រាជធានីភ្នំពេញ ៖ រថយន្តដឹកដីមួយគ្រឿងម៉ាកហ៊ីណូបានបើកបោះពួយទៅបុកពីក្រោយរថយន្តដឹកដីមួយគ្រឿងទៀតមិនស្គាល់ម៉ាកដែលកំពុងតែឈប់ចត ហើយម្ចាស់ចូលហូបបាយ បណ្តាលអោយរថយន្តម៉ាកហ៊ីណូរងការខូចខាតខ្ទេចមុខ ហើយអ្នកបើកបររថយន្តម៉ាកហ៊ីណូក៏បានរត់គេចខ្លួនបាត់ ដោយបន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ។ បន្ទាប់ពីកើតហេតុ រថយន្តដឹកដីមួយគ្រឿងដែលមិនស្គាល់ម៉ាកបានបើកចេញទៅបាត់ ។
គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ ចំណុចផ្លូវលេខ៥៩៨ ទល់មុខស្ថានីយ៍ប្រេងឥន្ធនៈមួយកន្លែង ក្នុងសង្កាត់គឺឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ភាគីខាងរថយន្តដឹកដីមួយគ្រឿងម៉ាកហ៊ីណូ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ ៣B-៩៥៨៣ បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ បានគេចខ្លួនបាត់ ។ ចំណែកភាគីខាងរថយន្តដឹកដីមួយគ្រឿងទៀតកំពុងឈប់ចតហើយម្ចាស់ចូលហូបបាយនោះ មិនស្គាល់ម៉ាក និងបើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ បន្ទាប់ពីកើតហេតុ បានបើកចេញទៅបាត់។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេរថយន្តដឹកដីមួយគ្រឿងម៉ាកហ៊ីណូមួយគ្រឿង បានធ្វើដំណើរតាមផ្លូវ៥៩៨ ក្នុងទិសដៅពីត្បូងទៅជើង លុះពេលធ្វើដំណើរមកដល់កន្លែងកើតហេតុខាងលើ មិនដឹងមូលហេតុអ្វីនោះទេ ស្រាប់តែជ្រុលចង្កូតទៅបុកពីក្រោយរថយន្តដឹកដីមួយគ្រឿងផ្សេងទៀតមិនស្គាល់ម៉ាកយ៉ាងពេញទំហឹង ដែលកំពុងតែឈប់ចត ហើយម្ចាស់ចូលហូបបាយ ។
តាមប្រភពព័ត៌មានអោយដឹងទៀតថា នៅក្នុងគ្រោះថ្នាក់នោះដែរ បណ្តាលអោយរថយន្តដឹកដីម៉ាកហ៊ីណូនោះរងការខូចខាតខ្ទេចមុខ ហើយភ្លាមៗនោះអ្នកបើកបររថយន្តបង្កក៏បានរត់គេចខ្លួនបាត់ ។ ដោយឡែករថយន្តដឹកដីមួយគ្រឿងទៀតមិនស្គាល់ម៉ាកដែលត្រូវគេបុក ក៍បានបើកចេញទៅបាត់ផងដែរ។
ក្រោយពេលកើតហេតុ នគរបាលក៍បានចុះទៅដល់កន្លែងកើតហេតុ ហើយម្ចាស់រថយន្តដឹកដីម៉ាកហ៊ីណូ ក៍បានយកឯកសារមកបញ្ជាក់ រួចយករថយន្តនោះទៅជួសជុលដោយខ្លួនឯង ៕
ចែករំលែកព័តមាននេះ