ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹង​គេ​ស្រែ​កថា «​ជិះ​ម៉ូតូ​រេ​ពេញ​ផ្លូវ ប្រយ័ត្ន​​ចូល​ឡាន​» ព្រួត​គ្នា​វាយ​ផ្អើល​ស្តុ​ប​ផ្សារ​ដី​ហុយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវជន​៣​នាក់​ព្រួត​គ្នា​វាយ​ប្រតាយប្រតប់​ជាមួយនឹង​បុរស​ម្នាក់​ទៀត​ដែល​កំពុង​ជិះ​ម៉ូតូ​ដឹក​ប្រពន្ធ ដោយសារ​តែ​យុវជន​ទាំង​៣​នាក់​ខឹង​បុរស​ម្នាក់​នោះ​ស្រែក​ប្រាប់​ថា «​ជិះ​ម៉ូតូ​រេ​ពេញ​ផ្លូវ ប្រយ័ត្ន​ជិះ​ម៉ូតូ​ចូល​រថយន្ត​»​។ ហេតុការណ៍​ខាងលើ​បង្ក​ឲ្យ​មាន​ការណ៍​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០១៩ ត្រង់​ចំណុច​ស្តុ​ប​ផ្សារ​ដី​ហុយ…

រាជធានី​ភ្នំពេញ ៖ យុវជន​៣​នាក់​ព្រួត​គ្នា​វាយ​ប្រតាយប្រតប់​ជាមួយនឹង​បុរស​ម្នាក់​ទៀត​ដែល​កំពុង​ជិះ​ម៉ូតូ​ដឹក​ប្រពន្ធ ដោយសារ​តែ​យុវជន​ទាំង​៣​នាក់​ខឹង​បុរស​ម្នាក់​នោះ​ស្រែក​ប្រាប់​ថា «​ជិះ​ម៉ូតូ​រេ​ពេញ​ផ្លូវ ប្រយ័ត្ន​ជិះ​ម៉ូតូ​ចូល​រថយន្ត​»​។

ហេតុការណ៍​ខាងលើ​បង្ក​ឲ្យ​មាន​ការណ៍​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០១៩ ត្រង់​ចំណុច​ស្តុ​ប​ផ្សារ​ដី​ហុយ តាម​បណ្ដោយ​ផ្លូវ​ហាណូយ​កែង​និង​ផ្លូវ​១៩៨៦ ស្ថិត​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។

ភាគី​ខាង​យុវជន​ទាំង​បី​នាក់​ខាងលើ​រួម​មាន ១-​ឈ្មោះ ទិ​ត្យ សុភ​ក្រ័ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជា​កម្មករ​សំណង់ ២- ឈ្មោះ វ៉ា​ន់ ចាន់​ថា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជា​កម្មករ​សំណង់ និង​៣-​ឈ្មោះ សុខ វិសាល ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជា​កម្មករ​សំណង់ ។ យុវជន​ទាំង​៣នាក់​នេះ​ស្នាក់​នៅ​ក្នុងភូមិ​គោក​ឃ្លាង សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ​​ ហើយ​យុវជន​ទាំង​៣​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស៊ុ​យ​ហ្សុ៊​​យ​គី​ស្មា​សរី​វ៉ូ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១AQ-៤២៨៧ ។

ចំណែក​ខាង​ភាគី​ខាង​ប្តី​ប្រពន្ធ​ទាំង​២​នាក់​ខាងលើ ក្នុង​នោះ​បុរសជា​ប្តី​ដែលរងគ្រោះ​ឈ្មោះ ឡ​យ សុធា​រិ​ទ្ធ អាយុ​៣១​ឆ្នាំ ជា​មន្ត្រីរាជការ ស្នាក់​នៅ​ភូមិ​រោងចក្រ សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ និង​ប្រពន្ធ​មិន​ស្គាល់​អត្តសញ្ញាណ​។ ប្តី​ប្រពន្ធ​ទាំង​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក ហុងដា​វ៉េវ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ចាម ១I-២៤៨៣ ។

តាម​ប្រភព​ពី​សមត្ថកិច្ច​មូលដ្ឋាន​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​ប្តី​ប្រពន្ធ​២​នាក់​​ខាងលើ​ជិះ​ម៉ូតូ​មួយ​គ្រឿង ធ្វើ​ដំណើរ​តាម​បណ្ដោយ​ហាណូយ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង លុះ​មក​ដល់​ចំណុច​ផ្លូវ​រថភ្លើង​ដែល​ប្រសព្វ​ជាមួយ​នឹង​ផ្លូវ​ហាណូយ ប្តី​ប្រពន្ធ​ទាំង​២​នាក់​ក៏​បានឃើញ​យុវជន​ទាំង​៣នាក់​ខាងលើ​ជិះ​ម៉ូតូ​មួយ​គ្រឿង​បើកបរ​ក្នុង​ទិស​ដៅ​ស្របគ្នា ក្នុង​ស្ថានភាព​ស្រវឹង ដោយ​បើក​ម៉ូតូ​រេ​ពេញ​ផ្លូវ ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា ពេល​នោះ​បុរស​ជា​ប្តី​ឃើញ​យុវជន​ទាំង៣នាក់​ខាងលើ​ជិះ​ម៉ូតូ​រេ​ពេញ​ផ្លូវ​ពេក ខ្លាចក្រែង​កើត​មាន​គ្រោះថ្នាក់​ចរាចរណ៍​ដល់​ពួក​គេ និង​អ្នក​ដទៃ​ទៀត​នោះ ទើប​បុរស​ជា​ប្តី​បាន​ជិះ​ម៉ូតូ​ទៅ​ក្បែរ​យុវជន​ទាំង​៣​នាក់​នោះ ហើយ​ក៏​ស្រែក​ប្រាប់​ថា «​អា​អូន​អែង​ស្រវឹង​មែន? ជិះ​ម៉ូតូ​រេ​ខ្លាំង​ម្ល៉េះ ប្រយ័ត្ន​ជិះ​ចូល​ឡាន​ណា​អា​អូន​» ។ ភ្លាម​ៗ​នោះ ក៏​មាន​យុវវ័យ​ម្នាក់​ក្នុង​ចំណោម​គ្នា​៣​នាក់​បាន​ឆ្លើយ​មក​វិញ​ថា «​អត់​អី​ទេ​បង មក​ពីរ​វល់​ជាប់​និយាយ​ទូរស័ព្ទ​» បន្ទាប់​មក​បុរស​ជា​ប្តី​រួម​ជាមួយ​ប្រពន្ធ​ក៏​បាន​ជិះ​ម៉ូតូ​ដឹក​គ្នា​បន្តដំណើរ​ទៅ​មុខ​ទៀត​ជា​ធម្មតា​។

តាម​ប្រភព​ដដែល​បន្ត​ទៀត​ថា លុះ​ប្តី​ប្រពន្ធ​ទាំង​២​នាក់​ជិះ​ម៉ូតូ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ក៏​ស្រាប់តែ​យុវជន​ទាំង​បី​នាក់​ខាងលើ​ជិះ​ម៉ូតូ​តាម​មក​ពីក្រោយ​ដែរ ហើយ​ថែម​ទាំង​ស្រែក​ដាក់​ប្តី​ប្រពន្ធ​ទាំង​២​នាក់​នោះ​ថា «​ហ្អែ​ង​ចង់​យ៉ាងម៉េច?» ពេល​នោះ​បុរស​ជា​ប្តី​ក៏​ឈប់ ហើយ​ចុះ​ពីលើ​ម៉ូតូ រួច​ក៏​ត្រូវ​យុវជន​ទាំង​៣នាក់​នោះ​ព្រួត​គ្នា​វាយ ​បណ្តាល​ឲ្យ​បុរសជាប្តី​ជ្រុះ​មួក​សុវត្ថិភាព និង​បាក់​ធ្មេញ​ខាង​មុខ​ចំនួន​ពីរដើម​ ចំណែក​យុវជន​ម្នាក់​ក្នុង​ចំណោម​៣នាក់​​បាន​រង​របួស​រយះ​ដៃ​ខាងស្ដាំ​។ ភ្លាម​ៗ​នោះ​បុរស​ជា​ប្តី​ក៏​បាន​រើស​មួក​សុវត្ថិភាព​របស់​ខ្លួន រួច​ប្រតាយប្រតប់​ទៅ​លើ​យុវជន​ទាំង​៣នាក់​វិញ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​តាម​ផ្លូវ​នាំ​គ្នា​ជួយ​ឃាត់​ស្ទើរ​មិន​ចង់​ជាប់​។ ក្រោយមក​ក៏​មាន​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​ធ្វើការ​អន្តរាគមន៍​នាំ​ទាំង​ភាគី​ខាង​យុវជន​ទាំង​៣​នាក់ និង​ភាគី​ខាង​ប្តី​ប្រពន្ធ​ទាំង​២​នាក់​ទៅ​ធ្វើការ​សាកសួរ​ផង​ដែរ​។

ក្រោយ​ពី​សមត្ថកិច្ច​ធ្វើការ​សួរនាំ យុវជន​ទាំង​៣​នាក់​ខាងលើ​បាន​ឆ្លើយ​ថា ពួក​គាត់​ពិតជា​បាន​វាយ​ទៅ​លើ​បុរស​រង​គ្រោះ​ខាងលើ​ពិតប្រាកដ​មែន គឺ​ព្រោះតែ​ខឹង​បុរស​រង​គ្រោះ​ស្រែក​ជេរ​ថា​ឲ្យ​ពួក​គាត់​។ ដោយឡែក​បុរស​ជា​ប្តី​ដែល​រង​គ្រោះ​បាន​ឆ្លើយ​ថា គាត់​មិន​បាន​ស្រែក​ជេរ​ប្រមាថ​ទៅ​លើ​យុវជន​ទាំង​៣​នាក់​ខាងលើ​នោះ​ទេ គឺ​គាត់​គ្រាន់តែ​មាន​បំណង​ល្អ ព្រោះ​ឃើញ​ស្រវឹង​ជិះ​ម៉ូតូ​រេ​ពេញ​ផ្លូវ​ខ្លាំង​ពេក​។

ក្រោយ​មានការ​សួរនាំ និង​ធ្វើការ​សម្របសម្រួល​ពី​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ភ្នំពេញ​ថ្មីរួចមក​ ទើប​ភាគី​ខាង​យុវជន​ទាំង​៣​នាក់​ដឹង​កំហុស​ក៏​សុំ​ទោស និង​សម្របសម្រួល​ជាមួយ​ភាគី​ខាង​ប្តី​ប្រពន្ធ​ទាំង​២​នាក់​ដែល​រង​គ្រោះ ដោយ​ភាគី​ខាង​យុវជន​ទាំង​៣​នាក់​ចេញ​សង​ថ្លៃ​ព្យាបាល​របួស​ចំនួន​២០០​ដុល្លារ​ឲ្យ​ទៅ​ភាគី​ខាង​ប្តី​ប្រពន្ធ​ដែល​រង​គ្រោះ និង​ធ្វើ​កិច្ចសន្យា​ដើម្បី​បញ្ចប់រឿង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ