ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លួច​បាន​សប្បាយចិត្ត ដល់​គេ​តាម​ទាន់យំលែងចេញ

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​សហការ​ជាមួយ​កម្លាំង​នគរបាល​អធិការ​ស្រុក​ប្រាសាទបាគង​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ខណៈ​ជិះ​ម៉ូតូ​ធ្វើ​សកម្មភាព (​ឆក់​យក​ទូរស័ព្ទ​) របស់​ជន​រង​គ្រោះ​បាន​កាលពី​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៧​និង​៣០​នាទី​នៅ​ត្រង់​ចំណុច​មុខ​សាលារៀន​ស្វាយ​ធំ ស្ថិត​នៅ​ភូមិ​ជ្រៃ…

ខេត្តសៀមរាប ៖ សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​សហការ​ជាមួយ​កម្លាំង​នគរបាល​អធិការ​ស្រុក​ប្រាសាទបាគង​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ខណៈ​ជិះ​ម៉ូតូ​ធ្វើ​សកម្មភាព (​ឆក់​យក​ទូរស័ព្ទ​) របស់​ជន​រង​គ្រោះ​បាន​កាលពី​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៧​និង​៣០​នាទី​នៅ​ត្រង់​ចំណុច​មុខ​សាលារៀន​ស្វាយ​ធំ ស្ថិត​នៅ​ភូមិ​ជ្រៃ ឃុំ​ក​ណ្តែ​ក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប រួច​នាំ​យក​សួរ​នៅ​ការិយាល័យ​ជំនាញ ដើម្បី​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​ផ្លូវច្បាប់ ។

លោក​ឧត្តមសេនីយ៍ត្រី ភឹង ចិន្តា​រ៉េ​ត ស្នងការ​រង​ទទួល​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ​នៃ​ស្នងការ​នគរបាល​ខេត្ត​បាន​ប្រាប់​ថា ជនសង្ស័យ​ទាំង​ពីរ​នាក់​ដែល​សមត្ថកិច្ច​យើង​ចាប់ខ្លួន​បាន​នោះ​មាន​ទី​១-​ឈ្មោះ រ៉េ​ត មក​រា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ស្រុក​កំណើត​សង្កាត់​អរ​ឬ​ស្សី ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ ស្នាក់​នៅ​បន្ទប់​ជួល​ក្នុងភូមិ​ត្រពាំង​សេះ សង្កាត់​គោក​ចក ក្រុង​-​ខេត្តសៀមរាប ។ ទី​២-​ឈ្មោះ ទីវ ហ៊ុន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​ព្រែក​ព្រះស្តេច ឃុំ​-​ស្រុក​-​ខេត្តបាត់ដំបង មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ជ្រៃ ឃុំ​ក​ណ្តែ​ក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ។

លោក​បាន​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៧​និង​៣០​នាទី​ត្រង់​ចំណុច​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ មុខ​សាលា​បឋម​សិក្សា​ស្វាយ​ធំ ភូមិ​ជ្រៃ ឃុំ​ក​ណ្តែ​ក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប មាន​ជនសង្ស័យ​ចំនួន​ពីរ​នាក់​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ហ្សូ​មឺ​អ៊ិ​ច សេរី​ឆ្នាំ​២០១៧ ពណ៌​ទឹកក្រូច​លាយ​ខៀវ ពាក់​ស្លាក​លេខ​សៀមរាប ១Y-៣៤២២ ជា​អ្នកបើកបរ​ម៉ូតូ​ដោយ​ឈ្មោះ​ទីវ ហ៊ុន និង​ឈ្មោះ រ៉េ​ត មក​រា ជិះ​ខាងក្រោយ​ជា​អ្នក​ធ្វើ​សកម្មភាព​ឆក់ ពេល​ជិះ​ដល់​ចំណុច​កើតហេតុ​ខាងលើ​ឃើញ​ជន​រង​គ្រោះ​ឈ្មោះ​ផ​ន ចាន់​ថា ភេទ​ស្រី អាយុ​២៣​ឆ្នាំ ទីលំនៅ​ភូមិ​គោក​ត្រាច ឃុំ​-​ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​កំពុង​ជិះ​ម៉ូតូ​ពី​កើតមក​លិច​ទិស​ដៅ​ស្របគ្នា ជនសង្ស័យ​បាន​ជិះ​ទៅ​អែបជិត​ជន​រង​គ្រោះ ហើយ​ឈ្មោះ​រ៉េ​ត មក​រា បាន​ធ្វើ​សកម្មភាព​លូក​ឆក់​បាន​ទូរស័ព្ទ​មួយ​គ្រឿង​ម៉ាក Oppo ពណ៌​ក្រហម បាន​សម្រេច ហើយ​ជិះ​គេចខ្លួន​បាត់​។

រហូត​ដល់​វេលា​ម៉ោង​១៦​និង​៣០​នាទី ជនសង្ស័យ​ឈ្មោះ​ទីវ ហ៊ុន បាន​យក​ទូរស័ព្ទ​ដែល​ឆក់​នោះ​យក​បាន​ទៅ​លក់​នៅ​ហាង​ទូរស័ព្ទ​មួយ​កន្លែង នៅ​ម្តុំ​ផ្សារ​ស្វាយ​ធំ​។ កំពុង​តែ​ចរចា​តម្លៃ​ស្រាប់តែ​ម្ចាស់​ទូរស័ព្ទ​ទៅ​ទាន់ ហើយ​ជនសង្ស័យ​ឈ្មោះ​ទីវ ហ៊ុន បាន​ទំលាក់​ទូរស័ព្ទ​ចោល​នៅ​ហាង​លក់​ទូរស័ព្ទ​នោះ​រួច​រត់គេច ប៉ុន្តែ​ជន​រង​គ្រោះ​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ទៅ​ដល់ មើល​កាមេរ៉ា​សុវត្ថិភាព​ក៏​កំណត់​អត្តសញ្ញាណ​បាន ហើយ​ចុះ​ទៅ​ដល់​ផ្ទះ​ជនសង្ស័យ​បាន​នាំ​យក​ជនសង្ស័យ​ឈ្មោះ ទីវ ហ៊ុន មក ដោយ​បាន​សហ​ការណ៍​ជាមួយ​កម្លាំង​ជំនាញ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ហើយ​បន្ត​ចុះ​បង្ក្រាប​ទៅ​យក​បក្សពួក​បាន ម្នាក់​ទៀត​ឈ្មោះ រ៉េ​ត មក​រា ដែល​កំពុង​ដេក​ក្នុង​បន្ទប់​ជួល​ភូមិ​មណ្ឌល​៣ សង្កាត់​ស្ល​ក្រាម ក្រុង​-​ខេត្តសៀមរាប ។

ក្រោយ​ពី​សួរនាំ​រួច​ជនសង្ស័យ​ទាំង​ពីរ​នាក់​បាន​ឆ្លើយ​សារភាព​ថា រូបគេ​ពិតជា​បាន​ធ្វើ​សកម្មភាព​ឆក់​ពិតមែន ។ លោក​បាន​បញ្ជាក់​ទៀត​ថា ជនសង្ស័យ​ទាំង​២​នោះ​មាន​ផ្ទុក​សារធាតុ​ញៀន​ក្នុង​ខ្លួន​ផង​ដែរ ។ បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់ ត្រូវ​បាន​កម្លាំង​ជំនាញ​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តសៀមរាប​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ។ ចំណែក​វត្ថុ​តាង​ត្រូវ​ប្រគល់​ជូន​ម្ចាស់​ដើម​វិញ ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ