យោងទៅតាមសារព័ត៌មាន Metro បានឲ្យដឹងថា អ្នកវិទ្យាសាស្ត្របានបង្ហាញឲ្យដឹងពីកត្តាទាំង ៤ ដែលជំរុញឲ្យមនុស្សឆែកមើលស្មាតហ្វូនជាប្រចាំ ។ ក្រុមអ្នកស្រាវជ្រាវមួយមកពីសាកលវិទ្យាល័យ University of Washington បានសម្ភាសន៍ប្រជាជនសាមញ្ញដែលមកពីក្រុមអាយុខុសៗគ្នាដើម្បីស្វែងយល់ពីកត្តាដែលធ្វើឲ្យពួកគេចេះតែចង់ឆែកមើលស្មាតហ្វូនខ្លាំងជាងគេ ។ ជាដំបូងយើងត្រូវទទួលស្គាល់ថាទំនាក់ទំនងដែលយើងមានជាមួយនឹងស្មាតហ្វូនអាចនឹងមានន័យពិតមែន តែខ្លះទៀតក៏បង្កឲ្យខាតបង់ពេលវេលាដែរ ។
អ្នកនាង Alexis Hiniker ដែលជាអ្នកនិពន្ធចូលរួមក្នុងការស្រាវជ្រាវខាងលើ និងជាជំនួយការសាស្ត្រាចារ្យនៅមហាវិទ្យាល័យព័ត៌មានវិទ្យាក្រោមសាកលវិទ្យាល័យ University of Washington បាននិយាយថា «ជាច្រើនឆ្នាំមកនេះ ខ្ញុំបានតាមដានបទពិសោធន៍របស់មនុស្សជាមួយនឹងស្មាតហ្វូន និងស្តាប់ពួកគេនិយាយពីអារម្មណ័ធុញថប់ពេលដែលពួកគេប្រើទូរស័ព្ទរបស់ពួកគេ ។
ពេលដែលពួកយើងសួរថាតើពួកគេគិតថាអ្វីមានន័យជាងគេក្នុងការប្រើប្រាស់ទូរស័ព្ទ ពួកគេនិយាយថាមិនមានអ្វីទេ។ វាពិតជាបានជំរុញដល់ទឹកចិត្តខ្ញុំណាស់។ ដំណោះស្រាយគឺមិនមែនបោះបង់បច្ចេកវិទ្យានេះទេ វាផ្តល់តម្លៃធំណាស់។ ដូច្នេះសំណួរសំខាន់គឺ តើពួកយើងគួរតែជួយគាំទ្រដល់តម្លៃនេះដោយមិននាំយករាល់កត្តាអវិជ្ជមានបានដោយវិធីណា? » ។
អ្នកនាង និងក្រុមអ្នកស្រាវជ្រាវបានសម្ភាសន៍អ្នកប្រើប្រាស់ស្មាតហ្វូនចំនួនបីក្រុមគឺសិស្សវិទ្យាល័យ និស្សិត និងមនុស្សពេញវ័យដែលបានបញ្ចប់កម្រិតបរិញ្ញាប័ត្រ ហើយពួកគេប្រទះឃើញកត្តាចំនួន ៤ ដែលធ្វើឲ្យមនុស្សចង់ប្រើស្មាតហ្វូន ។ ក្នុងនោះរួមមានពេលដែលមិនមានអ្វីធ្វើដូចជាកំពុងតែរងចាំមិត្តភក្តិ មុនពេលធ្វើកិច្ចការដែលមិនចង់ធ្វើ ឬកិច្ចការដែលធ្វើដដែលៗ ពេលដែលឆ្គងឬមិនដឹងនិយាយអ្វី និងពេលដែលទទួលបានសារ ឬ Notification ។
អ្នកស្រាវជ្រាវខាងលើក៏បានប្រាប់ពីវិធីមួយចំនួនដើម្បីជៀសវាងការប្រើប្រាស់ស្មាតហ្វូនញឹកញាប់ដែរ។ វិធីដែលល្អជាងគេគឺការស្វែងយល់បន្ថែមទាក់ទិននឹងមូលហេតុដែលអ្នកប្រើទូរស័ព្ទ ។ អ្នកគួរតែតាមដានពីបទពិសោធន៍ដែលអ្នកមានពេលដែលប្រើកម្មវិធីទូរស័ព្ទនីមួយៗ ហើយផ្តោតសំខាន់តែលើសកម្មភាពដែលមានន័យខ្លាំងសម្រាប់អ្នកដូចជាប្រើប្រាស់ដើម្បីទាក់ទងនឹងមិត្តភក្តិ និងសមាជិកគ្រួសារជាដើម ។ អ្នកក៏អាចតាមដានការប្រើប្រាស់តាមរយៈចំណុចពិសេសៗដែលមានលើស្មាតហ្វូនដូចជា Screen Time របស់ Apple ជាដើម ៕
កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ