ដែល​បាន​ចូល​ចត ក្នុង​ពេល​កំពង់​ផែ​ទឹក​ជ្រៅ​ថ្មី​មួយទៀត​គ្រោង​នឹង​ដាក់​ដំណើរការ​ទទួល​នាវា​កាន់តែ​ធំ​ផង​ដែរ​» ។

ពិធី​ផ្លូវការ​សម្រាប់​ការ​ផ្តល់​នូវ​ជំនួយ​ឥត​សំណង​របស់​ប្រទេស​ជប៉ុន​ខាងលើ​នឹង​ត្រូវធ្វើ​ឡើង​នៅ​ក្នុង​ដំណើរ​ចូលរួម​សន្និសីទ​អន្តរជាតិ​លើក​ទី​២៥ ស្ដី​ពី «​អនាគត​របស់​អាស៊ី​» របស់​សម្ដេច​តេ​ជោ​ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា រយៈពេល ៣ ថ្ងៃ​គិត​ចាប់ពី​ថ្ងៃ​ទី ២៩-៣១ ខែឧសភា នាទី​ក្រុង​តូ​ក្យូ​ប្រទេស​ជប៉ុន ដែល​សម្តេច​តេ​ជោ​បាន​ចាក​ចេញពី​កម្ពុជា​និង​បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា​ចេញ​ទៅ​ជប៉ុន​នៅ​ព្រឹក​ថ្ងៃ​ទី ២៨ ខែឧសភា ម្សិលមិញ​នេះ សម្រាប់​ការ​អញ្ជើញ​បំពេញ​ទស្សនកិច្ច​ការងារ​នៅ​ប្រទេសជប៉ុន ។នៅ​ក្នុង​ឱកាស​នោះ​ផង​ដែរ សម្តេច​តេ​ជោ ក៏​នឹង​មាន​ជំនួប​ផ្លូវការ​ជាមួយ​នាយក​រដ្ឋមន្ត្រី​ជប៉ុន លោក ស៊ី​ន​ហ្ស៊ូ អា​បេ (Shinzō Abe) ហើយ​ក្នុង​ជំនួប​នេះ​នាយក​រដ្ឋមន្ត្រី​ទាំង​ពីរ នឹង​អញ្ជើញ​ធ្វើ​ជា​សាក្សី​នៃ​ពិធី​ចុះហត្ថលេខា​ប្តូរ​សារ ដើម្បី​ទទួល​បាន​ថវិកា​ប្រមាណ​២​លាន​ដុល្លារ​អា​មេ​រិ​ក​ពី​ជប៉ុន ក្នុង​ការ​សាងសង់​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ។ នេះ​បើ​យោង​តាម​ហ្វេ​ស​ប៊ុ​ក​ផេ​ក​ផ្លូវការ​របស់​សម្ដេច តេ​ជោ​ហ៊ុន សែន ចុះ​ថ្ងៃ​ទី ២៨ ខែឧសភា ។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា សម្តេច​នឹង​មាន​ជំនួប​ទ្វេភាគី​ជាមួយ​នាយក​រដ្ឋមន្ត្រី​ជប៉ុន ហើយ​នាយក​រដ្ឋមន្ត្រី​ទាំង​ពីរ នឹង​ធ្វើ​ជា​សាក្សី​ក្នុង​ការ​ចុះហត្ថលេខា​លើ​លិខិត​ផ្លាស់​ប្តូរ​សារ​ព្រមព្រៀង ស្តី​ពី​ការ​ផ្តល់​ជំនួយ​ឥត​សំណង​របស់​ជប៉ុន សម្រាប់​គម្រោង​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​ចំនួន​២ រួម​មាន​៖ ទី​១)- ការ​អនុវត្ត​កម្មវិធី​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម (​សាងសង់​ស្ថានីយ​កុង​តឺ​ណឺ ដែល​មាន​ទឹកប្រាក់ ២០០​លាន​យ៉េន​ជប៉ុន ឬ​ប្រមាណ​ជិត​២​លាន​ដុល្លារ​អា​មេ​រិ​ក និង ទី​២ ការ​អនុវត្ត​គម្រោង​អាហារូបករណ៍​អភិវឌ្ឍន៍​ធនធានមនុ ស្សដែល​មាន​ទឹកប្រាក់ ៣៣៩​លាន​យ៉េន​ជប៉ុន​ឬ​ប្រមាណ ជាង​៣​លាន​ដុល្លារ​អា​មេ​រិ​ក ។

សូម​រម្លឹក​ថា​ថ្នាក់ដឹកនាំ​ប្រទេស​កម្ពុជា​កំពុង​តែ​រៀបចំ​ផែនការមេ (Master Plan) ក្នុង​គោលបំណង​ប្រែក្លាយ​ខេត្ត​ព្រះ​សីហ​នុ ឱ្យទៅ​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​ពហុ​បំណង (Multipurpose Special Economic Zone) ។ ព្រម​ជាមួយ​គ្នា​នោះ​ផង​ដែរ អាជ្ញាធរ​ពាក់ព័ន្ធ​ក៏​បាន​នឹង​កំពុង​ខិតខំ​បង្កើន​គុណភាព​សេវាកម្ម​អោយ​កាន់តែ​ប្រសើរ​ឡើង តាម​រយៈ​ការ​បំពាក់​បន្ថែម​នូវ​គ្រឿងចក្រ​ទំនើប​ៗ ការ​ពង្រឹងសមត្ថភាព និយោជិត​កម្មករ ព្រមទាំង​ការ​បំពាក់​ប្រព័ន្ធ​ស្វ័យប្រវត្តិ សំដៅ​បង្កើន​ល្បឿន​ប្រតិបត្តិការ និង​កាត់​បន្ថយ​ហានិភ័យ​នានា ក៏​ដូច​ជា​ពេលវេលា​របស់​អតិថិជន និង​អ្នក​ប្រើប្រាស់​ផែ ។

លោក ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បានអោយ​ដឹង​ថា បន្ទាប់​ពី​ចំណត​ផែ​ពហុ​បំណង​នៅ​ក្នុង​កំពង់​ផែ​អន្តរជាតិ​ក្រុងព្រះសីហនុ បាន​សម្ពោធ​ដំណើរការ​ជា​ផ្លូវការ ឃើញ​ថា​កំនើន​កុងតឺន័រ​ចូល​ចត នៅ​ក្នុង​កំពង់​ផែ​ហាក់​មាន​កំណើន​គួរ​អោយ​កត់សម្គាល់ ។ ជាក់ស្ដែង ក្នុង​រយៈពេល បី ខែ​ដំបូង​ដើមឆ្នាំ ២០១៩​នេះ បរិមាណ​កុងតឺន័រ​ឆ្លងកាត់​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​មាន​ចំនួន​ជា​១៣​ម៉ឺន TEUs ។ លោក​បន្ត​ថា ដើម្បី​ពង្រីក​វិសាលភាព​នៃ​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវទឹក​អោយ​កាន់តែ​ច្រើន​ថែម​ទៀត​នោះ កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​បាន​ចុះហត្ថលេខា​ប្តូរ​សារ​ជាមួយ​ប្រទេស​ជប៉ុន ដើម្បី​ទទួល​ប្រាក់​កម្ចី សាងសង់​ចំណត​កំពង់​ផែ​ទឹក​ជ្រៅ​ថ្មី​មួយ មាន​ជម្រៅ​ទឹក ១៤​ម៉ែត្រ​កន្លះ​មាន​តម្លៃ​សរុប​ប្រមាណ​២០៣​លាន​ដុល្លារ​អា​មេ​រិ​ក ។ គម្រោង​ចំណត​កំពង់​ផែ​ទឹក​ជ្រៅ​នេះ នឹង​សាងសង់​ចាប់ផ្ដើម​នៅ​ឆ្នាំ ២០២០ និង​គ្រោង​បញ្ចប់​នៅ​ចុងឆ្នាំ ២០២៣ រឺ ដើមឆ្នាំ២០២៤ ។

លោក ស៊ុន ចាន់​ថុ​ល មាន​ប្រសាសន៍​បញ្ជាក់​ថា «​តាម​រយៈ​ចំណត​កំពង់​ផែ​ទឹក​ជ្រៅ​ថ្មី​នេះ នឹង​អនុញ្ញាត​អោយ​នាវា​ធុន​ធំ​ចូល​ចត និង​លើកដាក់​ទំនិញ​បាន ។ មិនតែប៉ុណ្ណោះ​វា​នឹង​អាច​បញ្ចុះតម្លៃ​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវ​សមុទ្រ​នៅ​ក្នុង​ប្រទេស​កម្ពុជា​កាន់តែ​នៅ
ទាប » ។ បើ​តាម​លោក ស៊ិ​ន ច​ន្ធី ប្រធាន​សមាគម​ភ្នាក់ងារ​បញ្ជូន​ទំនិញ​កម្ពុជា បាន​មាន​ប្រសាសន៍​ផង​ដែរ​ថា បច្ចុប្បន្ន​នេះ​មធ្យោបាយ​ដឹក​ជញ្ជូន​ទំនិញ​ដែល​សកម្ម និង​សំខាន់​ជាងគេ​សម្រាប់​កម្ពុជា​នោះ គឹ​ការ​ដឹក​តាម​ផ្លូវទឹក ហើយ​យើង​មាន​កំពង់​ផែ​អន្តរជាតិ​ទឹក​ជ្រៅ​តែ​មួយ​គត់​នៅ​ខេត្ត​ព្រះ​សីហ​នុ ។

លោក​បាន​បន្ត​ថា «​យើង​មាន​មធ្យោបាយ​ដឹក​ជញ្ជូន​ទំនិញ​ចេញ​ក្រៅប្រទេស​មាន​ច្រើន​បែប​ដែរ ដូច​ជា​ផ្លូវអាកាស ផ្លូវគោក និង​ផ្លូវទឹក តែ​ការ​ដឹក​តាម​ផ្លូវទឹក​គឺ​ចំណាយ​អស់​តិច​ជាងគេ ដូច្នេះ​ហើយ​បើសិនជា​រដ្ឋាភិបាល​បាន​អភិវឌ្ឍន៍​បន្ថែម​ទៀត​លើ​មធ្យោបាយ​ដឹក​តាម​ផ្លូវទឹក និង​ការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់​ពី​បណ្ដា​ខេត្ត​ទៅ​កាន់​កំពង់​ផែ បាន​ល្អ នោះ វា​កាន់តែ​ងាយស្រួល​សម្រាប់​អ្នក​ដឹក​ជញ្ជូន​របស់​យើង​» ។ លោក​បាន​បន្ត​ថា ពេល​នេះ​រដ្ឋាភិបាល​បាន​និង​កំពុង​សាងសង់​ផ្លូវ​ល្បឿន​លឿន​មួយ​ហើយ ដែល​ត​ភ្ជាប់​ពី​ភ្នំពេញ ទៅ​កាន់​ខេត្ត​ព្រះ​សីហ​នុ ដូចនេះ​នៅ​ពេល​ដែល​ផ្លូវ​នេះ​រួចរាល់ នឹង​ធ្វើ​ឱ្យ​សកម្មភាព​ដឹក​ជញ្ជូន​ទំនិញ ទៅ​កាន់​កំពង់​ផែ​កាន់តែ​ខ្លាំង​ឡើង​នឹង​អស់​ថ្លៃ​ចំណាយ​កាន់តែ​តិច ដូច្នេះ​កម្ពុជា​អាច​បញ្ជូន​ទំនិញ​ទៅ​ក្រៅប្រទេស​កាន់តែ​ច្រើន​និង​ចំណាយពេល​ខ្លី ។

គួរ​បញ្ជាក់​ថា​យោង​តាម​របាយការណ៍​របស់​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ក្នុង​រយៈ​បី​ខែ​ដំបូង កំពង់​ផែ​នេះ​រកបាន​ចំណូល​ប្រមាណ​៦៩​ពាន់​លាន​រៀល ឬ​ប្រមាណ​ជាង ១៧​លាន​ដុល្លារ​អា​មេ​រិ​ក កើនឡើង​ជាង​១៧​ភាគរយ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​ចាស់ ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ