ខេត្តប៉ៃលិន ៖ ប្រជាពលរដ្ឋរស់នៅចំណុចអូរកប់អង្ករ ក្នុងភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ មានការលំបាកក្នុងការរស់នៅ ខណៈមានឈ្មួញម្នាក់ឈ្មោះ តាគីម រស់នៅភូមិអូរពឺត សង្កាត់ទួលល្វា ក្រុងប៉ៃលិន បានយកគ្រឿងចក្រទៅជីកកកាយដីជើងភ្នំខាងលើ រួចដឹកលក់យ៉ាងគគ្រឹកគគ្រែង បណ្តាលឱ្យហុយចូលផ្ទះពួកគាត់តាំងពីព្រឹករហូតដល់ល្ងាច ។ ជាក់ស្តែងកាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ ក្រុមឈ្មួញកំពុងសម្រុកជីកកកាយដីជើងភ្នំនៅភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ។
ប្រជាពលរដ្ឋរស់នៅភូមិខាងលើបាននិយាយរិះគន់ខ្លាំងថា អស់រយៈពេលជាង១អាទិត្យហើយ ដែលពួកគាត់ទ្រាំនឹងការហុយធូលីដីចូលក្នុងផ្ទះសម្បែង ពិបាកដកដង្ហើម ។ ប្រភពបន្តទៀតថា សូម្បីតែហូបបាយក៏មិនកើតដែរ គឺហុយចូលបាយសម្លអស់រលីងទាល់តែរថយន្តទាំងអស់នោះសម្រាកដឹកដីពេលបាយថ្ងៃត្រង់ ទើបអាចនាំកូនចៅហូបអាហារកើត ។ ពួកគាត់បញ្ជាក់ថា រហូតមកដល់ពេលនេះ ក្មេងតូចៗជាច្រើននាក់បានក្លាយទៅជាកើតជម្ងឺផ្តាសាយ ក្តៅខ្លួន រលាកបំពង់.ក រលាកផ្លូវដង្ហើមផងដែរ ។
ចំពោះការដឹកដីលក់ បណ្តាលឱ្យហុយបែបនេះពួកគាត់មិនធ្លាប់ឃើញអាជ្ញាធរមូលដ្ឋានចុះត្រួតពិនិត្យ ឬហាមឃាត់នោះឡើយ ដោយមិនគិតខ្វល់ពីសុខភាពប្រជាពលរដ្ឋរស់នៅក្នុងភូមិទាល់តែសោះ ។
ពាក់ព័ន្ធនឹងបញ្ហានេះ លោកគឹម សុខា ប្រធានមន្ទីរបរិស្ថានខេត្តបានឱ្យដឹងថា គ្រឿងចក្រ និងរថយន្តដឹកដីខាងលើជារបស់ឈ្មួញម្នាក់ឈ្មោះ តាគីម ដោយដឹកលក់ឱ្យថៅកែកាស៊ីណូនៅភូមិផ្សារព្រំ និងដឹកលក់ឱ្យគេចាក់ពុះដីឡូតិ៍ ។ លោកបន្តទៀតថា បើសិនជាមានការហុយប៉ះពាល់ប្រជាពលរដ្ឋ នឹងបញ្ជាមន្ត្រីក្រោមឱវាទចុះហាមឃាត់តែម្តង ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ