ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ចំណាស់​ម្នាក់​មាន​ជំងឺ​ប្រចាំ​កាយ​លើក​ដៃ​សំពះ​សុំ​មេត្តា​ជួយ​ចិញ្ចឹម​គាត់​ផង​!!! (​មាន​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ចំណាស់​ម្នាក់​ត្រូវ​អ្នក​ជិតខាង​ចាត់​ទុក​ថា ជា​ជន​ទុរគត ទោះជា​គាត់​មាន​ប្ដី និង​កូន​ដល់​ទៅ​៤​នាក់​ក្ដី ប៉ុន្តែ​ប្ដី​បាន​សម្រេចចិត្ត​ចាកចោល​គាត់ បាត់​ដំណឹង​មិនដឹង​ជា​ដើរ​អណ្ដែតត្រសែត​ទៅ​ដល់​ណា ស្លាប់​ឬ​ក៏​រស់​ឡើយ​។ ចំណែក​កូនប្រុស​ម្នាក់​ស្លាប់…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ចំណាស់​ម្នាក់​ត្រូវ​អ្នក​ជិតខាង​ចាត់​ទុក​ថា ជា​ជន​ទុរគត ទោះជា​គាត់​មាន​ប្ដី និង​កូន​ដល់​ទៅ​៤​នាក់​ក្ដី ប៉ុន្តែ​ប្ដី​បាន​សម្រេចចិត្ត​ចាកចោល​គាត់ បាត់​ដំណឹង​មិនដឹង​ជា​ដើរ​អណ្ដែតត្រសែត​ទៅ​ដល់​ណា ស្លាប់​ឬ​ក៏​រស់​ឡើយ​។ ចំណែក​កូនប្រុស​ម្នាក់​ស្លាប់ រីឯ​កូនស្រី​ពៅ​ម្នាក់​ទៅ​ធ្វើការ​នៅ​ឯ​ប្រទេស​ថៃ​បាត់​ដំណឹង​ឈឹង ហើយ​កូនប្រុស​ម្នាក់​ទៀត និង​កូនស្រី​ម្នាក់​ផ្សេង​ទៀត​បាន​ទុក​គាត់​ចោល​មិន​ដែល​ទៅ​មើល​គាត់​១​ឆ្នាំ​កន្លង​មក​ហើយ​។

សព្វថ្ងៃ​គាត់​ស្នាក់​នៅ​តែ​ម្នាក់ឯង នៅ​ក្នុង​បន្ទប់​ផ្ទះ​ជួល​មួយ​កន្លែង​ទំហំ​ប្រហែល​៣​ម៉ែត្រ​៤​ជ្រុង​ប៉ុណ្ណោះ ស្ថិត​នៅ​ក្នុងភូមិ​ចាក់​ជ្រូក សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

ហើយ​ការ​រស់នៅ​នោះ ស្ថិត​ក្នុង​ស្ថានភាព​លំបាក​យ៉ាង​ខ្លាំង ដោយសារ​តែ​លោកយាយ​មាន​ជំងឺ​ប្រចាំ​កាយ​ដើរ​មិន​រួច គ្មាន​ប្រាក់​សម្រាប់​ព្យាបាល​ជំងឺ​ទេ រង់​ចាំតែ​ថ្ងៃ​ស្លាប់​មក​ដល់​តែ​ប៉ុណ្ណោះ កុំ​ថា​ឡើយ​ប្រាក់​សម្រាប់​​ព្យាបាល​ជំងឺ​នោះ សូ​ម្បី​តែ​អាហារ​សម្រាប់​ការ​ហូប​ចុក​ក៏​គ្មាន​ផង​។ ចំណែក​ការ​ស្នាក់​នៅ​វិញ បាន​ម្ចាស់ផ្ទះ​ជួល​មិន​យក​ប្រាក់​ជា​រៀង​រាល់​ខែ មិនតែប៉ុណ្ណោះ​ម្ចាស់ផ្ទះ​ជួល រួម​ជាមួយ​អ្នក​ជិតខាង​បាន​ជួយ​ផ្ដល់​បាយ​ទឹក​សម្រាប់​ជា​អាហារ​ប្រចាំ​ថ្ងៃ​ដល់​រូប​គាត់​ថែម​ទៀត​ផង​។

នៅ​ក្នុង​ស្ថានភាព​លំបាក​រក​ទីបំផុត​គ្មាន​បែប​នេះ លោកយាយ​បាន​លើកដៃ​សំពះ​តាម​រយៈ​កាសែត​កោះ​សន្តិភាព​ដ​ង្ហើ​យ​ហៅ​សុំ​ការ​សណ្ដោស​ប្រណី​ពី​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្ដេច​គតិបណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា រួម​ជាមួយ​សប្បុរសជន​នានា មេត្តា​ជួយ​ដល់​លោកយាយ​នូវ​នាទី​ចុង​ក្រោយ​ផង​។

លោកយាយ​ដ៏​កំសត់​ខាងលើ​បាន​និយាយ​ថា លោកយាយ​មិន​ចង់​ស្លាប់​ទេ ចង់​រស់ និង​ចង់​ជា​សះស្បើយ​ពី​ជំងឺ​នេះ​ខ្លាំង​ណាស់ ដើម្បី​បាន​រស់នៅ​ប៉ុន្មាន​ឆ្នាំ​ទៀត​មើល​ការ​អភិវឌ្ឍន៍​របស់​ប្រទេស​ជាតិ​នឹង​គេ ប៉ុន្តែ​ពេល​នេះ​លោកយាយ​គ្មាន​ប្រាក់​សម្រាប់​ព្យាបាល​ជំងឺ​ឡើយ ទើប​សុំ​ឲ្យ​សម្ដេច​ទាំង​ទ្វេ និង​សប្បុរសជន​ជួយ​ដល់​លោកយាយ​ផង​។ កន្លង​មក អាជ្ញាធរ​សង្កាត់​បាន​ជួយ​ផ្ដល់​ជា​អំណោយ​ម្ដង​ដែរ ក្រោយមក​ក៏​ស្ងាត់​ទៅ​វិញ​ដោយ​អាជ្ញាធរ​និយាយ​ថា មិន​មាន​លទ្ធភាព​ជួយ​គាត់​ទៀត​ឡើយ​។

លោកយាយ​រៀបរាប់​បន្ត​ថា លោកយាយ​ឈ្មោះ អៀង សុធី​តា អាយុ​៦៨​ឆ្នាំ មានស្រុក​កំណើត​នៅ​សង្កាត់​លេខ​៤ ក្រុងភ្នំពេញ មាន​ឪពុក​ឈ្មោះ អៀង ស្រឿង និង​អ៊ុំ​ប្រុស​ឈ្មោះ អៀង សាយ ដែល​ពួក​គាត់​ទាំង​២​នាក់​គឺជា​ជាងគំនូរ និង​ចម្លាក់​ព្រះ​វិហារ​ព្រះ​កែវ ។

ព័ត៌មាន​ពិស្តារ​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព ។ (កែ​សម្រួល​ដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ